សហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដោយអាម៉េរិកព្រមបញ្ចុះពន្ធគយលើទំនិញនាំចេញរបស់កោះតៃវ៉ាន់ មកត្រឹម១៥% ដែលជាអត្រាដូចគ្នាសម្រាប់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ហើយជាថ្នូរត្រលប់មកវិញ កោះតៃវ៉ាន់ នឹងបើកចំហទីផ្សាររបស់ខ្លួនទទួលយកទំនិញរបស់សហរដ្ឋអាម៉េរិក កាន់តែទូលំទូលាយ ដោយលុបបំបាត់ ឬកាត់បន្ថយរបាំងពន្ធរហូតដល់ទៅ៩៩%។ ទំនិញនាំចេញសំខាន់ៗរបស់អាម៉េរិកទៅកាន់កោះតៃវ៉ាន់ រួមមាន រថយន្ត សាច់គោ រ៉ែ ឧស្ម័នធម្មជាតិរាវ (LNG) ប្រេងឆៅ យន្តហោះ និងឧបករណ៍ថាមពល។
ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ កោះតៃវ៉ាន់មានគម្រោងទិញទំនិញរបស់សហរដ្ឋអាម៉េរិកក្នុងទំហំរហូតដល់ទៅជាង៨៤ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះ ក៏តម្រូវឱ្យកោះតៃវ៉ាន់ ទទួលយករថយន្តរបស់សហរដ្ឋអាម៉េរិក ដោយមិនតម្រូវឱ្យមានច្បាប់សុវត្ថិភាពបន្ថែម និងដោះស្រាយរបាំងមិនមែនពន្ធផ្សេងៗទៀតផងដែរ។
កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ បានប្ដេជ្ញាចិត្តបោះទុនវិនិយោគយ៉ាងហោចណាស់២៥០ពាន់លានដុល្លារក្នុងផលិតកម្មរបស់សហរដ្ឋអាម៉េរិក ដោយមានការគាំទ្រពីឥណទានរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណា កោះតៃវ៉ាន់ បានជំទាស់នឹងការទាមទាររបស់សហរដ្ឋអាម៉េរិក ដែលតម្រូវឱ្យខ្លួនរើខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប៤០% របស់ខ្លួនទៅកាន់សហរដ្ឋអាម៉េរិក ដោយនិយាយថា ឧស្សាហកម្មបន្ទះឈីបរបស់កោះតៃវ៉ាន់មិនអាចផ្លាស់ប្តូរទីតាំងបានឡើយ។
ជាការកត់សម្គាល់ ប្រទេសចិនបានរិះគន់កិច្ចព្រមព្រៀងនេះ ដោយអះអាងថា កិច្ចព្រមព្រៀងនេះធ្វើឱ្យសេដ្ឋកិច្ចរបស់តៃវ៉ាន់ចុះខ្សោយ ខណៈដែលសហរដ្ឋអាម៉េរិក រក្សាការគាំទ្រក្រោមច្បាប់ស្ដីពីទំនាក់ទំនងជាមួយតៃវ៉ាន់ឆ្នាំ១៩៧៩។ គួររំឭកថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបានអនុម័តលក់សព្វាវុធក្នុងទំហំច្រើនបំផុតមិនធ្លាប់មានរហូតដល់ទៅជាង១១ពាន់លានដុល្លារឱ្យទៅកោះតៃវ៉ាន់ ដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងឆេះដុំ និងផ្ទុះប្រតិកម្មយ៉ាងខ្លាំង៕
ដោយ: តែម សុខុម