កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G20 នៅឯកោះបាលីប្រទេសឥណ្ឌូនេស៊ីបានធ្វើឡើង២ថ្ងៃ នៅថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែកក្កដា ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ មិនមានការសម្រេចបាននូវការឯកភាពគ្នាជារួមអ្វីនោះទេ បើទោះបីឥណ្ឌូនេស៊ីខ្នះខ្នែងព្យាយាមបង្កើតឲ្យមានសេចក្តីថ្លែងការណ៍រួម ដើម្បីដោះស្រាយការកើនឡើងអតិផរណា និងសម្ពាធសេដ្ឋកិច្ចនានា ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែនក្តី។
នៅពេលសួរអំពីការទម្លាក់សេចក្តីថ្លែងការណ៍នេះ លោកស្រីស្រ៊ី ម៉ុលយ៉ានី អីនដ្រាវ៉ាទី (Sri Mulyani Indrawati) រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រាប់អ្នកសារព័ត៌មានថា ការដែលកិច្ចប្រជុំនេះមិនបានចេញសេចក្តីថ្លែងការណ៍រួមនោះ គឺបានពីដំណើរការ «ក្រោមស្ថានភាពដ៏លំបាកលំបិន និងគ្មានការយល់ស្រមរួមគ្នា" ។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរសហរដ្ឋអាមេរិក លោកស្រីចេនេត យេលេន (Janet Yellen) បាននិយាយថា ការមិនឯកភាពគ្នាបានរារាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសផ្សេងៗ និងធនាគារកណ្តាលមិនឱ្យចេញសេចក្តីថ្លែងការណ៍ផ្លូវការរួមគ្នាមួយ ប៉ុន្តែក្រោយកិច្ចប្រជុំនេះបានបិទបញ្ចប់ទៅ លោកស្រីសង្កេតឃើញថា «មានមូលមតិគ្នាយ៉ាងខ្លាំង» ក្នុងការរកដំណោះស្រាយជុំវិញវិបត្តិស្បៀងអាហារពិភពលោក ដែលកាន់តែអាក្រក់ទៅៗនោះ។
គូររំលឹកថា បណ្តាប្រទេសលោកខាងលិចបានអនុវត្តទណ្ឌកម្មយ៉ាងតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី ដែលធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ក៏ប៉ុន្តែប្រទេស G20 ផ្សេងទៀត រួមទាំងចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូង មិនបានថ្កោលទោសរុស្សីនោះឡើយ។
ក្នុងជំនួប G20 នោះដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដែលអនុរដ្ឋមន្ត្រីរបស់លោកបានចូលរួមដោយផ្ទាល់តែម្តង។ ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អ៊ុយក្រែនក៏បានគេអញ្ជើញឲ្យចូលរួមដែរ ថែមទាំងបានអំពាវនាវឱ្យប្រទេស G20 ដាក់ទណ្ឌកម្មនានាបន្ថែមទៀតទៅលើទីក្រុងម៉ូស្គូ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគព្រឹត្តិការណ៍នយោបាយអន្តរជាតិបាននិយាយថា ការខ្វែងគំនិតគ្នាលើការចេញសេចក្តីថ្លែងការណ៍រួម បានឆ្លុះបញ្ចាំងពីភាពទន់ខ្សោយរបស់ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០។
លោកខេវិន ហ្កាលេកហ្កើរ (Kevin Gallagher) ដែលជាប្រធានវិទ្យាស្ថានគោលនយោបាយអភិវឌ្ឍន៍សកលនៅសាកលវិទ្យាល័យប៊ូស្តុន (Boston) បាននិយាយថា៖ «ពិភពលោកកំពុងស្ថិតនៅក្នុងដ៏លំបាកលំបិនមែនទែន ដែលដំណោះស្រាយ G20 និង G7 សម្រាប់សង្គ្រោះសេដ្ឋកិច្ចពិភពលោកនៅជាប់គាំងដោយសារសង្រ្គាមរបស់លោកពូទីន»។
មួយវិញទៀត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោករ៉ាម អេម៉ានូអែល (Rahm Emanuel) បាននិយាយថា ប្រទេសបស្ចិមលោកត្រូវតែខ្វាយខ្វល់ផងដែរ ពីកង្វះតម្លាភាពក្នុងការផ្តល់ប្រាក់កម្ចីរបស់ប្រទេសចិនទៅកាន់ប្រទេសមួយចំនួន ដើម្បីឱ្យទីក្រុងប៉េកាំងរៀបចំរចនាសម្ព័ន្ធកិច្ចសន្យាបំណុលឡើងវិញឲ្យមានភាពត្រឹមត្រូវ។
មែនទែនទៅ កិច្ចប្រជុំនៅកោះបាលីបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ដែលក្នុងនោះគេអង្កេតឃើញថា កិច្ចប្រជុំ G20 នេះមានការការបែកបាក់គ្នារវាងប្រទេសលោកខាងលិចនៅម្ខាង ហើយប្រទេសចិន និងរុស្ស៊ីនៅម្ខាងទៀត ដែលហាក់សបញ្ជាក់ថា លទ្ធភាពនៃការឈានដល់ការឯកភាពណាមួយណា វាមិនអាចទៅរួចទេ៕