បន្ទាប់ពីបើកប្រតិបត្តិការយោធាពិសេសរបស់សហរដ្ឋអាម៉េរិក ដែលបានឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro និងភរិយារួចមក លោក Stephen Miller ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមានបាននិយាយថា សហរដ្ឋអាម៉េរិក កំពុងធ្វើខ្លួនឱ្យស័ក្ដិសមជាកំពូលមហាអំណាច ហើយធ្វើអ្វីតាមឆន្ទៈរបស់ខ្លួននៅពេលណាដែលចាំបាច់ ជាជាងធ្វើតាមបទដ្ឋាន ឬច្បាប់អន្តរជាតិ។
លោក ដូណាល់ ត្រាំ បានគាំទ្រវោហាសាស្ត្រនេះតាមរយៈសកម្មភាពជាក់ស្ដែង ការគំរាមកំហែង ឬការដាក់សម្ពាធលើប្រទេសនានា ដូចជាប្រទេសកូឡុំប៊ី ប្រទេសម៉ិកស៊ិក និងប្រទេសអ៊ីរ៉ង់ជាដើម ហើយអះអាងថា សហរដ្ឋអាម៉េរិក នឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា ប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលអន្តរកាល។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានអះអាងថា ប្រតិបត្តិការយោធាដែលមានការចូលរួមពីកងកម្លាំងពិសេសប្រមាណ២០០នាក់ និងយន្តហោះ១៥០គ្រឿង បន្ទាប់ពីការរៀបចំផែនការយ៉ាងលម្អិតដើម្បីចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក Nicolás Maduro គឺជាបេសកកម្មអនុវត្តន៍ច្បាប់ ទោះបីប្រតិបត្តិការយោធានេះបានរំលោភលើអធិបតេយ្យភាពរបស់វេណេស៊ុយអេឡា និងដោយគ្មានការអនុម័តពីសភាអាម៉េរិក ជាមុនក៏ដោយ។
ក្រុមអ្នករិះគន់ព្រមានថា យុទ្ធសាស្ត្រនេះបង្កឱ្យមានការចោទជាសំណួរដ៏មុតស្រួចថា តើលោក ដូណាល់ ត្រាំ មានផែនការបែបណាសម្រាប់ប្រទេសវេណេស៊ុយអេឡា? តើចំណាត់ការនេះនឹងត្រូវចំណាយអស់លុយច្រើនកម្រិតណា? តើសភាអាម៉េរិក កំពុងបោះបង់ចោលតួនាទីត្រួតពិនិត្យរបស់ខ្លួនហើយមែនទេ? ទន្ទឹមនេះក៏មានការព្រួយបារម្ភផងដែរថា ចំណង់ចំណូលចិត្តយ៉ាងខ្លាំងរបស់លោក ដូណាល់ ត្រាំ ចំពោះការប្រើចំណាត់ការយោធាអាចពង្រីកដល់កន្លែងផ្សេងទៀតរួមទាំងតំបន់ Greenland ផងដែរ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ចាត់ទុកថា មានសារសំខាន់ជាយុទ្ធសាស្ត្រ។
សរុបជារួមអាណត្តិទី២ របស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺកំពុងងាកចេញយ៉ាងខ្លាំងពីគោលនយោបាយរបស់សហរដ្ឋអាម៉េរិកជាច្រើនទសវត្សរ៍ ដែលធ្លាប់តែផ្អែកលើសម្ព័ន្ធភាព ច្បាប់អន្តរជាតិ និងស្ថាប័នពហុភាគី ហើយពេលនេះកំពុងតែជំនួសវាដោយវិធីសាស្រ្តឯកតោភាគី និងការឈ្លានពាន ដែលផ្តល់អាទិភាពសំខាន់លើអំណាចរបស់អាម៉េរិកច្រើនជាងអ្វីៗទាំងអស់៕
ដោយ: តែម សុខុម