គេនៅមិនទាន់ច្បាស់ទេថា តើរដ្ឋបាលរបស់លោក ត្រាំ នឹងបិទផ្លូវប្រឆាំងនឹងនាវាដឹកប្រេងទាំងនេះយ៉ាងដូចម្តេច ហើយថា តើលោកនឹងបញ្ជាឱ្យឆ្មាំសមុទ្រអាម៉េរិករារាំងនាវាដឹកប្រេងដូច ដែលលោកបានបញ្ជាឱ្យធ្វើកាលពីសប្តាហ៍មុន ឬយ៉ាងណានោះទេ។ ដ្ឋបាលលោក ត្រាំ បានបញ្ជូនកងទ័ពរាប់ពាន់នាក់ និងនាវាចម្បាំងជិត១០គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ១គ្រឿងទៅកាន់តំបន់នោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធ Truth Social របស់លោកថា ដោយសារការលួចទ្រព្យសម្បត្តិរបស់អាម៉េរិក និងហេតុផលជាច្រើនទៀត រួមទាំងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សផងនោះ ដូច្នេះហើយទើបរបបវេណេស៊ុយអេឡា ត្រូវបានកំណត់ថា ជាអង្គការភេរវកម្មបរទេស ហើយលោកក៏បានបញ្ជាឱ្យបិទផ្លូវទាំងស្រុងសម្រាប់នាវាដឹកប្រេងជាប់ទណ្ឌកម្មទាំងអស់ ដែលបានដឹកប្រេងចេញ-ចូល ក្នុងប្រទេសវេណេស៊ុយអេឡា។
ចំណាត់ការរបស់លោក ត្រាំ នេះបានធ្វើឱ្យកិច្ចសន្យាទិញប្រេងឆៅនាពេលអនាគតរបស់សហរដ្ឋអាម៉េរិកកើនឡើងជាង១% ឡើងដល់ជិត៥៦ដុល្លារអាម៉េរិកក្នុង១បារ៉ែលនៅក្នុងការជួញដូរនៅអាស៊ី។ តម្លៃប្រេងបានធ្លាក់ចុះដល់ជាង៥៥ដុល្លារអាម៉េរិកក្នុង១បារ៉ែលនៅថ្ងៃទី១៦ ខែធ្នូ ដែលជាការធ្លាក់ចុះជិតដល់កម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មក៕
ដោយ៖ សុខ មង្គល