នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក៏បានបញ្ចាក់ផងដែរ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បត្តិ៍ ទី ២៤ ខែធ្នូ អំពីការសម្រេចបាននូវកិច្ចព្រមព្រៀងរវាងអង់គ្លេស និងសហភាពអឺរ៉ុបនេះ។
លោក Johnson បានបញ្ជាក់ប្រាប់សារព័ត៌មានថា «កិច្ចព្រមព្រៀងគឺ ត្រូវបានធ្វើរួចរាល់ហើយ! ខ្សែបន្ទាត់ក្រហមសំខាន់ៗរបស់យើង អំពីការវិលត្រឡប់មកវិញនៃអធិបតេយ្យភាពត្រូវបានសម្រេចបានមកវិញហើយ!»។
ទន្ទឹមគ្នានេះដែរ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូសុលឡា វុន ឌឺ លីយ៉ិន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប្រុចស៊ែលដែរថា «ជាទីបំផុត យើងបានរកឃើញកិច្ចព្រមព្រៀងមួយហើយ! វាគឺជាផ្លូវមួយដ៏វែងឆ្ងាយ និងមានខ្យល់បោកបក់ខ្លាំង ប៉ុន្ដែ យើងនៅតែអាចរកបានកិច្ចព្រមព្រៀងដ៏ល្អមួយដើម្បីបង្ហាញ»។
លោកស្រី បន្ថែមថា កិច្ចព្រមព្រៀងនេះ គឺមាន យុត្តិធម៌ និងមានតុល្យភាព ហើយវាមានភាពត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ សម្រាប់ភាគីទាំងពីរបន្ដអនុវត្ត។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ មុនពេលរយៈពេលអន្តរកាលនៃ Brexit ដែលនឹងបញ្ចប់នៅត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០នេះ។
កាសែត Evening Standard ដែលបានស្រង់សម្ដីប្រភពពីរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ នឹងមានន័យថា ពន្ធគយស្មើសូន្យ និងកូតាសូន្យ សម្រាប់លំហូរទំនិញរាប់រយពាន់លានដុល្លារ ហើយមានន័យថា អង់គ្លេស អាចនឹងដកហូតមកវិញពីសហភាពអឺរ៉ុបនូវការគ្រប់គ្រងលុយ, ព្រំដែន, ច្បាប់, ពាណិជ្ជកម្ម និងដែននេសាទរបស់ខ្លួន។
សភាអង់គ្លេសនៅតែត្រូវការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងន នៅដំណាច់ឆ្នាំនេះ មុននឹងវាត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១។ សហភាពអឺរ៉ុប ក៏ទំនងជានឹងដាក់ការអនុវត្តបណ្ដោះអាសន្ន នៃកិច្ចព្រមព្រៀងនេះ រហូតដល់មានការបោះឆ្នោតពីសមាជិកសភាអឺរ៉ុប នៅក្នុងឆ្នាំ២០២១៕