ប្រមុខ UN ថ្លែងបែបនេះនៅចំពោះមុខមេដឹកនាំនានា ដែលបានមកជួបប្រជុំគ្នាជាលើកដំបូងក្នុងរយៈពេល២ឆ្នាំក្រោយកូវីដ១៩ ដើម្បីដោះស្រាយជម្លោះ គ្រោះមហន្តរាយអាកាសធាតុ ភាពក្រីក្រ វិសមភាព និងដោះស្រាយការបែកបាក់ក្នុងចំណោមមហាអំណាចធំៗ ដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
មហាសន្និបាតអង្គការសហប្រជាជាតិបានចាប់ធ្វើឡើងហើយពីថ្ងៃចន្ទទី១៩ខែកញ្ញា សម្រាប់រយៈពេលមួយសប្តាហ៍ពេញ ដោយផ្តើមពិភាក្សាគ្នាអំពីប្រធានបទសំខាន់ៗជាច្រើន។ ចំណែកចាប់ពីថ្ងៃអង្គារទី២០កញ្ញាតទៅ ប្រមុខរដ្ឋនិងរដ្ឋាភិបាលប្រទេសជាសមាជិកនីមួយៗនឹងឡើងថ្លែងសុន្ទរកថាដោយផ្ទាល់នៅលើវេទិកាអង្គការសហប្រជាជាតិ ខណៈដែលកាលពី២ឆ្នាំមុន បានត្រឹមថ្លែងតាមសារវីដេអូដែលថតទុកប៉ុណ្ណោះ។
នៅក្នុងសុន្ទរកថានៃការចាប់ផ្តើមកិច្ចប្រជុំរបស់មេដឹកនាំនៅថ្ងៃទី ២០ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានលើកឡើងថា ក្រៅតែពីកិច្ចការដ៏ធំធេង ដើម្បីបញ្ជៀសមហន្តរាយដល់ផែនដីដែលកំពុងតែឆាបឆេះដោយជម្លោះនោះ ពិភពលោកក៏នៅតែត្រូវដោះស្រាយជាមួយនឹងជំងឺកូវីដ-១៩ដែរ។ ជាក់ស្តែង លោក Guterres បានគូសបញ្ជាក់ពីកង្វះលទ្ធភាពដែលប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានហិរញ្ញវត្ថុសម្រាប់ការស្តារឡើងវិញ លើវិស័យដែលបាន បាត់បង់មូលដ្ឋាន ដូចជាការអប់រំ សុខាភិបាល និងសិទ្ធិស្ត្រី។
ក្រៅតែពីបញ្ហាកូវីដ១៩ ហិរញ្ញវត្ថុ និងបំណុល ច្បាស់ណាស់ដែលថា សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ជារបៀបវារៈកំពូលមួយ ដែលនឹងត្រូវលើកយកមកជជែក ពិសេសគេជឿជាក់ថា សំណុំរឿងនេះ នឹងត្រូវបានមេដឹកនាំប្រទេសនានា លើកយកមកថ្លែង ក្នុងសន្ទរកថារៀងៗខ្លួនផងដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ប្រមុខដឹកនាំកំពូលនៃប្រទេសអ៊ុយក្រែន គឺលោកហ្សេលេនស្គី ដោយមានការព្រមព្រៀងពិសេស តាមរយៈការបោះឆ្នោត ប្រធានាធិបតីរូបនេះបានទទួលការអនុញ្ញាតឱ្យថ្លែងទៅកាន់អង្គមហាសន្និបាត តាមរយៈវីដេអូ។
លើសពីនេះទៀត ជារឿងគួរភ្ញាក់ផ្អើល និងចាប់អារម្មណ៍មួយទៀត គឺប្រមុខដឹកនាំប្រទេសធំៗពីរ នឹងមិនទៅចូលរួមមហាសន្និបាតនៅឆ្នាំនេះឡើយ នោះគឺ អវត្តមាន របស់ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង។ គួរជម្រាបដែរថា មេដឹកនាំទាំងពីរនេះទើបតែត្រឡប់មកពីជួបគ្នាដោយផ្ទាល់កាលពីប៉ុន្មានថ្ងៃមុននេះ នៅប្រទេសអ៊ូបេគីស្ថាន ក្នុងកិច្ចប្រជុំ អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
ប្រការនេះកាន់តែបាន បង្ហាញយ៉ាងច្បាស់ថា ពិភពលោកកំពុងពុះចែក ប្រេះឆា និងបែងចែកបក្សពួកគ្នា។ នៅចំពោះមុខបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានបរិហារភាពប្រេះឆារបស់ពិភពលោក ដែលពេលនេះមានទម្រង់ជាការពុះចែកភូមិសាស្ត្រយុទ្ធសាស្ត្រ យ៉ាងខ្លាំងមិនធ្លាប់មានទេ គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ដោយលោក បានអំពាវនាវឱ្យពិភពលោកមកជួបជុំគ្នាស្វែងរកដំណោះស្រាយ វិបត្តិប្រឈមទាំងឡាយ។
សូមជម្រាបថា ក្រៅតែពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន វិបត្តិប្រឈមផ្សេងទៀត ដូចជាវិបត្តិកូវីដ១៩ វិបត្តិថាមពលដែលគំរាមកំហែងនៅតំបន់អឺរ៉ុប និងវិបត្តិប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅប៉ាគីស្ថាន នឹងលើកមកដាក់នៅលើតុពិភាក្សានៅថ្ងៃពុធទី២១ខែកញ្ញា ដែលមហាសន្និបាតនេះ នឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូសយ៉ក សហរដ្ឋអាមេរិក៕