
ប្រភពដែលស្និទនឹងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ បានឱ្យដឹងថា នៅពេលនេះសហរដ្ឋអាម៉េរិក និងអ៊ុយក្រែន បានយល់ព្រមលើលក្ខខណ្ឌនៃសេចក្តីព្រាងកិច្ចព្រមព្រៀងរ៉ែកម្រសំខាន់ៗរវាងប្រទេសទាំងពីរហើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធលើទីក្រុងគៀវ ឲ្យស្វែងរកមធ្យោបាយក្នុងការបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័សជាមួយប្រទេសរុស្ស៊ី។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី ចង់ធ្វើដំណើរមកកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយនេះ។
អ្នកវិភាគបានលើកឡើងថា ប្រសិនបើលោក ហ្សេឡិនស្គី ពិតជាធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះមែន វាជាការបន្ធូរបន្ថយភាពតានតឹងផ្នែកការទូតរវាងទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប ផងដែរ។ បើតាមការលើកឡើងរបស់អ្នកវិភាគ ការប្រញាប់ប្រញាល់របស់លោក ត្រាំ ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន កំពុងបង្កឱ្យមានការភ័យខ្លាចចំពោះការផ្តល់សម្បទានរបស់សហរដ្ឋអាម៉េរិក ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
មកទល់ពេលនេះក្រៅពីអ៊ុយក្រែន ដែលកំពុងតែចាញ់ប្រៀបអាម៉េរិក សូម្បីតែសហភាពអឺរ៉ុប ក៏នៅតែមានមន្ទិលនឹងគោលនយោបាយរបស់លោក ត្រាំ ចំពោះទីក្រុងគៀវ និងទីក្រុងមូស្គូ ផងដែរ។ កាលពីសប្តាហ៍មុន លោក ត្រាំ ធ្លាប់ហៅលោក ហ្សេឡិនស្គី ថា ជាជនផ្តាច់ការ ហើយជាការឆ្លើយតបមេដឹកនាំអ៊ុយក្រែន ចោទថា ប្រធានាធិបតីអាម៉េរិក កំពុងរស់នៅក្នុងពពុះព័ត៌មានមិនពិត។
មកដល់ពេលនេះធនធានរ៉ែកម្រដែលសហរដ្ឋអាម៉េរិក ចង់បានពីអ៊ុយក្រែនបំផុតនោះ គឺទាក់ទងនឹងផលិតកម្មដែលបម្រើដល់ឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនី និងសារធាតុសម្រាប់ដំណើរការរ៉េអាកទ័រនុយក្លេអ៊ែ ដោយរ៉ែទាំងនោះ រួមមានរ៉ែលីចូម ទីតាញ៉ូម ឧស្ម័ន និងអ៊ុយរ៉ាញូមជាដើម៕
ដោយៈ សរ សុជាតិ