បញ្ហានៅកូរ៉េខាងជើង

ក្រុមប្រឹក្សាសន្តិសុខUN នឹងជួបប្រជុំគ្នាស្ដីពីបញ្ហានៅកូរ៉េខាងជើងនៅថ្ងៃនេះ


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី ១១ ឧសភានេះ តាមការស្នើសុំរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីសកម្មភាពដ៏គគ្លើនរបស់កូរ៉េខាងជើង ដែលបានបាញ់មីស៊ីលសាកល្បងជាបន្ដបន្ទាប់ ខណៈដែលទីក្រុងវ៉ាស៊ីនតោនជំរុញឱ្យស្ថាប័នអន្តរដែលមានសមាជិកចំនួន ១៥ ប្រទេសមួយនេះ ពង្រឹងការដាក់ទណ្ឌកម្មឲ្យកាន់តែខ្លាំងក្លាថែមទៀតទៅលើទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមក្រុមអ្នកការទូត ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានរ៉យទ័រ។
UNSC meet about North Korea
ដោយ

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថ្មី​ៗ​នេះ​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​ចេញពី​នាវាមុជទឹក​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ជា​ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​ផ្លោង​ចុង​ក្រោយបង្អស់​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។

កូរ៉េ​ខាងត្បូង​បាន​បន្ថែម​ថា ទ​ង្វើ​របស់​កូរ៉េ​ខាងជើង​នេះ បាន​កើតឡើង​មុន​ពេល​ការ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាងត្បូង ដែល​បាន​ប្តេជ្ញា​ចិត្ត​ប្រកាន់​ជំហរ​រឹងប៉ឹង​ប្រឆាំង​នឹង​ទីក្រុង​ព្យុ​ង​យ៉ាង ហើយ​ការ​បាញ់​មី​ស៊ី​ល​ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង​នេះ​ទៀត​សោត ក៏​ធ្វើ​ឡើង​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក មក​កាន់​កូរ៉េ​ខាងត្បូង​ផង​ដែរ​។

ចំណែក​ប្រទេស​ជប៉ុន​ក៏​បាន​និយាយ​ដែរ​ថា មី​ស៊ី​ល​ដែល​កូរ៉េ​ខាងជើង​សាកល្បង​នោះ គឺជា​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី ហើយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​លោក Nobuo Kishi បាន​និយាយ​ថា ការ​អភិវឌ្ឍន៍​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង​នៅ​ក្នុង​បច្ចេកវិទ្យា​ទាក់ទង​នឹង​មី​ស៊ី​ល​នុយក្លេអ៊ែរ និង​ការ​បាញ់​ជា​រឿយ​ៗ​នូវ​មី​ស៊ី​ល​ផ្លោង​នេះ បាន​គំរាមកំហែង​ដល់​តំបន់ និង​សហគមន៍​អន្តរជាតិ​។

សហរដ្ឋអាមេរិក​ក៏​បាន​វាយតម្លៃ​ដែរ​ថា កូរ៉េ​ខាងជើង​អាច​នឹង​ត្រៀមខ្លួន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ម្ដងទៀត​នៅ​ដើមខែ​នេះ​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​គឺ​លោកស្រី Linda Thomas-Greenfield បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​វាយតម្លៃ​ថា កូរ៉េ​ខាងជើង​កំពុង​រៀបចំ​កន្លែង​សាកល្បង​មី​ស៊ី​ល​គឺ​កន្លែង​ពុង​ហ្គេ រី (Punggye-ri) របស់​ខ្លួន ហើយ​អាច​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើតេស្ដ​នៅ​ទីនោះ​នៅ​ដើមខែ​នេះ ដែល​នឹង​ក្លាយជា​ការ​សាកល្បង​លើក​ទី​៥​របស់​ខ្លួន​។

មន្ត្រី​នាំពាក្យ​រង​នៃ​ក្រសួងការបរទេស​អា​មេ​រិ​ក​គឺ​អ្នកស្រី Jalina Porter បាន​និយាយ​ពី​ថ្ងៃ​សុក្រ​ថា ការ​វាយតម្លៃ​នេះ គឺ​ស្រប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​សាធារណៈ​ថ្មី​ៗ​នេះ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​។ សហរដ្ឋអាមេរិក​បាន​ចែករំលែក​ព័ត៌មាន​នេះ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​ពួក​គេ ហើយនឹង​បន្ត​ការ​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ពួក​គេ​ផង​ដែរ​។

លោកស្រី Linda Thomas-Greenfield បាន​និយាយ​ថា សហរដ្ឋអាមេរិក​ចង់ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បោះ​ឆ្នោត​នៅ​ក្នុង​ខែឧសភា​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​កូរ៉េ​ខាងជើង ប៉ុន្តែ​មហាអំណាច​មាន​សិទ្ធិ​វ៉េ​តូ គឺ​ប្រទេស​ចិន និង​រុ​ស្ស៊ី​បាន​បង្ហាញ​សញ្ញា​ថា ពួក​គេ​នឹង​ជំទាស់​ទៅ​នឹង​សកម្មភាព​បន្ថែម​ទៀត​។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ទទួល​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ដាក់​ជា​បន្ដបន្ទាប់​នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​ក្នុង​គោលបំណង​កាត់​ផ្តាច់​មូលនិធិ សម្រាប់​ជួយ​ដល់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​។

ប៉ុន្តែ​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​មួយ​នេះ បាន​ធ្វើការ​ដោយ​ជោគជ័យ ដើម្បី​គេចវេស​ពី​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​មួយ​ចំនួន ហើយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un កាលពី​ខែ​មុន​បាន​សន្យា​ថា​នឹង​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ថែម​ទៀត​។ នេះ​បើ​យោង​តាម​អ្នក​ឃ្លាំមើល​ទណ្ឌកម្ម​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ​៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ជប៉ុនបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើទីក្រុងម៉ូស្គូ ប៉ុន្តែមិនបញ្ឈប់គម្រោងបូមប្រេងរបស់ខ្លួននៅរុស្ស៊ីនោះឡើយ

ជប៉ុនបានប្រកាសកាលពីថ្ងៃទី១០ ឧសភាថា ខ្លួននឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលមានឥទ្ធិពលរុស្ស៊ីបន្ថែមទៀត និង ហា…

នាយករដ្ឋមន្ត្រីស្រីលង្កាសម្រេចចុះចេញពីតំណែង ក្រោយផ្ទុះបាតុកម្មតវ៉ាមានអ្នកស្លាប់

ក្រោយពីមានការផ្ទុះបាតតុកម្មតវ៉ាកាន់តែខ្លាំងក្លានៅទូទាំងប្រទេសនាប៉ុន្មានសប្ដាហ៍មកនេះ នៅទីបំផុតនាយករដ្ឋមន្ត្រីស្រីលង្កា គឺលោក ម៉ាហ៊ីនដា រ៉ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ