ក្រៅតែពីការថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហឹង្សាលើក្រុមអ្នកតវ៉ាដោយសន្តិវិធី រួមទាំងស្ត្រីនិងកុមារដែរនោះ សមាជិកទាំង១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទទូចឲ្យក្រុមប៉ូលីសបង្រ្កាបបាតុករ មានភាពអត់ធ្មត់ ដើម្បីជៀសវាងកុំឲ្យមានអ្នករងរបួស និងស្លាប់បន្តទៀត ព្រមទាំងបានអំពាវនាវឲ្យដោះលែងប្រជាជនទាំងជាង ២ពាន់នាក់ ដែលពួកយោធាបានចាប់ខ្លួន។
ក្នុងលិខិតថ្កោលទោសដដែលនោះ បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខគាំទ្រឲ្យមានការផ្លាស់ប្តូរស្ថានការណ៍ឲ្យត្រលប់មករកលទ្ធិប្រជាធិបតេយ្យវិញ និងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការ គោរពសិទិ្ធមនុស្ស និងសេរីភាពជាមូលដ្ឋាន ព្រមទាំងការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺស្ថិតនៅត្រង់ខ្លឹមសារនៃលិខិតថ្កោលទោសដែលបានផ្សាយ និងត្រូវបានយល់ស្របដោយសមាជិកអចន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ទាំង១៥របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែម្ដង។ ដោយមែនទែនទៅ ចក្រភពអង់គ្លេសជាអ្នករៀបរាង ខ្លឹមសារដើមនៃលិខិតថ្កោលទោសលើកនេះដោយបានសរសេរថា «ថ្កោលទោសរដ្ឋប្រហារនៅភូមា» ប៉ុន្តែលើកមុនដែរ លិខិតនេះ មិនអាចចេញផ្សាយបាននោះទេ ដោយសារតែមានការមិនយល់ស្របពីប្រទេសចិន និងរុស្សី។
ប្រការនេះ បានទៀមទារឲ្យមានការពិភាក្សាគ្នាឡើងវិញ ក្នុងជំនួបនៃក្រុមប្រឹក្សាសន្តិសុខ រហូតដល់មានការកែសម្រួលខ្លឹមសារពីខ្លឹមសារដើម ដែលសម្រេចមកសរសេរត្រឹមការប្រើប្រាស់ឃ្លាថា «ថ្កោលទោសអំពើហឹង្សា» វិញ ទើបលិខិតថ្កាលទោសនេះអាចចេញបាននៅថ្ងៃពុធសប្ដាហ៍នេះ។
សូមជម្រាបជូនថា ទោះបីការថ្កោលទោស និងមានការទទូចពីមជ្ឈដ្ឋានអន្តរជាតិបានធ្លាក់មកជាបន្តបន្ទាប់ក្តី ក៏អំពើហឹង្សាពីសំណាក់ក្រុមយោធាលើក្រុមបាតុនៅតែបន្តកើតឡើង។ ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍ទី ១១ ខែមីនា យ៉ាងហោចណាស់អ្នកតវ៉ាចំនួន ៧នាក់ទៀត ត្រូវបានយោធាបាញ់ស្លាប់ក្នុងក្រុងយ៉ង់ហ្គូន និងក្រុងម៉ាយ៉ាង នៃប្រទេសភូមា៕