ប្រទេសអេស្ប៉ាញ បានរារាំងមិនឱ្យយោធាអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Rota និង Morón សម្រាប់ប្រតិបត្តិការ ដែលទាក់ទងនឹងសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ ដោយសារតែគ្មានជម្រើស សហរដ្ឋអាម៉េរិក បានបង្ខំចិត្តផ្លាស់ទីយន្តហោះយោធាចំនួន១៥គ្រឿង រួមទាំងយន្តហោះចាក់ប្រេងផង ចាកចេញពីមូលដ្ឋានទ័ពទាំងនោះទាំងមួហ្ម៎ងក្នុងចិត្ត។
ដោយមិននៅស្ងៀមលោក ដូណាល់ ត្រាំ បានរិះគន់ប្រទេសអេស្ប៉ាញភ្លាមៗយ៉ាងធ្ងន់ៗ ដោយនិយាយថា លោកអាចកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ ហើយថែមទាំងដាក់ទណ្ឌកម្មអេស្ប៉ាញទៀតផង។ លោក ក៏បានរិះគន់អេស្ប៉ាញដែរថា ប្រទេសនេះមិនចំណាយកញ្ចប់ថវិកាគ្រប់គ្រាន់នោះឡើយសម្រាប់វិស័យការការពារជាតិក្រោមគោលការណ៍ណែនាំរបស់អង្គការបក្សសម្ព័ន្ធយោធា NATO។
អធិការបតីអាល្លឺម៉ង់លោក ហ្វ្រេទ្រិក មើស (Friedrich Merz) បានឆ្លើយតបថា ប្រទេសអេស្ប៉ាញ គឺជាផ្នែកមួយនៃសហភាពអឺរ៉ុប ហើយមិនអាចចាត់ទុកដោយឡែកបានទេនៅក្នុងបញ្ហាពាណិជ្ជកម្ម។ តើលោក ដូណាល់ ត្រាំ ពិតជាអាចកាត់ផ្ដាច់ពាណិជ្ជកម្ម និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអេស្ប៉ាញបានដែរទេ?
ឆ្លើយតបនឹងសំណួរនេះ ក្រុមអ្នកជំនាញផ្នែកច្បាប់បានលើកឡើងថា លោក ត្រាំ អាចនឹងព្យាយាមដាក់ទណ្ឌកម្មពាណិជ្ជកម្មលើអេស្ប៉ាញ ប៉ុន្តែលោកនឹងត្រូវប្រកាសថា ប្រទេសអេស្ប៉ាញ គឺជាការគំរាមកំហែងសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។ អ្នកជំនាញខ្លះនិយាយថា វានឹងពិបាកក្នុងការបង្ហាញអំពីភាពសមហេតុផលណាស់នៅក្នុងការកាត់ផ្ដាច់ពាណិជ្ជកម្ម និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអេស្ប៉ាញ។
ជាការឆ្លើយតប ប្រទេសអេស្ប៉ាញ បាននិយាយថា ខ្លួនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ហើយបានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយទប់ទល់នឹងផលប៉ះពាល់ នៃវិធានការពាណិជ្ជកម្មណាមួយ។
ទិន្នន័យបង្ហាញថា សហរដ្ឋអាម៉េរិកមានអតិរេកពាណិជ្ជកម្មក្នុងទំហំ៤,៨ពាន់លានដុល្លារជាមួយប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០២៥។ សហរដ្ឋអាម៉េរិក នាំចេញប្រេង និងឧស្ម័នទៅកាន់ប្រទេសអេស្ប៉ាញ ខណៈដែលអេស្ប៉ាញ នាំចេញផលិតផលដូចជាប្រេងអូលីវ គ្រឿងបន្លាស់រថយន្ត ដែកថែប និងសារធាតុគីមី។ សម្រាប់ពេលនេះលោក ត្រាំ បានគំរាមចាត់វិធានការ ប៉ុន្តែមិនទាន់មានការប្រកាសដាក់ទណ្ឌកម្មពាណិជ្ជកម្មពេញលេញនៅឡើយទេ៕
ដោយ: តែម សុខុម