ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស យល់ឃើញថា ការកំណត់យកវិស័យដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជនពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៥ គឺបានបង្ហាញពីយកចិត្តទុកដាក់ និងគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាត ដ្បិតថា វិស័យដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យមួយដែលផ្សារភ្ជាប់ជាមួយនឹងការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយពិភពលោក។ បើតាមអ្នកជំនាញរូបនេះការកំណត់យកវិស័យដឹកជញ្ជូនជាអាទិភាពក្នុងការអភិវឌ្ឍន៍ អាចដោយសាររាជដ្ឋាភិបាលមើលឃើញពីបញ្ហាប្រឈមរបស់វិស័យនេះ ដែលទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈគោលការណ៍នេះរាជរដ្ឋាភិបាលអាចនឹងកាន់តែបើកទំលាយឱ្យវិស័យឯកជនអាចចូលរួមក្នុងការពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែម ដើម្បីជំរុញឱ្យវិស័យដឹកជញ្ជូននិងភស្តុភារកម្មកម្ពុជាកាន់តែរីកចម្រើនឆាប់រហ័ស។
ជាមួយគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា យល់ឃើញថា ការកំណត់យកវិស័យដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ វានឹងជួយជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ សម្រាប់អ្នកជំនាញរូបនេ ការជំរុញលើការបង្កើត និងពង្រីកផ្លូវថ្នល់ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺជាការបើកច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា ដ្បិតវាអាចជួយសម្រួល និងជំរុញការធ្វើពាណិជ្ជកម្ម បង្កើនភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគថ្មីៗមកកាន់កម្ពុជាបន្ថែមទៀត។
គូរជម្រាបថា បើយោងតាមសេចក្តីសម្រេចស្តីពីការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជនឆ្នាំ២០២៥-២០៣៥ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដោយផ្តោតលើផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភាកម្មជាវិស័យអាទិភាពទី១ ខណៈវិស័យថាមពល និងវិស័យសេវាសាធារណៈដោយផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់ជាវិស័យអាទិភាពជាបន្តបន្ទាប់៕