ក្នុងពេលថ្មីៗនេះ ឯកសាររបស់អង្គការពលកម្មអន្តរជាតិ (ILO) បានបង្ហាញថា គណៈកម្មការនៃភ្នាក់ងារអង្គការសហប្រជាជាតិកំពុងតាមដាន និងបានរកឃើញថា ការអនុវត្តច្បាប់ការងាររបស់ប្រទេសចិន នៅក្នុងតំបន់ភាគខាងលិចនៃខេត្តស៊ីនជាំង គឺមិនបានអនុលោមស្របតាមស្តង់ដារនៃសិទ្ធិការងាររបស់ពិភពលោកទេ ដោយពិនិត្យឃើញថា មានការរើសអើងនិងរំលោភបំពានទៅលើប្រជាជនក្នុងតំបន់នោះ។
គួរបញ្ជាក់ថា កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចប់នៃការធ្វើដំណើរទស្សនៈកិច្ចរបស់មន្រ្តីជាន់ខ្ពស់នៃការអង្គការសហប្រជាជាតិ លោកស្រី មៃខល បាច់ឆ្លេត (Michelle Bachelet) ទៅកាន់តំបន់ Xinjiang ដែលដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានរិះគន់យ៉ាងចាស់ដៃពីអង្គការសង្គមស៊ីវិល និងរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ ព្រោះតែមានការរិតត្បិតពីខាងរដ្ឋាភិបាលប៉េកាំង។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាតូនី ប្លីនគេន (Antony Blinken) បាននិយាយកាលពីខែមីនាថា ប្រទេសចិន "នៅបន្តប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ" ដោយបានប្រឆាំងនឹងជនជាតិ Uyghurs មូស្លីមភាគច្រើននៅតំបន់ Xinjiang នោះតែម្តង។
លើសពីនេះទៅទៀត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោកស្រី ហ្សេបា ក្រុឃើរ (Sheba Crocker) បានអំពាវនាវឱ្យប្រទេសចិនទទួលយកបេសកកម្មនេះ ក្នុងការស៊ើបអង្កេតអ្វីដែលលោកស្រីចោទថា អាចមានការជាប់ពាក់ព័ន្ធទៅនឹង "ការរំលោភជាប្រព័ន្ធនៃសិទ្ធិការងារ និងសិទ្ធិមនុស្សផ្សេងទៀត"។
ទោះយ៉ាងណា លោក យ៉ូ ចៃដុង (Yu Jiadong) មកពីក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមរបស់ប្រទេសចិនបានចោទប្រកាន់ថា ការរិះគន់និងចោទប្រកាន់មកលើប្រទេសចិន ដែលធ្វើឡើងក្នុងកិច្ចប្រជុំនោះ គ្រាន់តែជា "ឆាកល្ខោននយោបាយ" តែប៉ុណ្ណោះ។
ទោះបីជាបែបនេះក្តី កិច្ចប្រជុំនៃគណៈកម្មារបស់អង្គការពលកម្មអន្តរជាតិ (ILO) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នឹងធ្វើការសម្រេចចិត្តនៅសប្តាហ៍ក្រោយ អំពីសំណើឲ្យមានការស៊ើបអង្កេតលើការរំលោភបំពាននៅតំបន់ស៊ីនជាំងនេះ។
មន្ត្រីអង្គការពលកម្មអន្តរជាតិ ILO បាននិយាយថា មានពាក្យបណ្តឹងប្រហែល ៣៥ ករណីត្រូវបានគេដាក់នៅក្នុងអង្គការនេះ ប៉ុន្តែ ILO បានដឹកនាំបេសកកម្មស៊ើបអង្កេតមិនដល់ពាក់កណ្តាលនៃពាក្យបណ្ដឹងនេះផង។ ហើយក្នុងនោះដែរ មានករណីតែមួយប៉ុណ្ណោះ ត្រូវបានទទួលជោគជ័យ ហើយបានដាក់ទណ្ឌកម្មប្រឆាំងនឹងមីយ៉ាន់ម៉ាក្នុងឆ្នាំ ១៩៩៨ ទាក់ទងនឹងការរំលោភកម្លាំងពលកម្ម និងសិទ្ធិការងារជាប្រព័ន្ធ។
គួររំលឹកឡើងវិញថា ប្រទេសចិនបានក្លាយជាសមាជិកនៃអង្គការពលកម្មអន្តរជាតិ ILO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ តាំងពីឆ្នាំ ១៩១៩ មកម្លេះ ហើយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្របច្បាប់ជាច្រើនជាមួយអង្គការអន្តរជាតិមួយនេះ៕