ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា កម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌នេះ មិនមែនជាលើកដំបូងនោះទេ តែវាជាជំនួយលើកទី៣ហើយ ដែលអាមេរិក បានជួយដល់គម្រោងនៃការភិរក្ស និងជួសជុលជណ្ដើរបុរាណផ្នែកខាងជើង ជណ្តើរថ្នាក់ទី៦ និងថ្នាក់ទី៧ ក៏ដូចជាជួសជុលចម្លាក់តោចំនួន២ នៅក្នុងប្រាសាទផងដែរ។
គួរកត់សម្គាល់ថា សហរដ្ឋអាមេរិកផ្ដល់ជំនួយលើកនេះមានប្រមាណជាង៨ម៉ឺនដុល្លារ ខណៈគម្រោងលើកទី១ និងទី២ ដែលបានធ្វើចាប់ពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២១ នេះ បានបញ្ចប់ជាស្ថាពរ ដោយចំណាយក្នុងទឹកប្រាក់សរុបប្រមាន ៣២ម៉ឺនដុល្លារអាមេរិក។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា លោកពិតជាមានមោទនភាព ដែលបានចូលរួមបរិច្ចាគបន្ថែមដើម្បីការអភិរក្សប្រាសាទព្រះវិហារ ហើយលោកបានបញ្ជាក់ថា នឹងបន្តជាដៃគូដ៏សំខាន់នៅក្នុងកិច្ចការនេះបន្តទៀតផងដែរ។
សូមជម្រាបថា កម្មវិធីមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ (AFCP) ត្រូវបានបង្កើតឡើងដើម្បីជួយអភិរក្សការពារនូវបេតិកភណ្ឌវប្បធម៌សំខាន់ៗ ជុំវិញពិភពលោក។
បន្ថែមពីលើការងារនៅប្រាសាទព្រះវិហារ ក្រោមជំនួយកម្មវិធីនេះ និងមូលនិធិផ្សេងៗទៀត រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយជួយដល់កម្ពុជាជាង ៥លានដុល្លារអាមេរិក រាប់ចាប់តាំងពីឆ្នាំ២០០១មក ដើម្បីជួយដល់ការ អភិរក្សទីតាំងបេតិកភណ្ឌសំខាន់ៗផ្សេងទៀត៕