ឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណដែលលេចធ្លាយ

តើឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណដែលលេចធ្លាយនោះ គ្របដណ្តាប់លើរឿងអ្វីខ្លះ អាមេរិកំពុងមានចំណាត់ការបែបណា?


ឯកសារយោធានិងចារកម្មសម្ងាត់បំផុតរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានលេចធ្លាយតាមរយៈអ៊ីនធឺណិត ដោយមិនទាន់ដឹងពីប្រភពនៃការចែកចាយនៅឡើយ។ មន្ត្រីអាមេរិកកំពុងព្យាយាមស្វែងរកប្រភពនៃការលេចធ្លាយនេះ ស្របពេលដែលអ្នកជំនាញសន្តិសុខលោកខាងលិចមួយចំនួនសង្ស័យថាអាចជានរណាម្នាក់ជាជនជាតិអាមេរិក ខណៈមន្ត្រីចារកម្មជាន់ខ្ពស់របស់អាមេរិកលើកឡើងថាគឺជាស្នាដៃរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters និងបណ្ដាញសារព័ត៌មាន BBC។
សហរដ្ឋអាមេរិកកំពុងបើកការស៊ើបអង្កេតលើប្រភពដែលទម្លាយឯកសារសម្ងាត់លើអ៊ីនធឺណិត

ឯកសារសម្ងាត់ជាច្រើនត្រូវបានគេមើលឃើញថាគ្របដណ្ដប់លើព័ត៌មានលម្អិតនានា ចាប់ពីការការពារដែនអាកាសរបស់អ៊ុយក្រែន រហូតដល់ទីភ្នាក់ងារចារកម្មម៉ូហ្សាដ (Mossad) របស់អ៊ីស្រាអែល កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កម្មវិធីកាំជ្រួចរបស់កូរ៉េខាងជើងជាដើម។ វាបានលេចធ្លាយតាមអ៊ីនធឺណិត ហើយមានការសង្ស័យថាជារបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ទោះបីជាគេពុំប្រាកដថាវាជាឯកសារដើមក៏ដោយ។

លោក មីឆែល មុលរ៉យ (Michael Mulroy) អតីតមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បាននិយាយក្នុងបទសម្ភាសន៍មួយថា៖ «បច្ចុប្បន្ន ការផ្តោតអារម្មណ៍គឺបាញ់ឆ្ពោះទៅលើការលេចធ្លាយឯកសាររបស់សហរដ្ឋអាមេរិក ព្រោះឯកសារជាច្រើនមានតែនៅក្នុងដៃរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែឥលូវនេះវាត្រូវបានគេឃើញជាសាធារណៈ»។ ការណ៍នេះ នាំឱ្យគេដាក់ការសង្ស័យទៅលើជនជាតិអាមេរិកថាជាអ្នកទម្លាយឯកសារទាំងនេះ។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ការស៊ើបអង្កេតកំពុងស្ថិតក្នុងដំណាក់កាលដំបូង ហើយធាតុចូលដំបូងបំផុតគឺមុខសញ្ញាប្រទេសរុស្ស៊ី ដែលធ្លាប់មានប្រវត្តិជាអ្នកគំរាមកំហែងសន្តិសុខអាមេរិកដ៏ធ្ងន់ធ្ងរបំផុតមួយ ព្រោះកាលពីឆ្នាំ ២០១៣ រុស្ស៊ីបានទម្លាយចេញនូវបណ្ណសារជាវីដេអូ និងជាឯកសារការទូតសម្ងាត់របស់សហរដ្ឋអាមេរិក ជាង ៧០ ម៉ឺនច្បាប់ នៅលើគេហទំព័រ វីគីលីក (WikiLeaks)។

ទោះជាយ៉ាងនេះក្ដី គំនិតនេះគ្រាន់តែជាការវិនិច្ច័យបឋមប៉ុណ្ណោះ។ បន្ទាប់ពីការលាតត្រដាងអំពីការលេចធ្លាយនេះ គេបានពិនិត្យឃើញមានឯកសារជាង ៥០ ដែលមានស្លាក «សម្ងាត់» និង«សម្ងាត់បំផុត» ដែលបានបង្ហាញខ្លួនជាលើកដំបូងកាលពីខែមុននៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ឌីស្កត (Discord) និង ហ្វ័រឆែន (4Chan) ជាដើម។ ខណៈពេលដែលឯកសារមួយចំនួនត្រូវបានបង្ហោះកាលពីសប្តាហ៍មុន ហើយវាត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃសុក្រ ដោយកាសែត ញូយក ថាមស៍ (New York Times)។

ឯកសារទាំងនោះរួមមាន ស្លាយសង្ខេបខ្លីៗអំពីប្រទេសចិន បញ្ជាការដ្ឋានយោធាប្រចាំឥណ្ឌូប៉ាស៊ីហ្វិក និងព័ត៌មានលម្អិតអំពីតំបន់មជ្ឈិមបូព៌ា និង អំពីក្រុមភេរវកម្មផ្សេងៗនៅទីនោះ។ ឯកសារលេចធ្លាយមួយទៀតបានបង្ហាញពីផែនទីនៃស្ថានការណ៍ប្រយុទ្ធរវាងកងទ័ពរុស្ស៊ីនិងអ៊ុយក្រែន ក្នុងសមរភូមិទីក្រុង បាកមុត (Bakhmut) ភាគខាងកើតអ៊ុយក្រែន។ ឯកសារផ្សេងទៀតបង្ហាញអំពីទីតាំងការពារដែនអាកាសអ៊ុយក្រែន លេខឧបករណ៍ប្រយុទ្ធ និងផែនទីនៃស្ថានភាពប្រយុទ្ធនៅតំបន់ ខាកកូវ (Kharkov) និងនៅភាគខាងត្បូងអ៊ុយក្រែនជាដើម។

ឯកសារដែលគេឃើញមានសញ្ញាសម្គាល់ពីលើថា«សម្ងាត់បំផុត» (Top Secret) ដែលចុះកាលបរិច្ឆេទនៅថ្ងៃទី១ មីនា ចង្អុលប្រាប់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល (Mossad) កំពុងលើកទឹកចិត្តដល់ការតវ៉ាប្រឆាំងនឹងផែនការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បិនចាមិន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងការរឹតបន្តឹងការគ្រប់គ្រងលើតុលាការកំពូល។ តាមរយៈឯកសារនេះបង្ហាញថា សហរដ្ឋអាមេរិកបានកំពុងធ្វើចារកម្មលើសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់ខ្លួននៅមជ្ឈិមបូព៌ា។ ដោយឡែក ឯកសារមួយទៀតបានផ្តល់ព័ត៌មានលម្អិតអំពីការពិភាក្សាផ្ទៃក្នុង ក្នុងចំណោមមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង អំពីសម្ពាធរបស់សហរដ្ឋអាមេរិកលើទីក្រុងសេអ៊ូល ឱ្យជួយផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

លេខាធិការរងទទួលបន្ទុកផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណ លោកស្រី សាប៊្រីណា សិង្ហ (Sabrina Singh) បាននិយាយថា៖ «ក្រសួងការពារជាតិកំពុងពិនិត្យមើលយ៉ាងសកម្មលើបញ្ហានេះ ហើយបានធ្វើការបញ្ជូនសំណុំរឿងនេះជាផ្លូវការទៅកាន់នាយកដ្ឋានយុត្តិធម៌ ដើម្បីបើកការស៊ើបអង្កេតភ្លាមៗ»។ មន្រ្តីមន្ទីរបញ្ជកោណនៃក្រសួងការពារជាតិរូបនេះបានសង្កត់ធ្ងន់ថា៖ «អាទិភាពខ្ពស់បំផុតរបស់ក្រសួងការពារជាតិគឺការការពារជាតិ និងសន្តិសុខជាតិ ហើយយើងនឹងបញ្ជូនរឿងនេះទៅក្រសួងយុត្តិធម៌ ដើម្បីបើកការស៊ើបអង្កេតព្រហ្មទណ្ឌ»៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សTesla គ្រោងបង្កើតរោងចក្រស្តុកថាមពលនៅទីក្រុងស៊ាងហៃ ដើម្បីលក់ចែកចាយទូទាំងពិភពលោក

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីនហួរបស់ប្រទេសចិនបានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី៩ ខែមេសាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc របស់សហរដ្ឋអាមេរិ…

ការនាំចេញសម្លៀកបំពាក់វៀតណាមធ្លាក់ចុះដល់ទៅ១៧% ក្នុងត្រីមាសទីមួយ

ព័ត៌មាន
តម្លៃនាំចេញផលិតផលវាយនភណ្ឌនិងកាត់ដេររបស់វៀតណាម ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ គឺស្មើនឹង ៧,១ ពាន់លានដុល្លារ ធ្លាក់ចុះ ១៧ ភាគរយ។ មានមូលហេត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ