ប្រតិបត្តិការយោធារបស់អាម៉េរិក រួមដៃជាមួយអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានឈានចូលដល់សប្ដាហ៍ទី៣ ហើយមកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយបង្ហាញថា នឹងបញ្ចប់នៅពេលណាឱ្យប្រាកដនោះទេ។ សង្គ្រាមនៅអ៊ីរ៉ង់មិនទាន់ចប់ផង ស្រាប់តែប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមកប្រកាសក្ដែងៗថា អាម៉េរិកអាចនឹងវាយយកប្រទេសគុយបា ឱ្យបាន ខណៈគុយបាកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារការហ៊ុមព័ទ្ធរបស់អាម៉េរិក មិនឱ្យប្រទេសនេះទទួលបានការផ្គត់ផ្គង់ប្រេង ដែលបង្កឱ្យមានការដាច់ចរន្តអគ្គិសនីស្ទើរតែពាសពេញផ្ទៃប្រទេស។
ជាការពិតណាស់ ប្រទេសគុយបា ពេលនេះ កំពុងជួបវិបត្តិដាច់ចរន្តអគ្គិសនីទូទាំងប្រទេសដោយសារតែកង្វះខាតប្រេងឥន្ធនៈ ដោយផ្នែកខ្លះ នៃប្រទេសនេះបានបាត់បង់អគ្គិសនីអស់រយៈពេលជាច្រើនម៉ោងក្នុងមួយថ្ងៃ។ ស្ថានភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីការផ្គត់ផ្គង់ប្រេងត្រូវបានកាត់បន្ថយ ដែលជះផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច ការដឹកជញ្ជូន និងទេសចរណ៍។
លោក ត្រាំ បានហៅប្រទេសគុយបាថា ជាប្រទេសដ៏ទន់ជ្រាយ ហើយថា អាម៉េរិក អាចនឹងចុះកិច្ចព្រមព្រៀងជាមួយគុយបាឆាប់ៗនេះ បើមិនដូច្នោះទេ នឹងចាត់វិធានការកាន់តែក្ដៅជាងនេះទៅលើប្រទេសមួយនេះ។
សូមបញ្ជាក់ថា វិបត្តិនេះបានបង្កឱ្យមហាជនផ្ទុះកំហឹងយ៉ាងខ្លាំងឈានដល់ការផ្ទុះការតវ៉ា ដោយសារកង្វះខាតអាហារ ខ្វះប្រេងឥន្ធនៈ និងខ្វះសូម្បីថ្នាំពេទ្យ ដែលទាំងអស់នេះកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងលើរដ្ឋាភិបាលរបស់លោក មីគែល ឌីអាស-កាណែល (Miguel Díaz-Canel)។
សរុបជារួមស្ថានការណ៍ដ៏អាក្រក់នេះបានបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងគុយបា ដោយសារវិបត្តិសេដ្ឋកិច្ច និងសម្ពាធនយោបាយកំពុងតែសង្កត់កប្រទេសដែនកោះមួយនេះយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងឈានដល់ការដួលរលំនៅពេលណាមួយឆាប់ៗខាងមុខនេះ៕
ដោយ: តែម សុខុម