
ភ្លាមៗក្រោយពេលដែលមានសេចក្តីរាយការណ៍អំពីជំនួបកំពូលរវាងលោក ត្រាំ និង លោក ពូទីន នៅរដ្ឋអាឡាស្កា សហរដ្ឋអាម៉េរិក ត្រូវបានប្រកាសជាចំហរ លោក ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានចេញសារព្រមានប្រឆាំងនឹងការដកប្រទេសរបស់លោកចេញពីជំនួបកំពូលនោះ។
លោកបានលើកឡើងថា ការសម្រេចចិត្តណាមួយដែលបានធ្វើឡើងប្រឆាំងនឹងអ៊ុយក្រែន ឬគ្មានអ៊ុយក្រែន គឺជាការសម្រេចចិត្តប្រឆាំងនឹងសន្តិភាព មិនតែប៉ុណ្ណោះការសម្រេចចិត្តទាំងនោះមិនអាចសម្រេចបានទេ ។
ដោយឡែក សម្រាប់ប្រជាជនអ៊ុយក្រែនវិញ តាមការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិ នៅទីក្រុងគៀវ កាលពីចុងខែកក្កដា និងដើមខែសីហា បានបង្ហាញថា ប្រជាជនអ៊ុយក្រែន បើកចំហរចំពោះការចរចា ប៉ុន្តែ ភាគច្រើននៅតែបន្តបដិសេធនូវកិច្ចព្រមព្រៀង ដែលបង្ហាញថា ពួកគេនឹងត្រូវចុះចាញ់ ។
យោងតាមការស្ទង់មតិ ៧៦% នៃប្រជាជនអ៊ុយក្រែន បដិសេធនឹងផែនការសន្តិភាពរបស់រុស្ស៊ី និងទស្សនៈ ដែលតម្រូវតាមការធ្វើសម្បទានទឹកដីឱ្យរុស្ស៊ី។ ក្នុងពេលជាមួយគ្នានេះដែរ ៤៩%ប្រឆាំងនឹងផែនការសន្តិភាពរបស់អាម៉េរិក ដែលចេញមុខធានាសន្តិសុខអ៊ុយក្រែន ជំនួសបណ្តាប្រទេសអឺរ៉ុប ។
លោក វូឡូឌីមៀ ហ័បាច (Volodymyr Horbach) អ្នកវិភាគនៅវិទ្យាស្ថានអ៊ុយក្រែន សម្រាប់ការផ្លាស់ប្តូរអឺរ៉ាស៊ីខាងជើង បាននិយាយថា រុស្ស៊ីមិនដែលផ្លាស់ប្តូរជំហរចរចារបស់ពួកគេទេ ហើយ នឹងមិនធ្វើដូច្នេះទេ ដរាបណាពួកគេមិនទទួលរងការបរាជ័យផ្នែកយោធា និងនយោបាយធ្ងន់ធ្ងរ ។
លោកបានលើកឡើងថា រុស្ស៊ីនឹងប្រកាន់ខ្ជាប់នូវជំហររបស់ពួកគេ ហើយបង្ហាញបំណង់ចង់ផ្តល់ បទឈប់បាញ់ជាថ្នូរនឹងការចុះចាញ់ជាក់ស្តែងរបស់អ៊ុយក្រែន ម្យ៉ាងទៀតការបំពេញការទាមទាររបស់រុស្ស៊ី គឺជាការសម្រេចចិត្តដ៏ឆោតល្ងង់បំផុត ។
នៅក្នុងពេលជាមួយគ្នានោះ លោក ឌីមីត្រូស ឡេវូស ( Dmytro Levus) ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសង្គមមួយ របស់អ៊ុយក្រែន បាននិយាយថា ជំហររបស់អ៊ុយក្រែន ដូចដែលបានបញ្ជាក់ដោយលោក ហ្សេឡេនស្គី គឺច្បាស់លាស់ និងត្រឹមត្រូវ។ រដ្ឋធម្មនុញ្ញអ៊ុយក្រែន មិនអនុញ្ញាតឱ្យមានការប្រគល់ទឹកដី អ៊ុយក្រែន នោះទេ ។ នោះហើយជាមូលហេតុដែលលោកមិនរំពឹងចំពោះកិច្ចប្រជុំកំពូលនៅអាឡាស្កា៕
ដោយៈ សរ សុជាតិ