លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកងទ័ពអាម៉េរិកជួយអមការពារដំណើរកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រពែក្ស ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ារីកកាន់តែធំ។ ចំណាត់ការនេះមានគោលបំណងរម្ងាប់ភាពជ្រួលច្របល់ក្នុងទីផ្សារប្រេងអន្តរជាតិ បន្ទាប់ពីសង្គ្រាមដ៏ខ្លាំងក្លាបញ្ឆេះឡើងដោយអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឱ្យការដឹកជញ្ជូនប្រេងនៅតំបន់មជ្ឈិមបូព៌ារាំងស្ទះ។ ជាលទ្ធផល ប្រេងបានឡើងថ្លៃយ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ទោះជាយ៉ាងណា អ្នកជំនាញខ្លះមានការសង្ស័យថា ការអមដំណើរដោយយោធា និងការធានារ៉ាប់រងដែលគាំទ្រដោយរដ្ឋាភិបាលអាម៉េរិកនេះអាចគ្រប់គ្រាន់ ដើម្បីបញ្ឈប់ប្រេងកុំឱ្យឡើងថ្លៃបន្ថែមទៀតបានឬយ៉ាងណានោះទេ។
លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ពលរដ្ឋអាម៉េរិកអាចប្រឈមមុខនឹងតម្លៃប្រេងឥន្ធនៈខ្ពស់ក្នុងរយៈពេលខ្លី ហើយវានឹងធ្លាក់ចុះមកវិញនៅពេលសង្គ្រាមបានបញ្ចប់ ដោយលោក ត្រាំ បានបង្ហើបថា តាមផែនការសង្គ្រាមនេះអាចនឹងចាយពេលចន្លោះពី៤ទៅ៥សប្ដាហ៍ប៉ុណ្ណោះ។ ប្រេងហក់ឡើងថ្លៃខ្ពស់អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមទាំងសហរដ្ឋអាម៉េរិកផងដែរ និងអាចប៉ះពាល់ដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាម៉េរិកក្នុងពេលដ៏ខ្លីខាងមុខទៀតផង។
ទន្ទឹមនេះ ឧស្ម័នធម្មជាតិរាវ ក៏បានឡើងថ្លៃយ៉ាងខ្លាំងផងដែរ ខណៈដែលការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ា គំរាមកំហែងដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG ទូទាំងពិភពលោក។ បណ្ដាប្រទេសនៅអាស៊ី ដែលពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិរាវ LNG នៅមជ្ឈិមបូព៌ា រួមទាំងឥណ្ឌា សិង្ហបុរី និងចិន ក៏ប្រឈមមុខនឹងឧស្ម័នធម្មជាតិរាវហក់ឡ់ងថ្លៃខ្ពស់ផងដែរ៕
ដោយ: តែម សុខុម