សេដ្ឋកិច្ចវិទូជាច្រើនរូប បានអះអាងថា ការបាត់បង់ការងារនេះ គឺជាសញ្ញាចង្អុលបង្ហាញពី ផលប៉ះពាល់ដោយមេរោគកូវីដ១៩ ថាមានឥទ្ធិពលធ្ងន់ធ្ងរកម្រិតណា បន្ទាប់ពី ការចាត់វិធានការគម្លាតសង្គម ដែលឈានដល់ការបិទទីក្រុងអស់រយៈពេល ៦សប្តាហ៍ នេះ។
អត្រាអត់ការងារធ្វើនេះ ជាតួលេខមួយខ្ពស់បំផុត ចាប់តាំងពី អាមេរិក ជួបប្រទះនូវ វិបត្តិហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០០៨មក ដែលមានប្រជាពលរដ្ឋអាមេរិក ត្រឹមតែ ១៥លាននាក់ ដែលគ្មានការងារធ្វើ។
គិតត្រឹមថ្ងៃទី ១៣ ខែមីនាកន្លងទៅ ប្រជាពលរដ្ឋអាមេរិកជាង ៧លាននាក់ គ្មានការងារធ្វើនោះទេ បើយើងគួបផ្សំជាមួយនឹង អ្នកបាត់បង់ការងារ អំឡុងពេលកូវីដ១៩នេះ ជាង ២៦លាននាក់ទៀត នោះចំនួនអ្នកអត់ការងារធ្វើ នឹងកើនដល់ ៣៣លាននាក់ ដែលស្មើនឹង ២០% នៃការងារសរុបទូទាំងសហរដ្ឋអាមេរិក។
ដោយឡែក រដ្ឋាភិបាលអាមេរិក មិននៅស្ងៀមនោះទេ ដោយបានអនុវត្តនូវ កម្មវិធីជួយសង្គ្រោះអ្នកបាត់បង់ការងារទាំងអស់នេះ និងជួយដល់ក្រុមហ៊ុនជាច្រើន ដែលត្រូវបង្ខំកាត់បន្ថយបុគ្គលិក ដើម្បីចូលរួមវិធានការគម្លាតសង្គម។
សូមជម្រាបថា រដ្ឋាភិបាលអាមេរិក ក៏មានគម្រោងនឹងបើកសេដ្ឋកិច្ចឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះដែរ បើទោះបីជា មានការព្រមានពី អ្នកជំនាញនៅក្នុងវិស័យសុខាភិបាលក៏ដោយ ជាក់ស្តែង ទោះបីជាមានការផ្អាកសកម្មភាពអាជីវកម្ម នៅក្នុងទីក្រុងជាច្រើនរួចហើយក៏ដោយ ករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសអាមេរិក នៅតែកើនឡើងដល់ជាង ៩៦ម៉ឺនករណី និងមានករណីស្លាប់ជាង ៥ម៉ឺនករណី គិតត្រឹមថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០នេះ៕