កូវីដវាយលុករោងចក្រនៅអាស៊ី

កូវីដ-១៩បំប្លែងថ្មី ឌែលតា កំពុងធ្វើឲ្យរោងចក្រឧស្សាហកម្មនៅអាស៊ីរង្គោះរង្គើ


បណ្តារោងចក្រឧស្សាហកម្មនៅប្រទេសក្នុងតំបន់អាស៊ី បាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសចាប់ពីអំឡុងខែកក្កដា ថ្មីៗកន្លងមកនេះ គួបផ្សំជាមួយនឹង ការចំណាយថ្លៃដើមរបស់រោងចក្រឧស្សាហកម្មនីមួយៗក៏មានការកើនឡើងខ្ពស់ផងដែរ ហើយវាស្របពេលជាមួយនឹង រលកឆ្លងកូវីដ១៩ ប្រភេទ ឌែលតា កំពុងតែវាយលុកយ៉ាងសម្បើមនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ី។បញ្ហាធំៗទាំងអស់នេះហើយ ដែលជាដើមចម ធ្វើឲ្យរង្គោះរង្គើដល់ខ្សែសង្វាក់ និងសកម្មភាពនានារបស់រោងចក្រឧស្សាហកម្មនៅក្នុងតំបន់អាស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
បណ្តារោងចក្រឧស្សាហកម្មនៅប្រទេសក្នុងតំបន់អាស៊ី បាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសចាប់ពីអំឡុងខែកក្កដា ថ្មីៗកន្លងមកនេះ
ដោយ

យោង​តាម​ទិន្នន័យ​ពី​រោងចក្រ​សហគ្រាស​នៅ​ក្នុង​ប្រទេស​ជប៉ុន និង កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សកម្មភាព​នាំ​ចេញ​ទំនិញ និង ផលិតផល​ចេញពី​រោងចក្រ​ដែល​មា​នទី​តាំងនៅ​ក្នុង​ប្រទេស​ទាំង​ឧស្សាហកម្ម​រីក​ចម្រើន​ទាំង​ពីរ​ខាងលើ​នេះ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក៏​ប៉ុន្តែ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ទាំង​២​នេះ បាន​និង​កំពុង​រង​គ្រោះ​ដោយសារ​តែ វត្តមាន​នៃ​កូ​វី​ដ​១៩​ឌែ​លតា ធ្វើ​ឲ្យ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ត្រូវ​បាន​រាំងស្ទះ  គូប​ផ្សំ​នឹង​កង្វះខាត​វត្ថុធាតុដើម​ក្នុង​ការ​ផលិត ដែល​នាំ​ឲ្យ​រោងចក្រ​ត្រូវ​បង្កើន​ការ​ចំណាយ​ថ្លៃដើម​ទ្វេ​ដង​។

មិនមែន​មាន​តែ​រោងចក្រ​សហគ្រាស​នៅ​ក្នុង​ប្រទេស​ជប៉ុន និង កូរ៉េ​ខាងត្បូង ទេ ដែល​កំពុង​តែ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយឡែក នៅ​ប្រទេស​ចិន ឯណោះ​វិញ គេ​សង្កេត​ឃើញ​តម្រូវការ​ផលិត​ក្នុង​រោងចក្រ​ក៏​មានការ​ធ្លាក់​ចុះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​សកម្មភាព​របស់​រោងចក្រ​ឧស្សាហកម្ម ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ពិភពលោក​មួយ​នេះ បាន​ដាំ​ក្បាល​ចុះ​ដូច​គ្នា ពិសេស​នៅ​អំឡុង​ខែកក្កដា កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ការ​ធ្លាក់​ថ​ចុះ​នេះ ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​សម្រាប់​រោងចក្រ​ក្នុង​ប្រទេស​ចិន សម្រាប់​ឆ្នាំ​២០២១​នេះ​។

ក្រៅពី​នោះ គេ​សង្កេត​ឃើញ​ថា សកម្មភាព​រោងចក្រ​ឧស្សាហកម្ម​ក្នុង​ប្រទេស​តំបន់​អាស៊ាន​មួយ​ចំនួន ក៏​បាន​ដាំ​ក្បាល​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។ បើ​យោង​តាម​ការ​ស្ទង់​មតិ​ដោយ​វិស័យ​ឯកជន​បានឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី វៀតណាម និង ម៉ា​ឡេ​ស៊ី បាន​កត់ត្រា​ពី​សកម្មភាព​រោងចក្រ ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​ខែកក្កដា ជា​ពេល​ដែល​កូ​វី​ដ​១៩​ឌែ​លតា កំពុង​ចរាចរ​យ៉ាង​សកម្ម គូប​ផ្សំ​នឹង​ការ​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​ទាំង​អស់នោះ​ផង​ដែរ​។ 

បើ​យោង​តាម​ស​ន្ទ​ស្សន៍​ផលិតកម្ម​រោងចក្រ​ឧស្សាហកម្ម​ហៅ​កាត់​ថា PMI របស់​ប្រទេស​ចិន​បាន​បង្ហាញ​ថា ស​ន្ទ​ស្សន៍​ពិន្ទុ​សកម្មភាព​រោងចក្រ​ក្នុង​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​ពី ៥១.៣ នៅ​ខែមិថុនា មក​នៅ​ត្រឹម ៥០.៣ ក្នុង​ខែកក្កដា​។ ដោយឡែក ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ប្រទេស​មានការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ខ្លាំង​ជាងគេ​នៅ​អាស៊ាន បាន​ធ្លាក់​ចុះ​ស​ន្ទ​ស្សន៍​ពិន្ទុ​សកម្មភាព​រោងចក្រ​ខ្លាំង​មែនទែន​តែ​ម្តង គឺ​ធ្លាក់​ពី ៥៣.៥​ពិន្ទុ ក្នុង​ខែមិថុនា មក​នៅ​ត្រឹម ៤០.១​ក្នុង​ខែកក្កដា​។ 

សូម​ជម្រាប​ដែរ​ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ធ្លាប់​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​អ្នកដឹកនាំ​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​ជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ពិភពលោក​ដទៃ​ទៀត ក្នុង​ការ​ស្តារ​ឡើង​វិញ នូវ​សេដ្ឋកិច្ច​សកល ក្រោយ​កូ​វី​ដ​១៩ ក៏​ប៉ុន្តែ​ពេល​នេះ សេដ្ឋកិច្ច​នៅ​ទ្វីបអាស៊ី កំពុង​មានការ​យឺតយ៉ាវ​ក្នុង​ការ​ស្រោចស្រង់​ឡើង​វិញ ពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​មើលឃើញ​ពី​សកម្មភាព​វាយលុករ​ពី​មេរោគ​កូ​វី​ដ​១៩ បំប្លែង​ខ្លួន​ឌែ​លតា គូប​ផ្សំ​នឹង​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​មួយ​ចំនួន​មាន​ភាព​យឺតយ៉ាវ​នៅឡើយ​នោះ​៕  

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃពន្យារពេលបិទខ្ទប់២សប្ដាហ៍ទៀត តើអំឡុងពេលនេះថៃរឹតបន្ដឹងអ្វីខ្លះ?

ព័ត៌មាន
ស្ថានការណ៍កាន់តែអាក្រក់ទៅៗ បានបង្ខំឲ្យរាជរដ្ឋាភិបាលថៃសម្រេចបន្ដការបិទខ្ទប់ និង ការដាក់វិធានការតឹងរ៉ឹង ក៏ដូចជាបម្រាមគោចររយៈពេល ២សប្ដា...

ព្រឹទ្ធសភាអាមេរិកបញ្ចេញគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងខ្ទង់ចំណាយ ១ទ្រីលានដុល្លារ

ព័ត៌មាន
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅដើមខែកក្កដានេះ បានបញ្ចេញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសថ្មីមួយ ដែលរួមបញ្ចូលការវិនិយោគលើផ្លូវថ្នល់ ស្ព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ