ធនាគារពិភពលោក និង IMF

ធនាគារពិភពលោក និង IMF ព្រមានថា សេដ្ឋកិច្ចសកលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារសង្គ្រាមនៅអ៊ុយក្រែន


បើទោះបីជា មិនទាន់មានការវាយតម្លៃជាក់លាក់ និងចេញរបាយការណ៍លម្អិតអំពី ផលប៉ះពាល់មកលើសេដ្ឋកិច្ចសកល ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្ដី ប៉ុន្ដែ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗចំនួន២ គឺ ធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅចុងសប្ដាហ៍មុននេះ បានចេញមុខអះអាងស្រដៀងគ្នាៗថា ផលវិបាកដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ។
WorldBank បង្កើនថវិកាវ៉ាក់សាំងកូវីដឲ្យដល់២០ពាន់លាន$

ការ​អះអាង​បែប​នេះ ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កំពុង​បន្ដ​អូស​ន្លា​យ និង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង ហើយ​ចំនួន​អ្នក​ស្លាប់ និង​របួស​កើត​មាន​កាន់តែ​ច្រើន កា​រំ​ផ្លិ​ច​បំផ្លាញ និង​វិបត្តិ​ជនភៀសខ្លួន​ក៏​កំពុង​កើនឡើង​ដូច​គ្នា​ដែរ​។ បន្ថែម​ពី​នេះ ទណ្ឌកម្ម​របស់​លោក​ខាងលិច​ដែល​បាន​ដាក់​លើ​រុ​ស្ស៊ី ក៏​កំពុង​បង្ក​ជា​ផលវិបាក​ចំពោះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកលលោក​ផង​ដែរ និង​កំពុង​ធ្វើ​ឲ្យ​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​កាន់តែ​ខ្លាំង​ឡើង​ៗ​។

អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ចុង​ស​ប្ដា​ហ៍​នេះ​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឲ្យ​តម្លៃ​ថាមពល និង​គ្រាប់​ធុញ្ញ​ជាតិ​បាន​កើន​ខ្ពស់ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ជនភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន​ទៅ​កាន់​ប្រទេស​ជិតខាង​បាន​កើន​ដល់​ជាង​១​លាន​៥​សែន​នាក់​ហើយ ខណៈ​ដែល​ទណ្ឌកម្ម​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ ក៏​បាន​ទម្លាក់​ផ្ទួន​ៗ​ទៅ​លើ​រុ​ស្ស៊ី​ផង​ដែរ​។ 

នាយិការ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ លោកស្រី គ្រី​ស្ដា​លី​ណា ច​ច​ជីវ៉ា បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្មី​ចុង​ក្រោយ​មួយ​ថា ខណៈ​ដែល​ស្ថានភាព​នៅ​តែ​បន្ដ​អាក្រក់​ទៅ​ៗ ហើយ​ទស្សនវិស័យ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ភាព​មិន​ច្បាស់លាស់​ផង​នោះ ផលវិបាក​សេដ្ឋកិច្ច​សកល​នឹង​មាន​កាន់តែ​ធ្ងន់ធ្ងរ​។ លោកស្រី បន្ថែម​ថា សង្គ្រាម​បន្ដ​អូស​បន្លាយ និង​ការ​ចូលរួម​ដាក់​ទណ្ឌកម្ម​នានា​ទៅ​លើ​រុ​ស្ស៊ី​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​សេដ្ឋកិច្ច​សកលលោក​ដូច​គ្នា​។

នាយិកា​គ្រប់គ្រង IMF រូប​នេះ​បន្ថែម​ថា បច្ចុប្បន្ន វិបត្តិ​កំពុង​កើតឡើង​អាក្រក់​រួច​ទៅ​ហើយ នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​អតិផរណា នៅ​ពេល​ដែល​សម្ពាធ​ថ្លៃ​ចំណាយ​មាន​កាន់តែ​ខ្ពស់​ទៅ​ៗ​នោះ​។

ប្រធាន​ធនាគារពិភពលោក​លោក David Malpass ឯណោះ​វិញ​បាន​លើក​ឡើង​ដែរ​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គឺជា​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​ទីផ្សារ​សកល ហើយ​វា​នឹង​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​ពិភពលោក​។ លោក​បាន​សង្កត់ធ្ងន់​ថា​ការ​ព្រួយបារម្ភ​ដ៏​ធំ​បំផុត​របស់​លោក​គឺ អំពី​ការ​បាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់​ដែល​កំពុង​កើតឡើង ដូច​ជា ជន​ស៊ី​វិល និង​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

ជាមួយ​គ្នា​នេះ ផល​ប៉ះពាល់​សេដ្ឋកិច្ច​នៃ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឲ្យ​មានការ​កើនឡើង​នៃ​តម្លៃ​ថាមពល​សកល និង តម្លៃ​អាហារ​ជា​ខ្លាំង ដែល​ជា​ពិសេស​បាន​ប៉ះពាល់​ដល់​ជន​ក្រីក្រ​។

លោក Malpass ចង្អុលបង្ហាញ​ថា ទាំង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ជា​អ្នក​ផលិត និង ផ្គត់ផ្គង់​ផលិតផល​ចំណីអាហារ​ដ៏​ធំ​មួយ​សម្រាប់​ពិភពលោក​។ ហើយ​ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាងលិច គឺ​នឹង​បន្ដ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង​ទៀត ទៅ​ដល់​ខ្សែ​ចង្វាក​ផ្គត់ផ្គង់​សកល​។  លោក Malpass បាន​និយាយ​ថា មិន​មាន​វិធី​ដើម្បី​កែតម្រូវ​ឱ្យ​បាន​ធូរស្រាល​នោះ​ទេ ចំពោះ​ការ​បាត់បង់​ការ​ផ្គត់ផ្គង់​ទំនិញ​ពី​អ៊ុយ​ក្រែ​ន និង​ពី​ប្រទេស​រុ​ស្ស៊ី​ទេ ដូច្នេះ គឺ​តម្លៃ​ទំនិញ​នឹង​នៅ​តែ​បន្ត​កើនឡើង​ថែម​ទៀត​។

យ៉ាងណា​ក៏​ដោយ​ចុះ ធនាគារពិភពលោក​ក៏​បាន​ត្រៀម​បែងចែក​សាច់ប្រាក់​បន្ទាន់​ប្រមាណ​ជាង​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ខ្លួន​។ 

ជាមួយ​គ្នា​នេះ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​នៅ​ដើម​ស​ប្ដា​ហ៍​នេះ​ក៏​នឹង​ពិចារណា​លើ​សំណើសុំ​សាច់ប្រាក់​បន្ទាន់​របស់​អ៊ុយ​ក្រែ​ន​ផង​ដែរ ដោយ​ប្រទេស​នេះ​បាន​ស្នើ​ហិរញ្ញវត្ថុ​ពី IMF ប្រមាណ ១​ពាន់​៤​រយ​លាន​ដុល្លារ​។ បើ​តាម​ការ​បញ្ជាក់​របស់ IMF អ៊ុយ​ក្រែ​ន ក៏​នឹង​នៅ​តែ​អាច​ទទួល​បាន​ហិរញ្ញប្បទាន​ពី IMF ដល់​ទៅ ២​ពាន់​២​រយ​លាន​ដុល្លារ រហូត​ដល់​ខែមិថុនា​ខាង​មុខ ក្រោម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នា​ពេល​កន្លង​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១២ថ្ងៃក្រោយសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន មនុស្ស១,៥លាននាក់ហើយបានរត់ភៀសខ្លួន

ព័ត៌មាន
គិតមកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១២ហើយ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងចរចាពីភាគីទាំងពីរអស…

វិស័យភស្តុភាររបស់រុស្ស៊ីត្រូវជាប់គាំង ដោយសាររងទណ្ឌកម្មពីលោកខាងលិច

ព័ត៌មាន
វិស័យភស្តុភារ (Logistic)នៅក្នុងប្រទេសរុស្ស៊ីកំពុងដំណើរការយ៉ាងរដាក់រដុប ហើយក៏នឹងអាចឈប់ដំណើរការផងដែរ ក្រោយពេលដែលសហរដ្ឋអាមេរិក និងអឺរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ