មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការប្រឆាំងអំពើពុករលួយ (ACC) របស់ប្រទេសបង់ក្លាដែស នៅក្នុងសប្តាហ៍នេះ បានជួបជាមួយមន្ត្រីមកពី FBI និងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដើម្បីជជែកគ្នាលើបញ្ហាមួយចំនួនជាពិសេសពាក់ព័ន្ធនឹងសាច់ប្រាក់ដែលបានហូរចេញពីបង់ក្លាដែសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅជាង១០ឆ្នាំចុងក្រោយ។ នៅក្នុងជំនួបនោះ ស្ថាប័នជំនាញខាងប្រឆាំងអំពើពុករលួយ និងឧក្រិដ្ឋកម្មទាំងពីរបានសន្យាជួយមន្ត្រីជំនាញ និងបណ្តុះបណ្តាលជំនាញដល់មន្ត្រីបង់ក្លាដែស ដើម្បីប្រមូលប្រាក់ដែលត្រូវបានគេលាងសម្អាត ហើយលួចបញ្ចូនចេញក្រៅប្រទេសកាលពី១៥ឆ្នាំកន្លងមកត្រឡប់មកវិញ។
លោកស្រី ខសេដា យ៉ាស្មិន (Khorsheda Yasmeen) លេខាធិការនៃគណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មន្ត្រី FBI បានសាកសួរអំពីរបៀប និងសកម្មភាពស៊ើបអង្កេត ក៏ដូចជាការធ្វើចារកម្មនៅក្នុងប្រទេសបង់ក្លាដែសដែលគេកំពុងអនុវត្ត។ លោកស្រីបាននិយាយថា ពួកគេបើកផ្លូវឱ្យបង់ក្លាដែស អាចស្វែងរកជំនួយណាមួយពី FBI បាន ប្រសិនបើចាំបាច់ក្នុងការប្រមូលប្រាក់ដែលលាងជម្រះ ហើយត្រូវគេបង្ហូរចេញកន្លងមកត្រឡប់មកវិញ។
លោក អាតារុល អ៊ីស្លាម ( Aktarul Islam ) អនុប្រធាននៃគណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស បានប្រាប់ Nikkei Asia ថា ក្រុមមន្រ្តី FBI នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដែសក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាបន្ថែមអំពីវិធីក្នុងការផ្តល់ជំនួយបច្ចេកទេស។
ភ្នាក់ងារ FBI បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅកាន់ Nikkei នៅពេលត្រូវបានសួរតាមអ៊ីមែលសម្រាប់ព័ត៌មានលម្អិតអំពីកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបានជាមួយគណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស នោះទេ។ មកដល់ពេលនេះការិយាល័យរបស់ទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែសបានប៉ាន់ស្មានថា ទឹកប្រាក់សរុបប្រមាណ១០០ពាន់លានដុល្លារត្រូវបានគេលួចបញ្ចេញពីប្រទេសក្នុងអំឡុងពេល១៥ឆ្នាំចុងក្រោយនេះ។
ទឹកប្រាក់ទាំងនេះវាត្រូវបានគេជឿថា ត្រូវគេលួចបញ្ចេញក្រោមរូបភាពផ្តល់មូលនិធិផ្សេងៗ ក៏ដូចជាតាមរយៈការធ្វើពាណិជ្ជកម្មខុសច្បាប់ និងក្រៅប្រព័ន្ធធនាគារ។ យោងតាមរបាយការណ៍ Global Financial Integrity ដែលបានចេញផ្សាយនៅឆ្នាំ២០២១ បានប៉ាន់ប្រមាណថា ជាមធ្យមទឹកប្រាក់ប្រហែល៨,៣ ពាន់លានដុល្លារត្រូវបានលាងសម្អាតពីប្រទេសបង់ក្លាដែសជារៀងរាល់ឆ្នាំពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨៕
ដោយៈ សរ សុជាតិ