

ភាពជាដៃគូនេះ នឹងអាចឱ្យអតិថិជនរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ មកទទួលយកប្រាក់កម្ចីពីភ្នាក់ងារទ្រូម៉ាន់នីដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ តាមរយៈការអនុញ្ញាតឱ្យអតិថិជនរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រើប្រាស់ភ្នាក់ងារទ្រូម៉ាន់នី ក្រុមហ៊ុន ទ្រូម៉ាន់នី បាននិងកំពុងជួយលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុតាមរយៈការផ្តល់សេវាធនាគារដល់អ្នកដែលមិនប្រើសេវាធនាគារ ឬមិនទាន់មានសេវាធនាគារប្រើប្រាស់នៅកម្ពុជា។
តាមរយៈការចាប់ដៃគូរួមគ្នារវាងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន ទ្រូម៉ាន់នី គឺដើម្បីធ្វើយ៉ាងណាឱ្យការបង់សងប្រាក់កម្ចីកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន ដែលជួយឱ្យចំណេញពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «ឥឡូវនេះអ្នកដែលមានប្រាក់កម្ចី អាចមកយកប្រាក់កម្ចីរបស់ពួកគេពីភ្នាក់ងារណាមួយរបស់ ទ្រូម៉ាន់នី នៅទូទាំងប្រទេស។ តាមរយៈការចាប់ដៃគូរួមគ្នារវាងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន ទ្រូម៉ាន់នី គឺសង្ឃឹមថាផ្តល់សេវាកម្មចាំបាច់មួយដល់អ្នកដែលត្រូវការប្រាក់កម្ចីសម្រាប់តម្រូវការផ្ទាល់ខ្លួននិងពាណិជ្ជកម្ម»។
បណ្ដាសាខារបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បច្ចុប្បន្នមានទីតាំងនៅរាជធានីភ្នំពេញ សាខាអង្គស្នួល សាខាតាខ្មៅ សាខាគងពិសី និងសាខាកំពង់ស្ពឺ។ សាខាពីរទៀតត្រូវបានរំពឹងថា នឹងបើកនៅឆ្នាំ ២០២៣ខាងមុខ។

ស្ថាបនិក និងអគ្គនាយិកាប្រតិបត្តិ លោកស្រី ឌិត នីតា មានប្រសាសន៍ថា៖ «តាមរយៈការបង្កើតកិច្ចព្រមព្រៀងនេះជាមួយក្រុមហ៊ុនទ្រូម៉ាន់នី យើងសង្ឃឹមថានឹងធ្វើឱ្យប្រាក់កម្ចី និងការសងប្រាក់កម្ចីកាន់តែងាយស្រួលដល់អតិថិជនជាច្រើនរបស់យើង។ យើងក៏កំពុងព្យាយាមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថលដោយធានាថាប្រជាជនកម្ពុជាទូទាំងប្រទេស អាចទាញយកអត្ថប្រយោជន៍ពីសេវាហិរញ្ញវត្ថុ និងផលិតផលកម្ចី និងគំនិតផ្តួចផ្តើមផ្សេងទៀតរបស់យើង»។
កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅថ្ងៃទី ២៨ ខែកញ្ញា។
