សារព័ត៌មានធំៗរួមទាំង AFP ផងនោះ បានរាយការណ៍កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអនុម័តផែនការឈប់បាញ់គ្នា ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលនឹងតម្រូវឱ្យទីក្រុងគៀវ កាត់ទឹកដីមួយចំនួន ដែលបច្ចុប្បន្នគ្រប់គ្រងដោយកងកម្លាំងរបស់រុស្ស៊ី ឱ្យទៅប្រទេសរុស្ស៊ី និងកាត់បន្ថយកម្លាំងយោធារបស់ខ្លួនផងដែរ។
ប្រភពដែលដឹងពីបញ្ហានេះបានឱ្យដឹងថា សហរដ្ឋអាម៉េរិកចង់ឱ្យអ៊ុយក្រែន ទទួលយកចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។ ផែនការថ្មីរបស់អាម៉េរិកនេះរំពឹងថា អ៊ុយក្រែននឹងផ្តល់ទឹកដីមួយផ្នែកនៅភាគខាងកើតអ៊ុយក្រែន ទៅឱ្យទីក្រុងមូស្គូ ជាថ្នូរនឹងការធានាសន្តិសុខរបស់អាម៉េរិក សម្រាប់អ៊ុយក្រែន និងអឺរ៉ុបប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នាពេលអនាគត។
លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានលើកឡើងនៅលើប្រព័ន្ធ X ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តស្វែងរកវិធីសាស្ត្រសក្តានុពលមួយចំនួនសម្រាប់ការបញ្ចប់សង្គ្រាមនេះ ដោយផ្អែកលើទិន្នន័យ ដែលទទួលបានពីភាគីជម្លោះទាំងពីរ។ លោកបានបន្តថា ការបញ្ចប់សង្គ្រាមដ៏ស្មុគស្មាញ និងសាហាវដូចជាសង្គ្រាមនៅអ៊ុយក្រែន ជាដើម តម្រូវឱ្យមានការផ្លាស់ប្តូរគំនិត និងប្រាកដនិយម ហើយការសម្រេចបាននូវសន្តិភាពដ៏យូរអង្វែងនឹងតម្រូវឱ្យភាគីទាំងពីរយល់ព្រមលើសម្បទានដ៏លំបាក ប៉ុន្តែវាជារឿងចាំបាច់។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សឺឡិនស្គី បាននិយាយតាមប្រព័ន្ធតេឡេក្រាមដោយមិនធ្វើអត្ថាធិប្បាយអំពីផែនការសន្តិភាពនេះទេ ប៉ុន្តែលោកបានអំពាវនាវដល់ថ្នាក់ដឹកនាំអាម៉េរិក ឱ្យជួយបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយពេលជាច្រើនឆ្នាំមកនេះ។ លោក បាននិយាយថា មានតែសហរដ្ឋអាម៉េរិក និងលោក ដូណាល់ ត្រាំ ប៉ុណ្ណោះដែលមានកម្លាំងគ្រប់គ្រាន់សម្រាប់បញ្ចប់សង្គ្រាមនេះ៕
ដោយ៖ សុខ មង្គល