កិច្ចព្រមព្រៀងបើកផ្លូវនាំចេញស្បៀងអ៊ុយក្រែន

ប្រទេសទួរគីអះអាងថា កិច្ចព្រមព្រៀងបើកផ្លូវនាំចេញស្បៀងអ៊ុយក្រែននឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយ


ប្រទេសរុស្ស៊ី អ៊ុយក្រែន ទួគី និងអង្គការសហប្រជាជាតិ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅសប្តាហ៍ក្រោយនេះ ក្នុងគោលបំណងបន្តការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលបានជាប់គាំងអស់ពេលជាយូរខែមកហើយនោះ ទៅតាមច្រកសមុទ្រខ្មៅ ឡើងវិញ។
កិច្ចព្រមព្រៀងបើកផ្លូវនាំចេញស្បៀងអ៊ុយក្រែន

ប៉ុន្តែប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា នេះមិនទាន់ជាជោគជ័យដុំកំភួនអ្វីឡើយ ពោលគឺនៅមានផ្លូវដ៏វែងឆ្ងាយទៀត ដែលភាគីទាំងអស់ត្រូវធ្វើការរួមគ្នា ពិសេសមិនមែនតែនៅលើបញ្ហានាំចេញស្បៀងនោះទេ ពោល គឺវានៅមានកិច្ចការច្រើនទៀត ទើបអាចមានកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមមួយនេះតែម្តង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីការពារជាតិទួរគីលោក ហ៊ូលូស៊ី អាការ(Hulusi Akar) បាននិយាយថា កិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយនេះរួមមាន ការត្រួតពិនិត្យរួមគ្នា​មុនការដឹកជញ្ជូនទំនិញចេញពីកំពង់ផែ រួមទាំងការ ធានារបស់ទួគីលើសុវត្ថិភាពអំឡុងពេលដឹកជញ្ជូនស្បៀង និងគ្រាប់ធញ្ញជាតិតាមផ្លូវទឹក​នៃ​សមុទ្រខ្មៅ។ បន្ថែមពីលើនេះ ប្រទេសទួរគីក៏នឹងបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យ និងសម្របសម្រួល​ជាមួយប្រទេសអ៊ុយក្រែន រុស្ស៊ី និងអង្គការសហប្រជាជាតិ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ និងស្បៀងអាហារដទៃទៀតរបស់អ៊ុយក្រែនផងដែរ។

ភាគីទួរគីហាក់បង្ហាញសុទិដ្ឋិនិយមខ្លាំង​ណាស់សម្រាប់ កិច្ច​ព្រមព្រៀងមួយនេះ ក៏ប៉ុន្តែសម្រាប់ប្រមុខដឹកនាំអង្គការសហប្រជាជាតិវិញ គឺលោក Guterres ហាក់មាន​ការ​​ប្រយ័ត្នប្រយែង​បន្តិច នៅពេលនិយាយជាមួយអ្នកកាសែត។ លោកបានប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោកសង្ឃឹម​ថា​នឹង​អាច​មាន​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ នៅ​សប្តាហ៍​ក្រោយនេះ។ លោក Guterres បន្ថែមដូច្នេះថា៖ «ខ្ញុំ​មាន​សុទិដ្ឋិនិយម ប៉ុន្តែ​វា​មិន​ទាន់​សម្រេច​បាន​ពេញលេញ​នៅ​ឡើយ​ទេ។»

ដោយឡែក ក្រៅតែពីកិច្ចព្រមព្រៀងនាំចេញស្បៀងរបស់អ៊ុយក្រែន នៅពេលត្រូវបានអ្នកសារព័ត៌មានចោទសួរថា តើការចរចាសន្តិភាព​ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបានវិវត្តដល់ណាហើយនោះ លោក Guterres ឆ្លើយថាទីក្រុងម៉ូស្គូ និងទីក្រុងកៀវ បានបង្ហាញសញ្ញាថាពួកគេអាចភ្ជាប់​ការជជែកគ្នាឡើងវិញបាន ប៉ុន្តែសម្រាប់ការស្វែងរកសន្តិភាពនោះ គឺវានៅមានផ្លូវវែងឆ្ងាយណាស់។

គួររំឭកថា សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​តម្លៃ​គ្រាប់​​ធញ្ញជាតិ ប្រេង​ឆា ឥន្ធនៈ និង​ជីកសិកម្ម​ឡើង​ថ្លៃស្រឺតៗតែម្តង។ សង្គ្រាមដ៏ធំនៅតំបន់អឺរ៉ុបចាប់តាំងពីក្រោយសង្គ្រាមលោកលើក​ទី២មួយនេះ បានធ្វើឱ្យផ្លូវទឹកដឹកជញ្ជូនទំនិញ និងស្បៀងអាហារសំខាន់ៗត្រូវបានបិទ ក្នុងនោះ​រួមមានផ្លូវសមុទ្ររបស់រុស្ស៊ីក៏បានប៉ះពាល់ ការនាំចេញផងដែរ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ ក្រៅពីនោះកប៉ាល់រាប់សិបគ្រឿងបានជាប់គាំងនៅកំពុងផែសមុទ្រខ្មៅ​របស់អ៊ុយក្រែន ដែលបានរាំងស្ទះដល់គ្រាប់ធញ្ញជាតិ​ប្រហែល ២០លានតោន ក្នុងការដឹកជញ្ជូនចូលទៅទីផ្សារស្បៀងអាហារសកលលោក។

សូមជម្រាបថា អ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីដ៏សំខាន់នៅលើពិភពលោក ហើយរុស្ស៊ីក៏ជាអ្នកនាំចេញជីកសិកម្មដ៏ធំផងដែរ ខណៈដែលអ៊ុយក្រែនជាអ្នកផលិតដ៏សំខាន់នៃពោត និងប្រេងផ្កាឈូករ័ត្ន៕




អត្ថបទបន្ទាប់


លោកចូ បៃដិនព្រមាននឹងប្រើកម្លាំងយោធាជា «មធ្យោបាយចុងក្រោយ» ដើម្បីហាមឃាត់អ៊ីរ៉ង់កុំឲ្យបង្កើតធអាវុធនុយក្លេអ៊ែរ

ព័ត៌មាន
នៅក្នុងដំណើរទស្សកិច្ចលើកដំបូងនៅតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) បានព្រមានខ្លាំងៗទៅកាន់អ៊ីរ៉ង់ថា «លោកនឹង…

ក្រសួងសាធារណការ រកចំណូលបានជាង ៤ម៉ឺនលានរៀល ពីការលក់ស្លាកលេខពិសេសនៅឆមាសទី១ ឆ្នាំ២០២២

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆមាសទី១ ឆ្នាំ២០២២ រកចំណូលបានជាង ៤ម៉ឺនលានរៀល ពីការលកស្លាកលេខពិសេស មានការកើនឡើង២៥% ធៀបនឹងរយៈពេលដូចគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ