ដោយឡែក នៅខែឧសភា ឆ្នាំ២០១៧ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តលើកដំបូងសម្រាប់កម្ពុជា ដែលនឹងធ្វើឲ្យពិភពលោកសម្លឹងមកកម្ពុជាដើម្បីការវិនិយោគ។
ក្រុមវិនិយោគិនជាតិនិងអន្តរជាតិ សុទ្ធតែមានជំនឿយ៉ាងមុតមាំថា តាមរយៈព្រឹត្តការណ៍សំខាន់ៗនៅក្នុងឆ្នាំនេះ រួមទាំងគោលនយោបាយបើកចំហររបស់រាជរដ្ឋាភិបាលកម្ពុជា នោះនឹងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍខ្លាំងក្លា។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើល ប្រ៊ីជ គ្រុប (World Bridge Group) បានមើលឃើញថា ដោយសារតែសន្តិភាពនិងស្ថិរភាពនយោបាយកម្ពុជា រួមជាមួយនឹងការលើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានការទាក់ទាញវិនិយោគទុនមកកម្ពុជាជាច្រើន។
លោក ឧកញ៉ា សៀ ឫទ្ធី ដែលជាសមាជិកគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន បានឲ្យដឹងថា បើផ្អែកទៅលើកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេល១០ឆ្នាំកន្លងមកនេះ គឺមានភាពរឹងមាំគួបផ្សំទៅនឹងបរិយាកាសវិនិយោគអំណោយផលល្អ ជាប្រទេសនៅចំបេះដូងនៃអាស៊ាន មានកម្លាំងពលកម្មវ័យក្មេងជាច្រើន (ប្រមាណ ៥០ ទៅ ៦០ភាគរយ) ពិសេសស្ថិរភាពនយោបាយល្អ គួបផ្សំទៅនឹងព្រឹត្តការណ៍សេដ្ឋកិច្ចពិភពលោកសំខាន់ៗនៅឆ្នាំនេះ នឹងប្រែក្លាយកម្ពុជាពោរពេញទៅដោយឱកាសមាសសម្រាប់ការទាក់ទាញវិនិយោគ។
លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាយើងបច្ចុប្បន្ន ប្រៀបបានដូចជាផ្កាយដែលកំពុងតែរះចែងចាំងនៅក្នុងតំបន់អាស៊ាន និងពិភពលោក។ បានន័យថា គឺជាប្រទេសកំពុងមានការអភិវឌ្ឍខ្លាំងខ្លាមួយ វិនិយោគិនធំៗ ល្បីៗ បាននិងកំពុងតែសម្លឹងយ៉ាងយកចិត្តទុកដាក់ក្នុងន័យទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៅទីនេះ»។
និយាយពីទិដ្ឋភាពសេដ្ឋកិច្ចនៅកម្ពុជាវិញ ត្រូវបានក្រុមអ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា កម្ពុជាបានឆ្លងផុតពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានចំណាត់ថ្នាក់ល្អ និងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ពោលគឺកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧ភាគរយមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមក។
នៅក្នុងឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជានឹងនៅតែមានកំណើនជុំវិញរង្វង់ ៧ភាគរយ ហើយនឹងបន្តរហូតដល់ឆ្នាំ២០១៨។ ហើយដើម្បីជំរុញការវិនិយោគ និងធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែមានភាពរឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំជំរុញនូវវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអប់រំ វិស័យបច្ចេកវិទ្យា និងវិស័យបដិសណ្ឋារកិច្ច ព្រមទាំងរៀបចំក្រុងព្រះសីហនុឲ្យក្លាយទៅជាតំបន់ពហុវិស័យសេដ្ឋកិច្ចគំរូដើម្បីទាក់ទាញ និងសម្រួលដល់ការវិនិយោគគ្រប់កម្រិត។
តាមរយៈផែនការវិនិយោគទាំងអស់នេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចលូតលាស់ទៅមុខជានិច្ច ហើយរំពឹងថា នឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះដែរ កម្ពុជាក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងផ្នែកទន់ ដើម្បីសម្រួលដល់ការវិនិយោគនិងពាណិជ្ជកម្ម ដែលកំពុងតែមានការរីកលូតលាស់។ វិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន វិស័យអគ្គិសនី កម្លាំងជំនាញវិជ្ជាជីវៈ និងតំបន់សេដ្ឋកិច្ចពិសេស គឺជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍន៍ជាអទិភាព។
ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីឲ្យសេដ្ឋកិច្ចជាតិខ្លាំងក្លានេះដែរ ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន សម្រាប់គ្រប់គ្រងវិនិយោគសាធារណៈ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥៕