កាលពីចុងសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានធ្វើឱ្យផ្អើលពិភពលោកទាំងមូល បន្ទាប់ពីលោកបានសម្រេចដំឡើងពន្ធគយ២៥% ដូចគ្នាលើទំនិញនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក និងដំឡើងពន្ធគយ១០% លើទំនិញនាំចូលពីប្រទេសចិន ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៤ ខែកុម្ភៈ តទៅ។ ពិភពលោកមើលឃើញថា វិធានការនេះ គឺក្ដៅខ្លាំងជាងវិធានការដែលលោក ដូណាល់ ត្រាំ បានដាក់ចេញកាលពីអំឡុងអាណត្តិកាន់អំណាចទី១របស់លោកទៅទៀត។
ក្រោយការប្រកាសវិធានការនេះ ប្រទេសម៉ិកស៊ិក កាណាដា និងប្រទេសចិន បានផ្ទុះប្រតិកម្មតបភ្លាមៗ ដោយក្នុងនោះនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានចេញមកប្រកាសវិធានការសងសឹកវិញប្រឆាំងលើទំនិញរបស់សហរដ្ឋអាម៉េរិក តាមរយៈការដំឡើងពន្ធ២៥% លើទំនិញរបស់អាម៉េរិក ដូចគ្នារាប់ចាប់តាំងពីភេសជ្ជៈ គ្រឿងស្រវឹង រហូតដល់សម្ភារ និងឧបករណ៍ផ្សេងៗ។
ទន្ទឹមនេះ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី ក្លូឌា សាញបំ (Claudia Sheinbaum) បានបញ្ជាឱ្យរដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ិកស៊ិក អនុវត្តវិធានការយកពន្ធរួមទាំងវិធានការក្នុងទម្រង់ផ្សេងទៀត ដើម្បីការពារផលប្រយោជន៍ប្រទេសលោកស្រី។ ទោះជាយ៉ាងណា លោកស្រី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកស្រីគ្មានបំណងស្វែងរកការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាម៉េរិកនោះឡើយ ប៉ុន្តែចង់បានកិច្ចសហប្រតិបត្តិការ និងការសន្ទនា។
ចំណែកឯប្រទេសចិន ឯណោះវិញបានប្រកាសថា ខ្លួននឹងប្ដឹងសហរដ្ឋអាម៉េរិក ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO ដោយអះអាងថា ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយជំរុញឱ្យសហរដ្ឋអាម៉េរិកចូលតុចរចាដោយភាពស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការ។
លោក ដូណាល់ ត្រាំ បានចាត់ទុកការដំឡើងពន្ធគយរបស់លោកថា ជាឧបករណ៍ដ៏មានឥទ្ធិពល និងជារឿងដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន ប៉ុន្តែយុទ្ធសាស្រ្តនេះ គឺមានហានិភ័យខ្ពស់ណាស់ ព្រោះវានឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់រហូតដល់ទៅ១,៤ទ្រីលានដុល្លារអាម៉េរិកឯណោះ ហើយវានឹងធ្វើឱ្យទំនិញផ្សេងៗរាប់ចាប់ពីរថយន្ត គ្រឿងទេស និងប្រេងឥន្ធនៈជាដើម ហក់ឡើងថ្លៃ ដែលជាលទ្ធផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទូទៅ។
លើសពីនេះ ចំណាត់ការនេះក៏អាចប៉ះពាល់ដល់ទីផ្សារការងារ ទីផ្សារហិរញ្ញវត្ថុ និងគោលនយោបាយរបស់ធនាគារកណ្ដាលអាម៉េរិក ផងដែរ ដោយអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនបានព្រមានថា អាចនឹងធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកដាំក្បាលចុះ៕
ដោយ: តែម សុខុម