បណ្ដាអ្នកតំណាងការទូតនៅអង្គការសហប្រជាជាតិបានឱ្យដឹងថា ប្រទេសកូឡុំប៊ី ដោយមានការគាំទ្រពីប្រទេសរុស្ស៊ី និងចិនបានស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក១៥ប្រទេសឱ្យកោះប្រជុំបន្ទាន់ ដើម្បីពិភាក្សាលើបញ្ហាការវាយប្រហាររបស់អាម៉េរិកលើប្រទេសវេណេស៊ុយអេឡា។ បើតាមការអះអាងរបស់លោក អង់តូនីញ៉ូ ហ្គោតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ UN នឹងជួបប្រជុំគ្នានៅថ្ងៃទីចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ ហើយបានចាត់ទុកទង្វើរបស់អាម៉េរិកជាគំរូដ៏អាក្រក់បំផុត។
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយក្រោយការវាយប្រហារលើវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា ថា អាម៉េរិកនឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា រហូតដល់មានការផ្លាស់ប្តូរប្រកបដោយសុវត្ថិភាព និងសមស្រប។ ទោះជាយ៉ាងណា វានៅតែមិនទាន់ច្បាស់ថា តើលោក ត្រាំ មានផែនការគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាដោយរបៀបណានៅឡើយទេ។
លោក សាមូអែល ម៉ូសាដា (Samuel Mossada) ឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡាប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសៅរ៍ ទី៣ ខែមករា ថា នេះជាសង្គ្រាមអាណានិគមដែលមានគោលបំណងបំផ្លាញទម្រង់សាធារណរដ្ឋរបស់រដ្ឋាភិបាលវេណាស៊ុយអេឡា ដែលកើតចេញពីការជ្រើសរើសដោយសេរីរបស់ប្រជាជន ហើយការបង្កើតរដ្ឋាភិបាលអាយ៉ង នឹងបើកផ្លូវសម្រាប់ការលួចប្លន់ធនធានធម្មជាតិរបស់វេណេស៊ុយអេឡា ដែលជាប្រភពប្រេងបម្រុងដ៏ធំបំផុតរបស់ពិភពលោកផងដែរ។
ជាមួយគ្នានេះ លោក ស្តេហ្វាន ឌូចារិក (Stéphane Dujarric) អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានចាត់ទុកប្រតិបត្តិការខាងយោធារបស់សហរដ្ឋអាម៉េរិក គឺជាការបង្កើតគំរូដ៏គ្រោះថ្នាក់បំផុតមួយ។ ហើយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្រោយ UN មានការព្រួយបារម្ភយ៉ាងខ្លាំងថា ច្បាប់អន្តរជាតិមិនត្រូវបានគោរព៕