របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ ស្តីពី ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា សហរដ្ឋអាម៉េរិក និងប្រទេសចិន នឹងសម្រេចបានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ប៉ុន្តែក្នុងល្បឿនយឺត ខណៈដែលសហភាពអឺរ៉ុប ជប៉ុន និងចក្រភពអង់គ្លេស នឹងសម្រេចបានកំណើនតិចតួច។ ទន្ទឹមនេះ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ធំៗមួយចំនួន ជាពិសេសឥណ្ឌា និងឥណ្ឌូនេស៊ី នឹងសម្រេចបានកំណើនខ្ពស់។
ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនកម្រិតមធ្យមក្នុងរង្វង់១,៩% ក្នុងឆ្នាំ២០២៥ មានការធ្លាក់ចុះបន្តិចបើធៀបនឹងកំណើន២,៨% ដែលសម្រេចបានក្នុងឆ្នាំ២០២៤ ដោយសារទីផ្សារការងារធ្លាក់ចុះ ហើយការចំណាយរបស់អតិថិជនជាអ្នកប្រើប្រាស់មានការថយចុះ។
ជាមួយគ្នានេះ ប្រទេសចិន ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៤,៩% សម្រាប់ឆ្នាំ២០២៤ និង៤,៨% សម្រាប់ឆ្នាំ២០២៥ នេះ ដែលជំរុញដោយការវិនិយោគក្នុងវិស័យសាធារណៈ និងការនាំចេញដ៏រឹងមាំ។ ទោះជាយ៉ាងណា កំណើននេះនៅតែយឺតដោយសារតែការការចាយវាយរបស់អតិថិជនជាអ្នកប្រើប្រាស់ធ្លាក់ចុះ និងផលប៉ះពាល់នៃវិបត្តិកំពុងបន្តកើតមានក្នុងវិស័យអចលនទ្រព្យចិន។
ដោយឡែក អឺរ៉ុបត្រូវបានព្យាករថា នឹងសម្រេចបានកំណើនប្រសើរឡើងបន្តិចក្នុងរង្វង់១,៣% នៅឆ្នាំ២០២៥នេះ បើធៀបនឹងកំណើន០,៩% សម្រេចបានក្នុងឆ្នាំ២០២៤ ដោយសារតែអតិផរណាធ្លាក់ចុះ និងទីផ្សារការងារមានភាពធន់។
ជាការកត់សម្គាល់ អាស៊ីខាងត្បូង ត្រូវបានព្យាករថា នឹងនៅតែជាតំបន់ដែលមានកំណើនលឿនបំផុតរបស់ពិភពលោក ដោយផលិតផលក្នុងស្រុកសរុប (GDP) ក្នុងតំបន់នេះត្រូវបានព្យាករថា នឹងសម្រេចបានកំណើន៥,៧% ក្នុងឆ្នាំ២០២៥ នេះ និង៦%នៅឆ្នាំ២០២៦ ដែលជំរុញដោយកំណើនរឹងមាំនៅក្នុងប្រទេសឥណ្ឌា និងស្ថានភាពសេដ្ឋកិច្ចហក់ងើបឡើងវិញនៅក្នុងប្រទេសប៊ូតង់ នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា។
ឥណ្ឌា ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីខាងត្បូង ត្រូវបានព្យាករថានឹងសម្រេចបានកំណើន៦,៦% ក្នុងឆ្នាំ២០២៥ និង៦,៨% ក្នុងឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការប្រើប្រាស់ និងការវិនិយោគដ៏រឹងមាំក្នុងវិស័យឯកជន។
របាយការណ៍នេះបញ្ជាក់ទៀតថា ធនាគារកណ្តាលសំខាន់ៗទំនងជានឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំ២០២៥ នេះ ខណៈដែលសម្ពាធអតិផរណាធូរស្រាល។ សូមបញ្ជាក់ថា អតិផរណាទូទាំងពិភពលោកត្រូវបានព្យាករថា នឹងធ្លាក់ចុះពី៤% ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៤% ក្នុងឆ្នាំ២០២៥ នេះ ដែលធ្វើឱ្យគ្រួសារ និងអាជីវកម្មនានាដកដង្ហើមបានស្រួលបន្តិច៕
ដោយ: តែម សុខុម