
ក្នុងពេលសម្ដែងមតិស្វាគមន៍នៅចំពោះមុខជនរងគ្រោះដោយទឹកជំនន់រាប់រយនាក់ លោក Ben Li ដែលជាស្ថាបនិក និងអគ្គនាយកនៃគម្រោងខុនដូ Urban Village បានសម្តែងការអាណិតអាសូរ និងលើកទឹកចិត្តពួកគេឲ្យនៅតែបន្ដមានក្ដីសង្ឃឹមនៅក្នុងកំឡុងពេលដ៏លំបាកនេះ។
លោក Ben Li បានមានប្រសាសន៍ថា “គ្រួសាររបស់ខ្ញុំបានមកធ្វើជំនួញក្នុងប្រទេសកម្ពុជាជិត ៣០ឆ្នាំមកហើយ។ ខ្ញុំស្រលាញ់ប្រទេសកម្ពុជា។ ទីនេះគឺជាផ្ទះរបស់ខ្ញុំ។ នៅពេលដែលខ្ញុំបានឃើញព័ត៌មាន ដែលមានផ្ទះសម្បែង អាជីវកម្ម និង ចំការ ជាច្រើនត្រូវបានបំផ្លាញដោយទឹកជំនន់នោះ ខ្ញុំពិតជាមានអារម្មណ៍ពិបាកចិត្តណាស់។”
“ការប្រឈមមុខជាមួយផលលំបាកពីគ្រោះទឹកជំនន់តែម្នាក់ឯង វាមិនងាយស្រួលនោះទេ។ តោះយើងនាំគ្នាកាន់ដៃគ្នា ហើយយើងនឹងឆ្លងកាត់គ្រោះទឹកជំនន់នេះជាមួយគ្នា។ តោះយើងរួមគ្នាធ្វើឲ្យ កម្ពុជាប្រសើរឡើងជាមួយគ្នា។” លោក Ben Li បានមានប្រសាសន៍បន្ថែម។

លោក Ben Li ក៏បានបញ្ជាក់បន្ថែមទៀតថាកម្មវិធីជំនួយសប្បុរសធម៌នេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងធ្វើការទាំងយប់ថ្ងៃដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាជនរងគ្រោះ និង ការបំផ្លិចបំផ្លាញផ្សេងៗដោយគ្រោះទឹកជំនន់នៅទូទាំងប្រទេស។
“គម្រោង Urban Village គាំទ្រទៅដល់សកម្មភាពនៃការផ្ដល់ជូនត្រឡប់វិញទៅសហគមន៍ ជាពិសេសនៅក្នុងអំឡុងពេលដែលមានតម្រូវការខ្លាំង។ បន្ទាប់ពីមានព្យុះភ្លៀងមេឃនឹងស្រលះ។” លោក Ben Li បានមានប្រសាសន៍បន្ថែម។
លោក អ៊ា ចរិយា ប្រធានក្រុមហ៊ុនអចលនទ្រព្យ AP Real Estate ដែលបានដឹកនាំក្រុមការងាររបស់ លោកចូលរួមក្នុងព្រឹត្តិការណ៍នេះបានលើកឡើងថា លោកសង្ឃឹមថាកម្មវិធីជំនួយសប្បុរសធម៌នេះ នឹងជួយផ្សព្វផ្សាយអំពីវប្បធម៌នៃការជួយគ្នាក្នុងគ្រាលំបាក ៖ ”ការចូលរួមចំណែកក្នុងសង្គម គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ហើយការជួយអ្នកដ៏ទៃដែលកំពុងជួប ការលំបាកគឺជារឿងចាំបាច់ ដែលយើងគួរតែធ្វើទៅតាមលទ្ធភាពដែលយើងមាន។ ក្រៅពីនេះការជួយ អ្នកដ៏ទៃក៏ធ្វើឲ្យយើងមានអារម្មណ៍ល្អជាមួយខ្លួនឯងផងដែរ។ ដូច្នេះការចូលរួមចំណែកនៅក្នុងកម្មវិធី នេះគឺដើម្បីលើកកម្ពស់វប្បធម៌នៃការចេះជួយគ្នា និងបង្ហាញពីការយកចិត្តទុកដាក់ ការព្រួយបារម្ភ និងការចែករំលែកនូវក្តីស្រលាញ់របស់យើងទាំងអស់គ្នាទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវការលំបាកដោយសារបញ្ហាគ្រោះទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញនេះ។” លោក អ៊ា ចរិយា បានមានប្រសាសន៍។
សរុបមកគ្រួសាររងគ្រោះចំនួន ៣០០ មកពីភូមិចំនួន៦ផ្សេងៗគ្នានៅក្នុងសង្កាត់ ទៀន ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បានទទួលនូវអំណោយ រួមមាន អង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ និង ថវិការមួយចំនួន៕

