អន្តរជាតិ

មេដឹកនាំអាម៉េរិក ចិន និងរុស្ស៊ីអាចជួបជជែកគ្នាត្រីភាគីជាប្រវត្តិសាស្ត្រជុំវិញការរំសាយអាវុធនុយក្លេអ៊ែ


លោក ត្រាំ ថ្លែងថា លោកស្វាគមន៍ជំនួបត្រីភាគីជាមួយមេដឹកនាំចិន និងរុស្ស៊ី ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែ និងពាណិជ្ជកម្ម ប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការ ហើយចិនថាមិនទាន់ត្រៀមខ្លួន។
មេដឹកនាំ
ដោយ

លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៩ ខែតុលា ថា លោកនឹងស្វាគមន៍ជំនួបជាមួយមេដឹកនាំចិន និងរុស្ស៊ី ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែ និងបញ្ហាពាណិជ្ជកម្ម។ ជំនួបនេះអាចនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលគ្រោងប្រព្រឹត្តទៅនៅប្រទេសចិន នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា។ សេតវិមានបានពិភាក្សាអំពីលទ្ធភាពនៃជំនួបនេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈវិមានក្រឹមឡាំង ក៏បានបញ្ជាក់ដែរថា គំនិតនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាកន្លងមក។ ទោះជាយ៉ាងណា មិនទាន់មានការប្រកាសជាផ្លូវការអំពីជំនួបនេះនៅឡើយទេ ហើយក៏មិនច្បាស់ថា ការចរចាបានឈានដល់ដំណាក់កាលណាដែរ។

ប្រសិនបើអាចសម្រេចបានមែន កិច្ចព្រមព្រៀងនោះអាចជួយកាត់បន្ថយហានិភ័យនៃជម្លោះនុយក្លេអ៊ែ និងបើកផ្លូវឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ប៉ុន្តែសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនៅអឺរ៉ុប និងអាស៊ីអាចនឹងបារម្ភថា ក្រុងវ៉ាស៊ីនតោន នឹងចរចាកិច្ចព្រមព្រៀងសំខាន់ៗជាមួយក្រុងប៉េកាំង និងក្រុងមូស្គូ ដោយមិនបានគិតគូរគ្រប់គ្រាន់ពីផលប្រយោជន៍របស់ពួកគេ។ ជំហររបស់លោក ត្រាំ ចំពោះរុស្ស៊ី ក៏បានរងការរិះគន់ផងដែរពីសំណាក់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ដែលព្រមានថា ការបន្ធូរបន្ថយទណ្ឌកម្មអាចធ្វើឱ្យរុស្ស៊ីកាន់តែមានទំនុកចិត្តក្នុងការបន្តសង្គ្រាម។

ចំណែកឯប្រទេសចិនវិញបានបញ្ជាក់ថា ខ្លួនមិនទាន់ត្រៀមខ្លួនចូលរួមការចរចារំសាយអាវុធនុយក្លេអ៊ែត្រីភាគីនៅឡើយទេ ដោយលើកហេតុផលថា ឃ្លាំងអាវុធនុយក្លេអ៊ែរបស់ចិននៅតូចជាងសហរដ្ឋអាម៉េរិក និងរុស្ស៊ីឆ្ងាយណាស់។ សូមបញ្ជាក់ថា មេដឹកនាំមហាអំណាចទាំង៣នេះធ្លាប់ជួបគ្នាដាច់ដោយឡែកពីគ្នា ប៉ុន្តែមិនធ្លាប់មានជំនួបចរចាត្រីភាគីជាផ្លូវការរួមគ្នានោះទេ៕




អត្ថបទបន្ទាប់


កិច្ចប្រជុំ IMF និងធនាគារពិភពលោកបញ្ចប់ ប៉ុន្តែប្រទេសកំពុងអភិវឌ្ឍន៍នៅតែមិនទាន់ទទួលបានដំណោះស្រាយជាក់ស្តែង

កិច្ចប្រជុំកំពូល IMF និងធនាគារពិភពលោកនៅបាងកកបានបិទបញ្ចប់ ដោយមិនទាន់មានដំណោះស្រាយជាក់ស្តែងច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងប្រឈ…

បាតុកម្មកំពុងរុញច្រានរដ្ឋាភិបាលបារាំងឱ្យធ្លាក់ក្នុងជ្រោះបំណុល ឱនភាពថវិកា និងពិចារណាកាត់បន្ថយការចំណាយសាធារណៈ

រលកបាតុកម្មហិង្សានៅបារាំងកំពុងជំរុញបំណុលសាធារណៈ និងឱនភាពថវិកាឱ្យកាន់តែធ្ងន់ធ្ងរ ធ្វើឱ្យថ្លៃដើមនៃការខ្ចីប្រាក់ឡើងខ្ពស់ ប្រាក់អឺរ៉ូធ្លាក់ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ