ភាគីអ៊ុយក្រែនចាត់ទុកទង្វើនេះថា ជាការជាន់ឈ្លី លើកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ និងទួរគីដែលខំសម្របសម្រួល ហើយដែលវាបានកើតឡើងនៅមួយថ្ងៃក្រោយ រុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបើកផ្លូវ សម្រាប់ការនាំចេញស្រូវសាលីអ៊ុយក្រែនតាមច្រកសមុទ្រខ្មៅ ក្នុងនោះក៏មានដែរ ការនាំចេញពីកំពង់ផែអូដេសា។ ចំណែកភាគីរុស្ស៊ីបានទាត់ចោលការចោទប្រកាន់ ដោយអះអាងថា រឿងវាយប្រហារនេះ មិនមានជាប់ពាក់ព័ន្ធនឹងខ្លួនឡើយ។
កិច្ចព្រមព្រៀងដែលបានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយទីក្រុងម៉ូស្គូ និងទីក្រុងកៀវ បានស្រុះស្រួលគ្នា ក្រោមការជ្រោមជ្រែងដោយអង្គការសហប្រជាជាតិ និងទួរគី ត្រូវបានគេសាទរថា ជាជំហានដ៏វិជ្ជមានមួយ នៅក្នុងសង្គ្រាមដ៏អូសបន្លាយ។ វាត្រូវបានគេមើលឃើញថា មានសារៈសំខាន់ក្នុងការទប់ស្កាត់ការកើនឡើងតម្លៃស្បៀងអាហារពិភពលោកដោយអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិ ដឹកជញ្ជូនពីកំពង់ផែសមុទ្រខ្មៅរួមទាំងកំពង់ ផែ Odesa ផងដែរ។
ប៉ុន្តែជារឿងដ៏ហួសចិត្ត និងនឹកស្មានមិនដល់ កិច្ចព្រមព្រៀងរុស្ស៊ី អ៊ុយក្រែនស្តីពីការបើកច្រកសម្រាប់នាំចេញស្រូវសាលីអ៊ុយក្រែន ចូលជាធរមាន មិនបានមួយថ្ងៃផង ភាគីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានបាញ់មីស៊ីលសំដៅកំពង់ផែអូដេសា ដែលជាទីតាំងស្តុកស្រូវសាលីរបស់អ៊ុយក្រែន។
ការថ្កោលទោសចំពោះរុស្ស៊ី ដូចទឹកបាក់ទំនប់បានធ្លាក់មកជាបន្តបន្ទាប់ ពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី។ កាលពីសប្តាហ៍មុន ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា គេសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងនៅតែអាចដំណើរការបាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ក្រោយការវាយប្រហាររបស់រុស្ស៊ី។
ចំណែកភាគីរុស្ស៊ីវិញ មិនបានទទួលស្គាល់ដូចការចោទប្រកាន់នោះទេ។ ក្រសួងការពារជាតិរុស្ស៊ីបានប្រាប់ទៅប្រទេសទួរគីថា រុស្ស៊ីគ្មានជាប់ពាក់ព័ន្ធនឹងការបាញ់មីស៊ីលបំផ្លាញកំពង់ផែអូដេសានោះទេ។
យ៉ាងណាក៏ដោយ កងទ័ពអ៊ុយក្រែនបាននិយាយថា ការវាយប្រហារមីស៊ីលរបស់រុស្ស៊ីមិនបានបង្កឲ្យមានការខូចខាតធំដំដល់កំពង់ផែអូដេសាឡើយ ពោលគឺគ្រាប់មីស៊ីលរុស្ស៊ីមិនបានបំផ្លាញ ចំទីតាំងស្តុកស្រូវសាលីអ៊ុយក្រែន នោះទេ។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនលោក អូលេសាន កូប្រាកូវ(Oleksandr Kubrakov) បាននិយាយនៅលើ Facebook របស់លោកថា៖ យើងនឹងបន្តត្រៀមលក្ខណៈបច្ចេកទេសនានា សម្រាប់ការចាប់ផ្តើមនាំចេញផលិតផលកសិកម្មពីកំពង់ផែរបស់យើង។
សូមជម្រាបថា បើតាមកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដោយរុស្ស៊ី តួគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ភាគីរុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមអនុវត្តបទឈប់បាញ់ នៅសមុទ្រខ្មៅដើម្បីធានាសុវត្ថិភាព សម្រាប់ការដឹកជញ្ជូនស្រូវសាលីអ៊ុយក្រែនចំនួន ២៥លានតោនដែលនៅជាប់គាំង ដោយសារសង្គ្រាមរុស្ស៊ី។
បើតាមលោកហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអះអាងដែរថា ពេលនេះ អ៊ុយក្រែន នៅមានស្បៀងអាហារសម្រេចបញ្ចេញលក់ទៅក្រៅប្រទេសក្នុងតម្លៃប្រមាណ១០ពាន់លានដុល្លារអាមេរិក ខណៈដែលការប្រមូលទិន្នផលស្បៀងអាហារក៏បាននិងកំពុងចាប់ផ្ដើមឡើងផដែរ៕