ប្រមុខអង្គការសហប្រជាជាតិព្រមានឥទ្ធិពលសង្គ្រាមអ៊ុយក្រែន

ប្រមុខអង្គការសហប្រជាជាតិព្រមានឥទ្ធិពលសង្គ្រាមអ៊ុយក្រែន កំពុងធ្វើឲ្យពិភពលោកជួបវិបត្តិកាន់តែអាក្រក់


ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅថ្ងៃទី៨មិថុនា ថាផលវិបាកសម្រាប់ពិភពលោក ដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងវិវត្តិទៅរកស្ថានភាពកាន់តែអាក្រក់ទៅៗហើយ ខណៈមនុស្សចំនួនប្រហែល ១ពាន់៦រយលាននាក់កំពុងទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃសង្គ្រាមដែលកំពុងអូសបន្លាយជាង៣ខែកន្លងមកនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ប្រមុខអង្គការសហប្រជាជាតិព្រមានឥទ្ធិពលសង្គ្រាមអ៊ុយក្រែន

អគ្គលេខាធិការអង្គការសហប្រជាជាតិ​លោក Antonio Guterres បាននិយាយថា ផលប៉ះពាល់នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន លើសន្តិសុខស្បៀង ថាមពល និង ហិរញ្ញវត្ថុ កំពុងបង្ក​ឱ្យមាន​បញ្ហា​យ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល ខណៈការអះអាងរបស់លោក គឺដោយផ្អែកលើរបាយការណ៍លើកទីពីររបស់អង្គការសហប្រជាជាតិស្ដីអំពី​ ផលប៉ះពាល់​នៃជម្លោះនៅអ៊ុយក្រែន។

លោកបានបន្ថែមថា សង្រ្គាមកំពុងគំរាមកំហែង និង បង្កភាពវឹកវរដល់សេដ្ឋកិច្ចសកលជាខ្លាំង ហើយកំពុង​បង្កើត​នូវរលកនៃភាពអត់ឃ្លាន សម្រាប់មនុស្សជាច្រើន​នៅជុំវិញពិភពលោក ខណៈវិបត្តិខ្វះខាតស្បៀងអាហារនៅឆ្នាំនេះនឹងអូសបន្លាយ​ដល់ឆ្នាំក្រោយផងដែរ ។

លោក Guterres បានគូសបញ្ជាក់នៅក្នុងសុន្ទរកថា​មួយថា មានវិធីតែមួយគត់ដើម្បីដោះស្រាយ​បញ្ហាទាំងនេះ​បាន គឺការឈ្លានពានរបស់រុស្ស៊ី​លើអ៊ុយក្រែនត្រូវតែបញ្ចប់។

ថ្វីបើសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើ​អ៊ុយក្រែននៅតែបន្ត ប៉ុន្ដែ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ​បាននិយាយថា លោកបានស្នើឱ្យសហការីរបស់លោក​ជួយស្វែងរក កិច្ចព្រមព្រៀង​ដែលអនុញ្ញាតឱ្យមានការនាំចេញអាហារ ដែលផលិតដោយអ៊ុយក្រែន​ប្រកបដោយសុវត្ថិភាព តាមរយៈច្រកកំពង់ផែសមុទ្រខ្មៅ និងការចូលទៅកាន់ទីផ្សារពិភពលោក​សម្រាប់​ផលិតផល​ម្ហូបអាហារ និង ជីកសិកម្ម​របស់រុស្ស៊ី។

ទន្ទឹមនឹងនោះ  លោក Guterres បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ គឺចាំបាច់ណាស់សម្រាប់ជួយ​ដល់មនុស្សរាប់រយលាននាក់​នៅក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ ដែលរួមបញ្ចូល​ទាំងប្រទេស​ដែលនៅតំបន់សាហារ៉ានៅអាហ្វ្រិកផងដែរ។

តួយ៉ាង អ្នកការទូតលោក Rebeca Grynspan បាននិយាយថា ប្រទេសចំនួន ៩៤ ដែលត្រូវបានប៉ាន់ប្រមាណថា មានប្រជាជនប្រហែល ១ពាន់៦រយលាននាក់ ត្រូវបានរងផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែ​វិបត្តិនៃសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។

លោក Grynspan បានបន្ថែមថា ក្នុងចំណោមមនុស្សពី ១ពាន់២រយលាន ទៅ ១ពាន់៦រយលាននាក់ ដែលងាយរងគ្រោះ និង ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយបញ្ហាធំៗចំនួន​បីក្នុងពេលជាមួយគ្នា គឺបញ្ហា​ហិរញ្ញវត្ថុ ស្បៀងអាហារ និងថាមពល។

របាយការណ៍នេះបាននិយាយថា សង្រ្គាមរុស្ស៊ី​ឈ្លានពានអ៊ុយក្រែនអាចធ្វើឱ្យប្រជាជនខ្វះខាតស្បៀងអាហារដល់ទៅ ៤៧ លាននាក់ក្នុងឆ្នាំ ២០២២ ដែលនាំឱ្យវាកើនឡើងដល់ ៣២៣ លាននាក់នៅដំណាច់ឆ្នាំនេះផងដែរ។ ទន្ទឹមនឹងនោះ ឯកសារនេះបានប៉ាន់​ប្រមាណថា ជនជាតិអាហ្វ្រិករហូតដល់ ៥៨ លាននាក់ទៀតអាចនឹងធ្លាក់ចូល​ទៅក្នុងភាពក្រីក្រនៅឆ្នាំនេះ។

គួរជម្រាបថា យោងតាមរបាយការណ៍​បានឱ្យដឹងថា ភាពក្រីក្រខ្លាំងនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងអាចកើនឡើងជិត​៣លាននាក់បន្ថែមទៀត​នៅឆ្នាំ ២០២២ ខណៈនៅអាស៊ីខាងត្បូងមានប្រជាជន ៥០០ លាននាក់កំពុងប្រឈមនឹងហានិភ័យនៃសង្គ្រាម។

របាយការណ៍អង្គការសហប្រជាជាតិ​គូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងជាក់ស្ដែងរបស់រដ្ឋ និងស្ថាប័នពាក់ព័ន្ធ​ គួរតែត្រូវបាន​ធ្វើឡើង ដើម្បីធានា​ថា ការផ្គត់ផ្គង់​​ស្បៀងអាហារ និងថាមពល​ ពិតជាបានទៅដល់​ក្រុមមនុស្សដែលងាយរងគ្រោះភាគច្រើន៕

None



អត្ថបទបន្ទាប់


ចិនពិចារណាកែតម្រូវឲ្យក្រុមហ៊ុន Ant Group របស់មហាសសេដ្ឋី Jack Ma អាចបោះផ្សាយ IPO ឡើងវិញ

ការរាយការណ៍ពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា និយ័តករហិរញ្ញវត្ថុចិន បានចាប់ផ្ដើមកិច្ចពិភាក្សាជាជំហានដំបូង អំពីលទ្ធភាពក្នុងការកែតម្រូវ…

អ៊ុយក្រែនសម្លឹងឃើញឱកាសនាំចេញអគ្គិសនីទៅអឺរ៉ុប ជាមួយប្រាក់ចំណូលរាប់ពាន់លានដុល្លារ

អ៊ុយក្រែនរំពឹងថា នឹងអាចរកបានប្រាក់ចំណូលប្រមាណ ១,៦ ពាន់លានដុល្លារ ពីការនាំចេញថាមពលអគ្គិសនីទៅកាន់សហភាពអឺរ៉ុបនៅចុងឆ្នាំនេះ ហើយខ្លួនក៏ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ