តាមរយៈវិធានការអន្តរាគមន៍បន្ទាន់នេះ រដ្ឋាភិបាល បានតម្រូវឱ្យធនាគារកាត់បន្ថយអត្រាការប្រាក់កម្ចីពី១,៥% ទៅ២% សម្រាប់អាជីវកម្មក្នុងវិស័យអាទិភាព ព្រមទាំងតម្រូវឱ្យកាត់បន្ថយអត្រាការប្រាក់លើប្រាក់បញ្ញើសន្សំមានពេលកំណត់ចាប់ពី៦ខែឡើងទៅ យ៉ាងហោចណាស់០,៥%ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Business Times បានរាយការណ៍ថា ធនាគារកណ្តាលវៀតណាម បានចេញសារាចរណែនាំកាលពីថ្ងៃទី១៨ ខែតុលា ដោយបង្គាប់ឱ្យធនាគារពាណិជ្ជទាំងអស់ចៀសវាងដាច់ខាតនូវការប្រកួតប្រជែងដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើសន្សំ ឬការប្រកួតប្រជែងមិនស្មោះត្រង់ផ្សេងទៀត ដែលអាចអង្រួនស្ថិរភាពហិរញ្ញវត្ថុ និងសន្តិសុខរូបិយវត្ថុជាតិ។
វិធានការក្តៅទាំងនេះត្រូវបានដាក់ចេញ បន្ទាប់ពីមានការអំពាវនាវជាបន្តបន្ទាប់ពីសំណាក់ថ្នាក់ដឹកនាំកំពូល ដើម្បីជំរុញឱ្យមានឥណទានថោកជាងមុនសម្រាប់ទីផ្សារ។ ក្នុងនោះរួមមានទាំងបទបញ្ជាផ្ទាល់ពីអគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋលោក តូ ឡឹម (To Lam) កាលពីថ្ងៃទី១៥ ខែតុលា ដែលបានដាស់តឿនឱ្យទម្លាក់អត្រាការប្រាក់កម្ចីភ្លាមៗ ដើម្បីស្រោចស្រង់អាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច។
សម្ពាធថ្មីនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពតានតឹងរវាងមហិច្ឆតារបស់រដ្ឋក្នុងការជំរុញសេដ្ឋកិច្ចឱ្យស្ទុះហក់ឡើង និងប្រព័ន្ធធនាគារ ដែលកំពុងជួបវិបត្តិក្នុងការប្រមូលទុន ដើម្បីទ្រទ្រង់ការផ្តល់កម្ចី។ ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចវៀតណាម បានកើនឡើងជាង៩% ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦ បន្ទាប់ពីបានស្ទុះងើបឡើងវិញរហូតជិតដល់២ខ្ទង់នៅក្នុងត្រីមាសទី៣។ រដ្ឋាភិបាលវៀតណាម កំពុងកំណត់គោលដៅសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដោយចង់បានកំណើនប្រចាំឆ្នាំជាមធ្យមប្រមាណ១០% រហូតដល់ចុងឆ្នាំ២០៣០ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ និងការពង្រីកឥណទានជាបន្តបន្ទាប់។
គួរជម្រាបថា គិតត្រឹមចុងខែកញ្ញា ទំហំឥណទានសរុបរបស់ធនាគារនៅវៀតណាម បានហក់ឡើងដល់ប្រមាណ៨០០ពាន់លានដុល្លារអាម៉េរិក មានការកើនឡើងជិត១២% បើធៀបនឹងដើមឆ្នាំ២០២៦ នេះ៕
អត្ថបទៈ សួន ឡង់ទី