មិនតែប៉ុណ្ណោះ អង្គការសហប្រជាជាតិក៏បានព្រមានពីវិបត្តិមនុស្សធម៌នៅអាហ្វហ្កានីស្ថានផងដែរ បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
បញ្ហាមនុស្សធម៌នៅអាហ្វហ្កានីស្ថានមិនមែនទើបតែកើតឡើងនោះទេ ពោលគឺមានតាំងពីមុនពេលក្រុមតាលីបង់ដណ្តើមបានទីក្រុងកាប៊ុលទៅទៀត ដោយចំនួនប្រជាជនអាហ្វហ្គានីស្ថាន ១៨ លាននាក់ បានរស់នៅពឹងផ្អែកលើជំនួយ។ អង្គការសហប្រជាជាតិ ព្រមទាំងម្ចាស់ជំនួយ ព្រមានថា តួលេខនេះ នឹងកើនឡើងថែមទៀត ដោយសារតែស្ថានភាព គ្រោះរាំងស្ងួត និង កង្វះខាតសាច់ប្រាក់ បូករួមទាំងបញ្ហាកង្វះស្បៀងអាហារផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយប្រទេសលោកខាងលិច និងជ័យជម្នះជាបន្តបន្ទាប់របស់ក្រុមតាលីបង់ គេសង្កេតឃើញថា ជំនួយបរទេសរាប់ពាន់លានដុល្លារដល់ប្រទេសនេះត្រូវបានបញ្ចប់។ លើសនេះពីទៅទៀត វាបានដាក់សម្ពាធកាន់តែខ្លាំងលើកម្មវិធីមនុស្សធម៌របស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា បញ្ហានេះកើតឡើងស្របពេលដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គោទែរ៉េស ( Antonio Guterres) និយាយថា អង្គការសហប្រជាជាតិកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ជាក់ស្ដែង បច្ចុប្បន្នអង្គការសហប្រជាជាតិមិនអាចសូម្បីតែបើកប្រាក់ខែឱ្យមន្ត្រីរបស់ខ្លួន។
គួរកត់សម្គាល់ថា ប្រហែលមួយភាគបីនៃទឹកប្រាក់ចំនួនជាង ៦០០ លានដុល្លារ ដែលត្រូវរៃអង្គាសនឹងត្រូវបានប្រើប្រាស់ក្នុងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ខណៈដែល នៅក្នុងការស្ទង់មតិលើពលរដ្ឋអាហ្វហ្កានីស្ថានជាង ១.៦០០នាក់ នៅក្នុងខែសីហា និង ខែកញ្ញា គេបានរកឃើញថា មាន ៩៣% នៃពួកគេ គឺមិនបានទទួលទានអាហារគ្រប់គ្រាន់នោះឡើយ។
សូមបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនិយាយថា អាហ្វហ្គានីស្ថានប្រឈមមុខនឹងភាពក្រីក្រជាសកលនៅពាក់កណ្តាលឆ្នាំក្រោយ ព្រមទាំងគ្រោះមហន្តរាយមនុស្សធម៌ និង ការអភិវឌ្ឍ ដែលបណ្តាលមកពីអស្ថិរភាពនយោបាយ ខណៈបច្ចុប្បន្ននេះអត្រាភាពក្រីក្រក្នុងប្រទេសនេះកើនឡើង ៧២% ទៅហើយ៕អត្ថបទ៖ ស៊ើង និមល់