ព្រែកជីកប៉ាណាម៉ា

តើមានបញ្ហាអ្វីទើបជំរុញឱ្យលោក ត្រាំ គំរាមដកហូតព្រែកជីកប៉ាណាម៉ា យកមកគ្រប់គ្រងវិញ?


ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍មុនបានគំរាមដកហូតព្រែកជីកប៉ាណាម៉ា ពីប្រទេសប៉ាណាម៉ា យកមកគ្រប់គ្រងវិញ ដោយចោទប្រទេសនេះថា បានយកប្រាក់កម្រៃលើសកម្រិតសម្រាប់ការបើកឆ្លងកាត់ទ្វីបអាម៉េរិកកណ្តាល និងស្ថិតក្រោមឥទ្ធិពលរបស់ចិន។ ប៉ុន្តែការគំរាមដកហូតនេះ បានរងការស្ដីបន្ទោសយ៉ាងខ្លាំងពីប្រធានាធិបតីប៉ាណាម៉ា លោក ចូស រ៉ូល មូលីណូ (Jose Raul Mulino)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ព្រែកជីកប៉ាណាម៉ា
ដោយ

សហរដ្ឋអាម៉េរិក មានចំណែកបង្កើតព្រែកជីកប៉ាណាម៉ាច្រើនជាងគេបំផុត ហើយបានគ្រប់គ្រងព្រែកជីកនេះអស់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែនៅឆ្នាំ១៩៧៧ សហរដ្ឋអាម៉េរិក និងប្រទេសប៉ាណាម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការប្រគល់ព្រែកជីកនេះ ទៅឱ្យប្រទេសប៉ាណាម៉ា គ្រប់គ្រងពេញលេញ នៅក្នុងឆ្នាំ១៩៩៩។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺ​កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រនៅរដ្ឋអារីហ្សូណា ដោយគំរាមដកហូតសិទ្ធិកាន់កាប់ព្រែកជីកនេះ ពីប្រទេសប៉ាណាម៉ា យកមកគ្រប់គ្រងដោយខ្លួនឯងវិញ ដោយលោកបានចោទប្រទេសនេះថា បានយកប្រាក់កម្រៃលើសកម្រិតសម្រាប់នាវាដែលបើកឆ្លងកាត់ព្រែកជីកមួយនេះ និងស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសចិន។

លោក ត្រាំ បាននិយាយថា លោកនឹងមិនអនុញ្ញាតឱ្យព្រែកជីកនេះធ្លាក់ចូលទៅក្នុងដៃមនុស្សមិនត្រឹមត្រូវនោះទេ ដោយចង់សម្តៅទៅលើឥទ្ធិពលរបស់ចិន ដែលកំពុងគ្របដណ្ដប់ទៅលើផ្លូវឆ្លងកាត់សមុទ្រមួយនេះ។ លោក ត្រាំ បានព្រមានថា ព្រែកជីកដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាម៉េរិកនេះ ត្រូវបានប្រគល់ឱ្យប្រទេសប៉ាណាម៉ា និងប្រជាជាតិប៉ាណាម៉ា ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែវាក៏មានលក្ខខណ្ឌត្រូវអនុវត្តតាមមួយចំនួនផងដែរ។ ដូច្នេះហើយប្រសិនបើមិនគោរពតាមទេ នោះអាម៉េរិកនឹងទាមទារឱ្យប៉ាណាម៉ាប្រគល់ព្រែកជីកនេះមកឱ្យអាម៉េរិកគ្រប់គ្រងវិញជាបន្ទាន់តែម្ដង។

ប្រធានាធិបតីប៉ាណាម៉ា លោក ចូស រ៉ូល មូលីណូ ភ្លាមៗនោះក៏បានឆ្លើយតបចំពោះការគំរាមរបស់លោក ត្រាំ នេះថា ឯករាជ្យភាពរបស់ប៉ាណាម៉ា គឺមិនអាចចរចាបានទេ ហើយថា ប្រទេសចិន មិនមានឥទ្ធិពលលើការគ្រប់គ្រងព្រែកជីកនេះឡើយ ហើយលោកក៏បាននិយាយការពារចំពោះការគិតកម្រៃសម្រាប់ការឆ្លងកាត់ព្រែកនេះថា ពួកគេមិនទាន់កំណត់ជាផ្លូវការនៅឡើយទេ។

ប្រទេសចិន មិនបានគ្រប់គ្រង ឬត្រួតត្រាព្រែកជីកនេះទេ ប៉ុន្តែក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន CK Hutchison Holdings ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានគ្រប់គ្រងកំពង់ផែចំនួនពីរដែលស្ថិតនៅច្រកចូលនៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិករបស់ព្រែកជីកនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន ព្រមានចាត់វិធានការលើសេដ្ឋវិទូណា ដែលផ្សព្វផ្សាយធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិន

រដ្ឋាភិបាលចិន បានចេញសេចក្តីណែនាំមួយផ្ញើទៅកាន់ក្រុមហ៊ុនឈ្មួញជើងសា នៅប្រទេសចិន ដោយព្រមានថា សេដ្ឋវិទូណាដែលផ្សព្វផ្សាយពីទិដ្ឋភាពមិនសមរម្យពាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ