ការបើកសម្ពោធហាងភីហ្សា Little Caesares ឬហៅថា Pizza! Pizza! ដែលមានទីតាំងនៅខាងក្រោយមហោស្រពកោះពេជ្រនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Bridgette L. Walker ធារភារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដ គ្រុប និងជាដៃគូ Franchise របស់ហាង Little Caesares នៅកម្ពុជា បានគូសបញ្ជាក់ថា Little Caesars គឺជាម៉ាកយីហោ ដែលមានការទទួលស្គាល់លើគុណភាពខ្ពស់។ លោកជឿជាក់ថា តាមរយៈការរួមបញ្ចូលគ្នាទាំងផ្នែក គុណភាពចំណីអាហារ, តម្លៃសមរម្យ និងការផ្ដល់នូវភាពងាយស្រួល នឹងធ្វើឲ្យហាង Little Caesars ក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារកម្ពុជា។
បន្ថែមពីនេះទៀត អ្នកឧកញ៉ា សៀ ឫទ្ធី បានសង្កត់ធ្ងន់ថា ការនាំយកម៉ាកយីហោពីសហរដ្ឋអាមេរិក មកកាន់ទីផ្សារកម្ពុជានេះ ក៏នឹងរួមចំណែកក្នុងការទាក់ទាញទេសចរ និងវិនិយោគិនបរទេសកាន់តែច្រើនបន្ថែមទៀត ឲ្យចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ លោក Andres De Robina អនុប្រធានអន្តរជាតិ នៃ Little Caesars បានគូសបញ្ជាក់ថា ទោះបីជា ហាងភីហ្សានៅកម្ពុជាបច្ចុប្បន្ន កំពុងមានច្រើនក៏ពិតមែន ប៉ុន្ដែ លោកមានភាពជឿជាក់ខ្ពស់ចំពោះការប្រជែងទីផ្សារនៅកម្ពុជា ដ្បិតហាង Little Caesars មានលក្ខណៈពិសេសជាច្រើន ដែលអាចបំពេញតាមតម្រូវការរបស់អតិថិជន ដូចជា ការផ្ដល់ជូននូវសេវាកម្មល្អរហ័សទាន់ចិត្ត ទាំងការទទួលនៅក្នុងហាងផ្ទាល់ និងការដឹកជញ្ជូន ពិសេស អតិថិជន អាចបើកឡានចូលទិញ Pizza ដោយផ្ទាល់ ដោយមិនចាំបាច់ចុះពីឡាននោះឡើយ។ បន្ថែមពីនេះ Pizza របស់ Little Caesars គឺត្រូវបានចម្អិនភ្លាមៗក្ដៅៗ និងមានរសជាតិតម្រូវតាមប្រជាជនខ្មែរ។
សូមបញ្ជាក់ថា Little Caesars ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩ នៅក្នុងសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ន ហាងភីហ្សាមួយនេះ បានពង្រីកសាខាទៅកាន់ប្រទេស និងដែនដីចំនួន ២៩ហើយ។