
បើគ្មានអ្វីប្រែប្រួលទេ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងប្រកាសពីការដាក់ពន្ធគយទ្វេភាគីលើប្រទេសផ្សេងៗ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដែលលោកចាត់ទុកជាថ្ងៃរំដោះសេដ្ឋកិច្ចអាម៉េរិក ចេញពីគំនាបអតិរេកពាណិជ្ជកម្ម បន្ទាប់ពីលោកបានយកពន្ធលើអាលុយមីញ៉ូម ដែក និងរថយន្ត និងដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន រួចមក។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ ថា ពន្ធគយទ្វេភាគីដែលលោកគ្រោងប្រកាសនេះ នឹងផ្តោតលើប្រទេស ដែលនាំទំនិញចូលទៅកាន់ទីផ្សារអាម៉េរិក ទាំងអស់ ពោលគឺមិនមែនផ្តោតតែលើប្រទេសប្រមាណ១០ ទៅ១៥ ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយសហរដ្ឋអាម៉េរិក នោះទេ។
ការបញ្ជាក់របស់លោក ត្រាំ បែបនេះទំនងជាចង់ឆ្លើយតបចំពោះអ្វី ដែលទីប្រឹក្សាសេដ្ឋកិច្ចប្រចាំសេតវិមានលោក ខេវិន ហាសេត (Kevin Hassett) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox Business ក្នុងពេលថ្មីៗថា ពន្ធគយរបស់លោក ត្រាំ នឹងផ្តោតលើប្រទេសពី១០ ទៅ១៥ ដែលមានអតុល្យភាពពាណិជ្ជកម្មជាមួយអាម៉េរិកធំៗតែប៉ុណ្ណោះ ប៉ុន្តែលោកមិនបានប្រាប់ឈ្មោះប្រទេសទាំងនោះទេ។
តែយ៉ាងណាលោក ត្រាំ បានអះអាងថា លោកនឹងយកពន្ធគយទ្វេភាគីចំពោះប្រទេសទាំងឡាយណា ដែលបានយកពន្ធលើការនាំចេញរបស់សហរដ្ឋអាម៉េរិក ដោយសន្យាថានឹងធ្វើឱ្យមានសមតុល្យពន្ធជាមួយនឹងប្រទេសទាំងនោះ។
សម្រាប់លោក ត្រាំ វិធានការដាក់ពន្ធគយទ្វេភាគីនេះ ជាមធ្យោបាយមួយ ដើម្បីការពារសេដ្ឋកិច្ចក្នុងស្រុកពីការប្រកួតប្រជែងជាសកល ដែលមិនយុត្តិធម៌ និងជាបន្ទះឈីបចរចាមួយដើម្បីទាមទារឱ្យមានលក្ខខណ្ឌល្អប្រសើរសម្រាប់សហរដ្ឋអាម៉េរិក។ ប៉ុន្តែវិធាននេះបានបង្កឱ្យមានក្តីបារម្ភក្នុងការធ្វើឱ្យកើតមានសង្គ្រាមពាណិជ្ជកម្ម និងបង្កើតការភ័យខ្លាចពីការកើតមានវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាម៉េរិក៕
អត្ថបទ៖ សុខ មង្គល