ជាមួយគ្នានេះ ធនាគារពិភពលោកបានប្រកាសផ្តល់មូលនិធិបន្ថែមចំនួន ១២ ពាន់លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយ "ឥទ្ធិពលដែលអូសបន្លាយដ៏អាក្រក់នេះ" នៃវិបត្តិស្បៀងអាហារនេះផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានធំៗ។បញ្ហាអសន្តិសុខផ្នែកស្បៀងកំពុងហក់ឡើង ដោយសារតែសីតុណ្ហភាពកើនកំដៅ ការរាតត្បាតនៃមេរោគឆ្លង (COVID-19) និងការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលនាំឱ្យមានកង្វះខាតការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនិងជីកសិកម្មផ្សេងៗ។នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ស្តីពីសន្តិសុខស្បៀងពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា សង្រ្គាមរុស្សី-អ៊ុយក្រែននឹង "គំរាមកំហែងដល់អាយុជីវិតមនុស្សរាប់សិបលាននាក់ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិស្បៀងអាហារ"។ នោះក៏ដោយសារតែប្រទេសរុស្ស៊ី និងអ៊ុយក្រែនតែឯង អាចផលិតបានដល់ទៅ ៣០%នៃការផ្គត់ផ្គង់ស្រូវសាលីពិភពលោកសរុប។ ហើយការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន និងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិលើប្រទេសរុស្ស៊ីបានរំខានការផ្គត់ផ្គង់ជីកសិកម្ម ស្រូវសាលី និងទំនិញផ្សេងទៀតពីប្រទេសទាំងពីរនេះ ដោយជំរុញឱ្យតម្លៃស្បៀងអាហារ និងប្រេងឥន្ធនៈឡើងថ្លៃ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
សូមរំលឹកថា មុនពេលការលុកលុយរបស់រុស្សីក្នុងខែកុម្ភៈ អ៊ុយក្រែនត្រូវបានគេមើលឃើញថាជាប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការផលិតនំប៉័ងរបស់ពិភពលោក ដោយក្នុងមួយខែអ៊ុយក្រែនបាននាំចេញកសិផលចំនួន ៤លាន៥សែនតោន តាមរយៈកំពង់ផែរបស់ខ្លួន ពោលគឺ ១២% នៃស្រូវសាលីរបស់ពិភពលោក រួមទាំងគ្រាប់ពោត ១៥% និងពាក់កណ្តាលនៃប្រេងចម្អិនអាហាររបស់ពិភពលោក។
ប៉ុន្តែកំពង់ផែអូដេសា (Odessa), ឆុន័រមុក (Chornomorsk) និងកំពុងផែផ្សេងទៀតរបស់អ៊ុយក្រែនត្រូវបានកាត់ផ្តាច់ពីពិភពលោកបច្ចុប្បន្នរុស្ស៊ីកំពុងកាន់កាប់ ហើយបច្ចុប្បន្នអ៊ុយក្រែន អាចផ្គត់ផ្គង់ផលិតផលកសិកម្មទៅកាន់ពិភពលោកបានតែតាមផ្លូវគោកប៉ុណ្ណោះ ដែលមានការកកស្ទះ និងមិនសូវមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូននោះទេ។
លោក Gurterres បានបន្ថែមយ៉ាងច្បាស់ថា វាគ្មានមធ្យោបាយផ្សេង ដើម្បីឆ្លើយតបទៅនឹងវិបត្តិស្បៀងអាហារនេះទេ ក្រៅតែពីបើកឲ្យដំណើរការនូវផលិតកម្មស្បៀងអាហាររបស់អ៊ុយក្រែនឡើងវិញ ហើយប្រទេសរុស្ស៊ីត្រូវតែអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាព និងរក្សាសុវត្ថិភាពកំពង់ផែអ៊ុយក្រែនទាំងនោះ។ លោកក៏បញ្ជាក់ដែរថា អាហារនិងជីកសិកម្មរបស់រុស្សី "ត្រូវតែមានការអនុញ្ញតឲ្យចូលទីផ្សារពិភពលោកយ៉ាងពេញលេញ និងគ្មានដែនកំណត់" ផងដែរ។
ជាមួយគ្នានេះដែរ បើតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោក ធនាគារនេះ នឹងផ្តល់នូវជំនួយសរុប សម្រាប់គម្រោងក្នុងរយៈពេល ១៥ ខែខាងមុខក្នុងទំហំទឹកប្រាក់ដល់ទៅ ៣០ ពាន់លានដុល្លារ។ស្ថាប័នអន្តរជាតិមួយនេះបាននិយាយថា មូលនិធិជំនួយថ្មីនេះនឹងជួយជំរុញការផលិតស្បៀងនិងជីធម្មជាតិ ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មកាន់តែប្រសើរជាងមុន និងជួយដល់គ្រួសារដែលងាយរងគ្រោះ និងអ្នកផលិតផងដែរ។ទីក្រុងវ៉ាស៊ីនតោនបានស្វាគមន៍ការសម្រេចចិត្តនេះ ដែលវាជាផ្នែកមួយនៃផែនការ ដែលមានការចូលរួមដោយមេដឹកនាំពហុភាគីនានា និងធនាគារអភិវឌ្ឍន៍ក្នុងតំបន់ ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារនេះ។
ដោយឡែក ប្រទេសឥណ្ឌាកាលពីចុងសប្តាហ៍នេះ បានបិទការនាំចេញស្រូវសាលីរបស់ខ្លួនដែលបានធ្វើឱ្យតម្លៃស្រូវសាលីកើនឡើងទ្វេដង។ ការហាមឃាត់នៃការនាំចេញរបស់ឥណ្ឌានេះ ត្រូវបានប្រកាសកាលពីសប្ដាហ៍មុន នៅចំពោះមុខការធ្លាក់ចុះនៃការផលិត ដែលបណ្តាលមកពីការកើនឡើងរលកកំដៅខ្លាំង៕
អត្ថបទ ហ៊ុន គន្ធថៃ