ជាមួយគ្នានេះ រុស្ស៊ីក៏បានវាយប្រហារទៅលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែរ ខណៈដែល ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា ប្រទេសអ៊ុយក្រែន អាចនឹងបាត់បង់គ្រាប់ធញ្ញជាតិរាប់សិបលានតោន ដោយសាររុស្ស៊ីបានបិទផ្លូវនៃច្រកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលវានឹងបង្កឲ្យមានវិបត្តិស្បៀងអាហារ ប៉ះពាល់ដល់តំបន់អឺរ៉ុប អាស៊ី និងអាហ្វ្រិកផងដែរ។
នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ កំពង់ផែសមុទ្រ Azov នៅទីក្រុងម៉ារីយ៉ូប៉ូល កំពង់ផែ Berdiansk, កំពង់ផែ Skadovsk និងកំពង់ផែសមុទ្រខ្មៅ នៃទីក្រុងខឺសិន នៃប្រទេសអ៊ុយក្រែនត្រូវបានបិទរហូតទាល់តែមានការបើកការគ្រប់គ្រងឡើងវិញ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងកសិកម្មអ៊ុយក្រែន។
សេចក្ដីថ្លែងការណ៍ដដែលនេះ បន្ថែមថា ការអនុម័តវិធានការនេះ គឺបណ្ដាលមកពី ភាពមិនអាចទៅរួច នៃការផ្ដល់សេវាកប៉ាល់ និងអ្នកដំណើរ ការដឹកជញ្ជូនទំនិញ និងការងារផ្សេងទៀត ពាក់ព័ន្ធនឹងសកម្មភាពសេដ្ឋកិច្ច ដើម្បីធានាបាននូវកម្រិតសមស្របនៃសុវត្ថិភាពនៃនាវាចរណ៍។
ផែសមុទ្រអ៊ុយក្រែនទាំងអស់ បានផ្អាកសកម្មភាព ដោយសារតែការឈ្លានពានពីរុស្ស៊ីកាលពីចុងខែកុម្ភៈ ហើយកងកម្លាំងរុស្ស៊ីក៏បានដណ្ដើមបានកំពង់ផែខ្លះ និងបានបិទច្រកចេញចូលកំពង់ផែផ្សេងទៀតផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា ប្រទេសអ៊ុយក្រែន អាចនឹងបាត់បង់គ្រាប់ធញ្ញជាតិរាប់សិបលានតោន ដោយសាររុស្ស៊ីបានបិទផ្លូវនៃច្រកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលវានឹងបង្កឲ្យមានវិបត្តិស្បៀងអាហារ ប៉ះពាល់ដល់តំបន់អឺរ៉ុប អាស៊ី និងអាហ្វ្រិក។
លោក ហ្សេលេស្គីបន្ថែមថា រុស្ស៊ី មិនអនុញ្ញាតឲ្យកប៉ាល់បើកចេញចូលកំពង់ផែនោះទេ ហើយរុស្ស៊ីកំពុងតែកាន់កាប់គ្រប់គ្រងតំបន់សមុទ្រខ្មៅ។ បុរសបេះដូងដែករបស់អ៊ុយក្រែនរូបនេះ អះអាងថា រុស្ស៊ី គឺចាប់បិទខ្ទប់សេដ្ឋកិច្ចរបស់អ៊ុយក្រែន ឲ្យដាច់ខ្សល់ស្លាប់តែម្ដង។
សូមបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន គឺជាដៃគូប្រជែងដ៏ធំបំផុត នៅក្នុងទីផ្សារគ្រាប់ធញ្ញជាតិសកលលោក។ ហើយតាំងពីពេលដែលមានសង្គ្រាមចូលឈ្លានពានអ៊ុយក្រែនមក តម្លៃស្រូវសាលីសកលលោកបានកើនឡើងប្រហែល៤០% ។