កុន​ខ្មែរ​ទៅ​មុខ ឬ​ថយ​ក្រោយ?

តើ​អនាគត​ភាពយន្ត​ខ្មែរ​ទៅ​មុខ​រួច​ទេ បើ​ឮ​ផលិតករ​កុន​ក្នុង​ស្រុក​ថ្ងូរ​ដូច​ព្រាប​អ៊ីចឹង?


វិស័យ​ភាពយន្ត​ខ្មែរ កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ដាំ​​ក្បាល​​ចុះ​​យ៉ាង​ខ្លាំង ខណៈ​ដែល​ខ្សែ​ភាព​យន្ត​បរទេស​លុកលុយ​ចូល​ក្នុង​ទីផ្សារ​កម្ពុជា។ រោងកុន​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​បិទ​ទ្វារ ឬ​ឈប់​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ខ្មែរ បញ្ចាំង​តែ​ខ្សែ​ភាពយន្ត​បរទេស ពីព្រោះ​អ្នក​មើល​មិន​និយម​ភាពយន្ត​ខ្មែរ។
តើ​វិស័យ​ភាព​យន្ត​ខ្មែរ​អាច​ទៅមុខ​រួច​ ដែរ ឬទេ ?

លើកញ្ចក់ទូរទស្សន៍ក្នុងស្រុកស្ទើរតែទាំងអស់ គេឃើញចាក់ផ្សាយភាពយន្តបរទេស ស្ទើរតែគ្រប់ម៉ោង រួមទាំងម៉ោងមាស ពេលល្ងាចចន្លោះពីម៉ោង ៧ល្ងាច ដល់ម៉ោង ៩យប់។ 

ប៉ុន្តែ នៅចុងឆ្នាំ២០១៥ ក្នុងបំណងជួយជំរុញការរើបឡើងវិញនៃវិស័យខ្សែភាពយន្តខ្មែរ ក្រសួងព័ត៌មានបានចេញបម្រាមដល់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ មិនឲ្យចាក់ផ្សាយកម្មវិធី ឬខ្សែភាពយន្តបរទេស នៅចន្លោះពីម៉ោង ៧ល្ងាច ដល់ម៉ោង ៩យប់ ដោយទុកសម្រាប់កម្មវិធីកម្សាន្ត ឬខ្សែភាពយន្តផលិតក្នុងស្រុក។ 

វិស័យភាពយន្តស្ថិតនៅលើវិថីមួយដ៏លំបាក 

ប៉ុន្តែ ទោះជាមានអន្តរាគមន៍នេះក្ដី មួយឆ្នាំជាងមកនេះ គេសង្កេតឃើញវិស័យខ្សែភាពយន្តខ្មែរហាក់មិនទាន់មានសន្ទុះស្ទុះឡើងខ្លាំងក្លានៅឡើយទេ។ ផលិតករភាពយន្តក្នុងស្រុកមួយចំនួនត្អូញត្អែរពីបរាជ័យនៃការផលិតភាពយន្តខ្មែរជាហូរហែដោយសារកត្តាមួយចំនួន។

លោក ឆាយ បូរ៉ា អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ខ្មែរ។ (https://www.facebook.com/prof.chhaybora)

ខាងក្រោមនេះ ជាសារត្អូញត្អែររបស់លោក ឆាយ បូរ៉ា ផលិតករភាពយន្តខ្មែរមួយរូប ដែលតែងតែសកម្មដុតដៃដុតជើងជួយជ្រោមជ្រែងវិស័យភាពយន្តខ្មែរ៖


នៅក្នុងប្រទេសមួយដែលទើបងើបចេញពីភាពក្រីក្រ ប្រជាពលរដ្ឋម្នាក់ៗមានប្រាក់ចំណូល ត្រឹមតែ ១១៥៨ ដុល្លារ ក្នុងមួយឆ្នាំ (Gross Domestic Product (GDP))។ វិស័យភាពយន្តក៏ខំត្រដរងើបឡើង បន្ទាប់ពីដួលរំលំជាច្រើនដង ហើយចុងក្រោយ គឺដួលរលំទាំងស្រុង ក្នុងឆ្នាំ២០០២។ នៅដើមឆ្នាំ ២០១៥ ភាពយន្តខ្មែរបានស្ទុះងើបសាជាថ្មី បន្ទាប់ពីមានរោងភាពយន្តទំនើបត្រូវបានបង្កើតឡើង។ តែការងើបឡើងនេះ វាមិនបានឆ្លុះបញ្ចាំងពីភាពរឹងមាំឡើយ តែជាការងើបឡើងដោយគ្មានគោលដៅច្បាស់លាស់ និងគ្មានគ្រឹះរឹងមាំដែរ។ ភាពបរាជ័យនៃខ្សែភាពយន្តខ្មែរក៏ចេះតែកើតមានជាបន្តបន្ទាប់ចាប់ពីចុងឆ្នាំ២០១៥ រហូតមក។ យើងដឹងថា វាមកពីកត្តាអ្វី តែសុំលើកមកបកស្រាយនៅពេលក្រោយ។ 

ក្រោយពីសមាគមភាពយន្តកម្ពុជា សរសេរលិខិតស្នើសុំលើកលែងពន្ធមួយចំនួន ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រមុខរាជរដ្នាភិបាលបានលើកលែងពន្ធកាត់ទុក ១៥ភាគរយ រហូតដល់ឆ្នាំ២០១៨ (ពន្ធកាត់ទុកនេះ អាចទូទាត់ជាមួយពន្ធលើប្រាក់ចំណេញដែលមានអាត្រា ២០%) តែរក្សាពន្ធលើប្រាក់ចំណូលពីការលក់សំបុត្រទស្សនា ១០ភាគរយ ឲ្យនៅដដែល។ មានន័យថា បន្ទាប់ពីឆ្នាំ២០១៨ ទៅ រាល់ប្រាក់ចំណូលរបស់ផលិតករដែលបានពីការលក់សំបុត្រទស្សនាត្រូវបង់ចូលទៅរដ្ឋ ១៥% +១០%។ 

ខ្ញុំសូមធ្វើការគណនាត្រួសៗ ជូនផលិតករភាពយន្តទាំងអស់ ដើម្បីជាគ្រឹះពិចារណា ថាតើ យើងត្រូវដើរទៅមុខបានដោយរបៀបណា ក្នុងនាមខ្ញុំជាអ្នកសេដ្ឋកិច្ចផង ជាអ្នកផលិតភាពយន្តផង។

ប្រាក់ចំណូលដែលបានមក ហើយត្រូវបែងចែកទៅតាមផ្នែកនីមួយៗ៖ 

  1. បង់ពន្ធ VAT ១០ភាគរយ លើប្រាក់ចំណូលសរុបដែលបានពីការលក់សំបុត្រ
  2. បងពន្ធកាត់ទុក (withholding tax) ១៥ភាគរយ 
  3. បង់ឲ្យរោងភាពយន្ត ៤៦ភាគរយលើចំណូលសរុប បន្ទាប់ពីកាត់ពន្ធ។
  4. បង់ឲ្យក្រុមហ៊ុនចែកចាយ ៥ភាគរយ ប្រសិនបើផលិតករត្រូវការ។

ផលិតករត្រូវចំណាយ ៧៦% នៃប្រាក់ចំណូលរបស់ខ្លួន លើពន្ធនិងរោងភាពយន្ត។ ផលិតករនៅសល់តែ ២៤ភាគរយប៉ុណ្ណោះ នេះមិនទាន់បូករាល់ការចំណាយលើការផ្សព្វផ្សាយ និងសម្ពោធផ្សេងៗទេ។

ភាពយន្តដែលផលិតឲ្យមានគុណភាព ត្រូវចំណាយមិនក្រោម ១០ម៉ឺនដុល្លារទេ ក្នុងខណៈដែលអ្នកទស្សនាកុនខ្មែរមានជាមធ្យម ចន្លោះពី ២ ទៅ ៥ ម៉ឺននាក់ ជាមួយនឹងសំបុត្រទស្សនា តម្លែ ៣ដុល្លារ។

សាកគិតដោយខ្លួនឯងមើល៍ ថាតើ យើងធ្វើភាពយន្ត វាប្រឈមនឹងហានិភ័យប៉ុណ្ណ? តើយើងត្រូវដើរទៅមុខបានដោយរបៀបណា? តើរដ្ឋយកពន្ធពីវិស័យភាពយន្តក្នុងពេលនេះ តើបានប្រាក់ចំណូលចូលរដ្ឋបានប៉ុន្មាន? ឬក៏ត្រូវទុកឲ្យវិស័យនេះងើបឡើង ឲ្យបានរឹងមាំសិន។ 

ខ្ញុំនៅចាំបានថា រដ្ឋបានទុកអនុគ្រោះពន្ធ និងទុកឱកាសឲ្យគ្រឹះស្ថានអប់រំឯកជន រហូតដល់១០ឆ្នាំ តែបែរជាមិនទុកឱកាសឲ្យវិស័យភាពយន្តសោះ។ មានប្រទេសមួយចំនួន រដ្ឋមិនយកពន្ធលើវិស័យវប្បធម៌ទេ ថែមទាំងជួយជាមូលនិធិថែមទៀតផង។ 

ប្រហែលជាត្រូវធ្វើលិខិតដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកលែងពន្ធទាំងនេះហើយ និងសុំទុកឱកាសឲ្យវិស័យភាពយន្តឈានទៅរកភាពរឹងមាំជាមុនសិន៕




អត្ថបទបន្ទាប់


គិត​ត្រឹម​ឆ្នាំ​២០២០ បុរស​ចិន​ដែល​មិន​អាច​រក​ប្រពន្ធ​​បាន​នឹង​កើន​ឡើង​ដល់​៣០​លាន​នាក់

ប្រទេសចិនទំនងជាមានបុរសកម្លោះគ្មានប្រពន្ធ​កាន់​តែ​ច្រើន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ខណៈ​ដែល​ពួកគេ​មិន​អាច​រក​ប្រពន្ធ​បាន ព្រ…

ឆ្នាំ​២០២០ ពិភពលោក​ទាំង​មូល​នឹង​មាន​ឧបករណ៍​ដែល​ភ្ជាប់​អ៊ិនថឹណិត​ច្រើន​ជាង ២៤​ពាន់​លាន​គ្រឿង

ពីមុន និយាយពីអ៊ិនថឹណិត គឺគេគិតតែអំពីកុំព្យូទ័រ និងទូរស័ព្ទ​ដៃ​ស្មាតហ្វូន ជាដើម ប៉ុន្តែ សម័យ​ឌីជីថល​ជឿន​លឿន​សព្វ​ថ្ងៃ វត្ថុ​ប្រើ​ប្រាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ