ទោះយ៉ាងណា លោកហ្សេលេនស្គីត្រូវរង់ចាំការគាំទ្រចុងក្រោយពីសភាជាតិសិន ទើបអាចដករដ្ឋមន្ត្រីការពារចាស់ និងដាក់អ្នកថ្មីជំនួសបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោក Oleksii Reznikov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានលោក ហ្សេលេនស្គីដកតំណែង។ លោក Reznikov បានកាន់តំណែងនេះ កាលខែវិច្ឆិកាឆ្នាំ២០២១ ពោលគឺប្រមាណតែ៣ខែមុនពេល ដែលរុស្ស៊ីចូលលុកលុយលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។ ពេញមួយរយៈពេលនៃសង្គ្រាម លោកបានចំណាយពេលភាគច្រើនធ្វើដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីស្វែងរកការគាំទ្រទាំងផ្លូវទូត និងជំនួយយោធា។
ក្រោមការដឹកនាំរបស់លោក Reznikov ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ចុះបញ្ចូល ដោយជោគជ័យ ឱ្យប្រទេសលោកខាងលិច ផ្គត់ផ្គង់ឧបករណ៍យោធាសំខាន់ៗ ដល់កងកម្លាំងអ៊ុយក្រែន ក្នុងការប្រយុទ្ធទប់ទល់ជាមួយកងទ័ពរុស្ស៊ី រួមទាំងរថក្រោះធន់ធ្ងន់Leopardរបស់អាល្លឺម៉ង់ មីស៊ីលស្ទក់ចាប់HIMARS និងចុងក្រោយយន្តហោះចម្បាំងF-16ជាដើម។
ទោះបីជាយ៉ាងណា ចុងក្រោយនេះ លោកត្រូវបានសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនចោទប្រកាន់ថា បានចំណាយលើអាហារ និងឯកសណ្ឋានយោធាលើសហួសកម្រិត ប៉ុន្ដែលោកបានបដិសធ។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គី បានថ្លែងសារមួយកាលពីថ្ងៃទី៣ខែកញ្ញាថា «ខ្ញុំបានសម្រេចចិត្តដកលោក Oleksii Reznikov និងជំនួសដោយលោក Rustem Umerov ជាប្រមុខការពារជាតិថ្មី»។ «ក្រសួងត្រូវការវិធីសាស្រ្ត និងទម្រង់បែបបទថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាមួយយោធា និងសង្គម»។
តើលោក Rustem Umerov ជានរណា?
ជាអតីតសមាជិកសភាអ៊ុយក្រែន អាយុ៤១ឆ្នាំ និងបច្ចុប្បន្នជាប្រធានមូលនិធិទ្រព្យសម្បត្តិរដ្ឋតាំងពីឆ្នាំ២០២២។ ក្នុងតួនាទីនេះ លោក Umerov បានរួមចំណែកក្នុងការចរចាកិច្ចព្រមព្រៀងមួយចំនួន ដោយជោគជ័យអំឡុងសង្គ្រាម ដូចជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាដើម។ លោក Umerov ក៏ជាសហប្រធាននៃវេទិកាCrimea កិច្ចប្រជុំការទូតអន្តរជាតិមានគោលបំណងតវ៉ាប្រឆាំងនឹងការបញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤ដែរ។
បន្ធែមពីនេះ បន្ទាប់ពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីកាលពីឆ្នាំមុន លោកUmerov បានចូលរួមក្នុងកិច្ចពិភាក្សានៅពីក្រោយឆាកជាមួយមន្ត្រីរុស្ស៊ី រួមទាំងការដោះដូរអ្នកទោសកម្រិតខ្ពស់ និងការជម្លៀសជនស៊ីវិលពីតំបន់ប្រយុទ្ធផងដែរ។ ជាជនជាតិម៉ូស្លីមភាគតិចនៅតំបន់គ្រីមៀ លោកកក៏ធ្លាប់បម្រើការជាទីប្រឹក្សារបស់មេដឹកនាំសហគមន៍ជនជាតិម៉ូស្លីមភាគតិចនៅតំបន់គ្រីមៀ គឺលោកMustafa Dzhemilevផងដែរ។
មែនទែនទៅ ការផ្លាស់ប្តូរនេះធ្វើឡើងក្រោយពេលដែលប្រធានាធិបតិហ្សេលេនស្គី បានប្រកាសកាលពីពេលថ្មីៗនេះ ឱ្យមានការបោសសម្អាតអំពើពុករលួយក្នុងប្រទេសទាំងមូល ចំពេលដែលអ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប។ ស្របពេលជាមួយគ្នា លោកចូ បៃដិន ថាលោកដឹងអំពីរឿងនេះដែរ ខណៈមន្ទីរបញ្ជកោណអាមេរិកសុំមិនធ្វើការអប្បាធិប្បាយបន្ថែម ដោយថា«វាជាកិច្ចការផ្ទៃ»ក្នុងរបស់រដ្ឋាភិបាលអ៊ុយក្រែន។