កោះហ្គ្រីនលែន

លោក ត្រាំ គ្រោងបញ្ជូននាវាមន្ទីរពេទ្យទៅកាន់កោះហ្គ្រីនលែន តែដាណឺម៉ាកថា មិនត្រូវការនោះទេ


រដ្ឋមន្ត្រីការពារជាតិ ដាណឺម៉ាក លោក ត្រូអេល ឡាន់ ពូលសេន (Troels Lund Poulsen) កាលពីថ្ងៃទី២២ ខែកុម្ភៈ បានប្រកាសឆ្លើយតបយ៉ាងដាច់អហង្ការថា ដែនដីហ្គ្រីនលែន មិនត្រូវការជំនួយសុខាភិបាលពីបរទេសនោះទេ។ ចេញមកប្រតិកម្មបែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាម៉េរិក កំពុងបញ្ជូននាវាមន្ទីរពេទ្យខ្នាតធំ ឆ្ពោះទៅកាន់ដែនដីកោះដ៏ធំមួយនេះ ដើម្បីព្យាបាលអ្នកជំងឺ ដែលលោកអះអាងថា ពុំទទួលបានសេវាថែទាំត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន France24។
កោះហ្គ្រីនលែន
ដោយ

ថ្លែងប្រាប់ស្ថានីយទូរទស្សន៍ DR របស់ដាណឺម៉ាក លោក ត្រូអេល ឡាន់ ពូលសេន រដ្ឋមន្ត្រីក្រសួងការពារជាតិ ដាណឺម៉ាក បានបញ្ជាក់ថា ប្រជាជនហ្គ្រីនលែន ទទួលបានការមើលថែទាំសុខភាពយ៉ាងដិតដល់បំផុតរួចស្រេចទៅហើយ។ លោកបានលើកឡើងថា៖«ពលរដ្ឋហ្គ្រីនលែន ទទួលបានសេវាសុខាភិបាលយ៉ាងល្អប្រសើរ ទាំងនៅក្នុងដែនដីហ្គ្រីនលែនផ្ទាល់ និងនៅក្នុងប្រទេសដាណឺម៉ាក សម្រាប់ការព្យាបាលលើឯកទេសពិសេសៗ។ ដូច្នេះវាមិនមានភាពចាំបាច់ណាមួយ សម្រាប់ការផ្ដួចផ្ដើមផ្នែកសុខាភិបាលពីខាងក្រៅនោះឡើយ»។

គួរបញ្ជាក់ថា នៅកោះហ្គ្រីនលែន ក៏ដូចជានៅក្នុងប្រទេសដាណឺម៉ាក ប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ។ បច្ចុប្បន្នមានមន្ទីរពេទ្យតំបន់ចំនួន៥ កំពុងប្រតិបត្តិការនៅទូទាំងកោះអាក់ទិកដ៏ធំល្វឹងល្វើយនេះ រួមទាំងមន្ទីរពេទ្យមជ្ឈមណ្ឌលក្នុងទីក្រុង នូអ៊ុក (Nuuk) ដែលជាបង្អែកដ៏រឹងមាំសម្រាប់អ្នកជំងឺទូទាំងដែនដី។ បន្ថែមលើនេះ រដ្ឋបាលមូលដ្ឋានហ្គ្រីនលែន ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីក្រុង កូប៉េនហាហ្គេន កាលពីដើមខែកុម្ភៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅដាណឺម៉ាកឱ្យកាន់តែប្រសើរឡើង។

ជម្លោះពាក្យសម្តីនេះបានផ្ទុះឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃ​​ទី២១ ខែកុម្ភៈ ថា អាម៉េរិកនឹងបញ្ជូនកប៉ាល់មន្ទីរពេទ្យដ៏ធំមួយទៅកាន់កោះហ្គ្រីនលែន ដើម្បីមើលថែទាំមនុស្សជាច្រើន ដែលកំពុងឈឺ ហើយមិនបានទទួលការព្យាបាលនៅទីនោះ។ លោកថែមទាំងបានបញ្ជាក់យ៉ាងខ្លីថា វាកំពុងចេញដំណើរទៅហើយ។

ការប្រកាសរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃមហិច្ឆតារបស់លោកក្នុងការបង្កើនឥទ្ធិពលលើដែនដីយុទ្ធសាស្ត្រមួយនេះ ខណៈដែលកន្លងមក លោក ធ្លាប់បានបង្ហាញបំណងចង់ទិញយកកោះហ្គ្រីនលែនពីដាណឺម៉ាក ថែមទៀតផង៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


តើបណ្ដាប្រទេសនៅអាស៊ានមានប្រតិកម្មឆ្លើយតបបែបណានៅពេលបងធំអាស៊ានត្រូវការនាវាយក្សផ្ទុកយន្តហោះចម្បាំងនោះ?

ប្រទេសឥណ្ឌូណេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន គ្រោងទិញនាវាយក្សផ្ទុកយន្តហោះចម្បាំង Giuseppe Garibaldi ដែលប្រទេសអ៊ីតាលី ទុកចោលលែ…

គ្រាន់តែនាំចេញត្រីទីឡាព្យ៉ាទៅអាម៉េរិក វៀតណាមអាចកើបលុយបានរហូតដល់ជាង៥០លានដុល្លារក្នុង១ឆ្នាំ

កាលពីឆ្នាំ២០២៥ កន្លងទៅ ក្រុមអ្នកនាំចេញរបស់វៀតណាម កើបចំណូលបានជាង៥០លានដុល្លារពីការនាំចេញត្រីទីឡាព្យ៉ាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក កើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ