ការវាយប្រហារនេះត្រូវបានបញ្ជាដោយប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 មួយក្រុមជាមួយនឹងមីស៊ីល ដែលមានភាពជាក់លាក់ បានកំណត់គោលដៅបាញ់ទៅលើទីតាំងផ្ទុកអាវុធ និងគ្រាប់រំសេវចំនួនពីរក្នុងទីក្រុង Abu Kamal ក្បែរព្រំដែនរវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
តាមការបញ្ជាក់របស់ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ការវាយប្រហារនេះគឺជាការការពារខ្លួន និងសងសឹកចំពោះការវាយប្រហារជាបន្តបន្ទាប់មកលើកងទ័ពអាម៉េរិកនៅក្នុងតំបន់។ លោកបានចោទប្រកាន់ត្រង់ៗទៅលើអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយក្រុមជីវពលទាំងនោះ។
មន្ត្រីយោធាជាន់ខ្ពស់អាម៉េរិកមួយរូបបាននិយាយថា ទីតាំងទាំងពីរដែលត្រូវបានវាយប្រហារដោយអាម៉េរិក នៅភាគខាងកើតប្រទេសស៊ីរីនោះ ត្រូវបានកាន់កាប់ពីមុនដោយសមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងក្រុមជីវពលផ្សេងទៀត។ គេមិនទាន់ដឹងច្បាស់នៅឡើយទេពីចំនួនអ្នកស្លាប់ និងរបួសក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍។
មន្ត្រីរូបនេះក៏បានហៅអ៊ីរ៉ង់ គឺជា«ចំណុចកណ្តាលនៃទំនាញផែនដី»ក្នុងការវាយប្រហារលើកងកម្លាំងអាម៉េរិក នៅក្នុងតំបន់ទាំងមូលដែរ ដោយថា មេដឹកនាំជាន់ខ្ពស់របស់ទីក្រុងតេអេរ៉ង់ និងរដ្ឋាភិបាលអ៊ីរ៉ង់ កំពុងផ្តល់មូលនិធិ អាវុធ ការបណ្តុះបណ្តាល និងដឹកនាំក្រុមសកម្មប្រយុទ្ធជាច្រើននៅទូទាំងតំបន់មជ្ឈឹមបូព៌ា ហើយពួកគេបានបង្កើនការវាយប្រហារប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាម៉េរិក ចាប់តាំងពីថ្ងៃទី១៧ ខែតុលា មកម្លេះ។
លោកចូ បៃដិន កាលពីពេលកន្លងទៅបានចេញសារព្រមានខ្លាំងៗមួយទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ថា ប្រសិនបើប្រទេសអ៊ីរ៉ង់នៅតែបន្តគាំទ្រក្រុមយោធាទាំងនោះ ដើម្បីវាយប្រហារលើកងទ័ពអាម៉េរិក នោះសហរដ្ឋអាម៉េរិកនឹងឆ្លើយតបវិញ។
លោក បៃដិន សង្កត់ធ្ងន់ថា វត្តមានរបស់ទាហានអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី គឺផ្តោតលើយុទ្ធនាការកម្ចាត់ក្រុម ISIS ដែលមិនពាក់ព័ន្ធសោះឡើយនឹងជម្លោះ ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា។ នៅព្រឹកថ្ងៃព្រហស្បតិ៍ សហរដ្ឋអាម៉េរិក បានប្រកាសដាក់ពង្រាយទាហានប្រហែល៩០០នាក់ ទៅកាន់មជ្ឈិមបូព៌ា ហើយនឹងអាចលើសពីនេះបន្ថែមទៀត។ គួរជម្រាបថា សហរដ្ឋអាម៉េរិកក៏បានពង្រាយក្រុមនាវាផ្ទុកយន្តហោះពីរក្រុមទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត និងកងម៉ារីន២ពាន់នាក់ត្រៀមជួយអ៊ីស្រាអែលកាលពីដើមនៃជម្លោះជាមួយហាម៉ាស។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍វិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហូសេន អាមែរ អាប់ឌូឡាហ៊ាន (Hossein Amir-Abdollahian) មិនត្រឹមតែមិនបានព្យាយាមកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ថែមទាំងបាននិយាយថា សហរដ្ឋអាម៉េរិក«នឹងមិនរួចខ្លួនឡើយ» ប្រសិនបើសង្រ្គាមនៅហ្គាហ្សាមិនបិទបញ្ចប់។
នៅដើមសប្តាហ៍នេះ មន្ត្រីកំពូលអ៊ីរ៉ង់រូបនេះបាននិយាយថា អ៊ីរ៉ង់បានទទួលសារចំនួនពីរពីសហរដ្ឋអាម៉េរិក តែមិនបានបញ្ជាក់បានតាមរយៈណា ឬពេលណានោះទេ។ សារទីមួយគឺសហរដ្ឋអាម៉េរិកមិនចាប់អារម្មណ៍លើការពង្រីកជម្លោះឱ្យធំក្នុងតំបន់នោះទេ ខណៈដែលសារទីពីរបានជំរុញឱ្យអ៊ីរ៉ង់ និងដៃគូរបស់ខ្លួនមានការអត់ធ្មត់។
ស្របពេលជាមួយគ្នានេះ នៅថ្ងៃសុក្រនេះអ៊ីស្រាអែល បាននិយាយថា យោធាខ្លួនបានវាយឆ្មក់ចូលទៅក្នុងតំបន់ហ្គាហ្សាហើយ និងប៉ះទង្គិចជាមួយកងកម្លាំងហាម៉ាសនៅទីតាំងមួយចំនួន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសបានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែលនៅក្នុងតំបន់យ៉ាងហោចណាស់ពីរកន្លែងក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃសុក្រ។ របាយការណ៍បាននិយាយថា រថយន្តយោធាអ៊ីស្រាអែលបានវាយឆ្មក់ចូលតំបន់កណ្តាលនៃតំបន់ហ្កាហ្សា ហើយកងទ័ពទាំងពីរកំពុងប៉ះទង្គិចគ្នាផងដែរ៕