
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានបង្ហាញផែនការដំឡើងថ្លៃសេវាលើការប្រើប្រាស់កប៉ាល់ដឹកទំនិញនានារបស់មហាយក្សចិន ព្រមទាំងតម្រូវឱ្យមួយចំណែកនៃផលិតផលអាម៉េរិក ត្រូវតែដឹកតាមកប៉ាល់របស់សហរដ្ឋអាម៉េរិក ផងដែរ។
សំណើដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះ ធ្វើឡើងក្រោយពីការស៊ើបអង្កេតពាណិជ្ជកម្មលើការអនុវត្តរបស់ប្រទេសចិន ក្នុងឧស្សាហកម្មនាវាចរណ៍ ឧស្សាហកម្មភ័ស្តុភារកម្ម និងឧស្សាហកម្មផលិតកប៉ាល់ដែលបានចាប់ផ្ដើមក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន។ លទ្ធផលនៃការស៊ើបអង្កេតនោះបានរកឃើញថា រដ្ឋាភិបាលក្រុងប៉េកាំង បានយកប្រៀបលើបណ្ដាប្រទេសជាគូប្រកួតប្រជែងដោយភាពមិនត្រឹមត្រូវ ហើយបានបញ្ជាក់ថា ចាំបាច់ត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ។
ទោះជាយ៉ាងណា ប្រសិនបើត្រូវបានអនុម័តមែននោះ គម្រោងដំឡើងថ្លៃសេវាលើការប្រើប្រាស់កប៉ាល់ដឹកទំនិញចិននេះ អាចនឹងធ្វើឱ្យទំនិញឡើងថ្លៃសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិក ដោយសារថ្លៃដឹកជញ្ជូនកើនឡើង។ ហើយទន្ទឹមនេះ គេក៏មិនច្បាស់ដែរថា គម្រោងដំឡើងថ្លៃសេវាលើការប្រើប្រាស់កប៉ាល់ដឹកទំនិញចិន នេះនឹងគ្រប់គ្រាន់អាចស្ដារឧស្សាហកម្មផលិតកប៉ាល់របស់សហរដ្ឋអាម៉េរិក ដែលបានដាំក្បាលចុះ ឬក៏អត់នោះទេ ទោះបីជាសហរដ្ឋអាម៉េរិក បានអនុវត្តគោលនយោបាយគាំពារនិយមជាយូរមកហើយក៏ដោយ។
ខណៈដែលសហរដ្ឋអាម៉េរិក ឈានមុខគេខាងផលិតនាវាចម្បាំង ហើយអឺរ៉ុប នាំមុខគេខាងផលិតកប៉ាល់ទេសចរណ៍ មហាយក្សចិន កូរ៉េខាងត្បូង និងជប៉ុននាំមុខគេខាងផលិតកប៉ាល់ដឹកទំនិញ ដោយប្រទេសទាំង៣នេះរួមបញ្ចូលគ្នាកាន់កាប់ចំណែកទីផ្សាររហូតដល់ទៅជាង៩០%នៃកប៉ាល់ដឹកទំនិញទាំងអស់នៅទូទាំងពិភពលោក។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេសចិន បានសម្រុកផលិតកប៉ាល់ដឹកទំនិញ និងពង្រីកវិស័យភ័ស្តុភារកម្មរបស់ខ្លួនយ៉ាងគំហុកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយវ៉ាដាច់បណ្ដាគូប្រកួតប្រជែង និងដណ្ដើមកាន់កាប់ចំណែកទីផ្សារបានយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើល។
ទិន្នន័យផ្លូវការបង្ហាញថា ចំណែកទីផ្សារផលិតកប៉ាល់ដឹកទំនិញរបស់មហាយក្សចិន នៅទូទាំងពិភពលោកបានកើនឡើងពីមិនដល់៥% ក្នុងឆ្នាំ១៩៩៩ ឈានរហូតដល់លើស៥០% ក្នុងឆ្នាំ២០២៣។ ហើយពេលនេះមហាយក្សចិន កាន់កាប់រហូតដល់ទៅ១៩%នៃកប៉ាល់ដឹកទំនិញទាំងអស់នៅទូទាំងពិភពលោក និងផលិតបាន៩៥%នៃកប៉ាល់កុងតឺន័រ។
អ្នកជំនាញមើលឃើញថា ការដំឡើងថ្លៃសេវាលើការប្រើប្រាស់កប៉ាល់ដឹកទំនិញចិន នេះអាចជាឱកាសល្អសម្រាប់បណ្ដាក្រុមហ៊ុនផលិតកប៉ាល់ដឹកទំនិញរបស់កូរ៉េខាងត្បូង និងជប៉ុន៕
ដោយ: តែម សុខុម