ក្រុមហ៊ុនអាមេរិកដែលត្រូវបានរដ្ឋាភិបាលចិនដាក់ទណ្ឌកម្មនោះ រួមមាន ក្រុមហ៊ុន Lockheed Martin Corp និង Raytheon Technologies Corp។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ទណ្ឌកម្មនេះ ជាវិធានការ ប្រឆាំងនឹងក្រុមហ៊ុនអាមេរិកទាំងពីរ លើការលក់សព្វាវុធ តម្លៃ ១០០ លានដុល្លារទៅឲ្យកោះតៃវ៉ាន់ កាលពីថ្ងៃទី ៧ ខែ កុម្ភៈកន្លងទៅនេះ ដែលទីក្រុងប៉េកាំងចាត់ទុកថា ការលក់អាវុធនេះបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។
ការលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់នេះ គឺមិនមែនជាលើកទី១នោះទេ ហើយការដាក់ទណ្ឌកម្មរបស់ចិនទៅលើក្រុមហ៊ុនអាមេរិកទាក់ទងនឹងរឿងនេះ ក៏មិនមែនជារឿងថ្មីនោះដែរ។ កន្លងមក ចិនតែងក្ដៅស្លឹកត្រចៀក និងចេញមុខថ្កោលទោស និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកដែលបានលក់អាវុធទៅឲ្យកោះមួយនេះ ដ្បិតថា ចិនតែងតែចាត់ទុកកោះតៃវ៉ាន់នេះ គឺជាដែនដីរបស់ខ្លួន។
អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ការចាត់វិធានការលើក្រុមហ៊ុនអាមេរិកទាំងពីរខាងលើនេះ គឺអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនៅក្នុងច្បាប់ទណ្ឌកម្មប្រឆាំងបរទេសរបស់ប្រទេសចិន។ គួរជម្រាបថា ក្រុមហ៊ុនទាំងពីរនេះ គឺជាសហគ្រាសយោធាដែលបានចូលរួមចំណែកជាយូរមកហើយនៅក្នុងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តៃវ៉ាន់។
តែយ៉ាងណាមិញ មិនទាន់មានព័ត៌មានលម្អិតបន្ថែមពីការដាក់ទណ្ឌកម្មនោះទេ។ គ្រាន់តែគេដឹងថា នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនទាំងនេះបានប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ក្រោមច្បាប់ទណ្ឌកម្មប្រឆាំងបរទេសថ្មីរបស់ប្រទេសចិន ដែលបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនចិន។
សូមជម្រាបថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា និងការទូតរបស់ខ្លួនប្រឆាំងនឹងកោះតៃវ៉ាន់ ខណៈដែលតៃវ៉ាន់វិញបាននិយាយថា ខ្លួនចង់បានសន្ដិភាព ប៉ុន្ដែ ក៏នឹងការពារខ្លួនផងដែរប្រសិនបើដែនកោះរបស់ពួកគេត្រូវបានវាយប្រហារ
កោះតៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុត និងរសើបបំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបច្ចុប្បន្នមហាយក្សទាំងពីរនេះ កំពុងមានភាពតានតឹងលើជម្លោះពាណិជ្ជកម្ម និងសិទ្ធិមនុស្សផងដែរ៕
អត្ថបទ ស៊ើង និមល់