យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីពីក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យធំៗក្នុងសហរដ្ឋអាម៉េរិករួមមានសកលវិទ្យាល័យ Southern California សកលវិទ្យាល័យ Columbia សកលវិទ្យាល័យ Stanford និងសកលវិទ្យាល័យ Northwestern បានបង្ហាញថា បណ្ដាធនាគារធំៗអាម៉េរិកអាចនឹងខាតបង់ទឹកប្រាក់ដល់ទៅ១៦០ពាន់លានដុល្លារ ខណៈវិស័យអចលនទ្រព្យប្រឈមហានិភ័យដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨ ក្រោយពួកគេរំពឹងការដំឡើងអត្រាការប្រាក់រយៈពេលវែងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មអចលទ្រព្យ និងប្រព័ន្ធធនាគាររបស់សហរដ្ឋអាម៉េរិក។
របាយការណ៍ដែលមានចំណងជើងថា «ការរឹតបន្តឹងរូបិយវត្ថុ វិបត្តិអចលនទ្រព្យ និងភាពផុយស្រួយនៃធនាគារអាម៉េរិក» ខាងលើនេះ បានប្រើប្រាស់ក្របខណ្ឌមួយដែលបានបង្កើតឡើងសម្រាប់ការពិនិត្យមើលការដំឡើងអត្រាការប្រាក់យ៉ាងគំហុករបស់ធនាគារកណ្ដាលអាម៉េរិកក្នុងឆ្នាំ២០២២ ដែលបានធ្វើឱ្យភាគហ៊ុន សញ្ញាប័ណ្ណ និងអចលនទ្រព្យ ក្នុងប្រទេសមហាអំណាចមួយនេះដាំក្បាលចុះ។
របាយការណ៍ដដែលបានបន្ថែមថា ប្រសិនបើអត្រាការប្រាក់នៅតែកើនឡើង ហើយតម្លៃអចលនទ្រព្យមិនងើបឡើងវិញទេនោះ អត្រាខកខានទូទាត់សងបំណុលអាចនឹងឈានដល់វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
ក្រុមអ្នកជំនាញក៏បានព្រមានពីបញ្ហាប្រឈមនៅក្នុងវិស័យអចលនវត្ថុអាម៉េរិកផងដែរ ខណៈឧស្សាហកម្មនេះមានបំណុលច្រើនរហូតដល់ទៅប្រមាណ១,៥ទ្រីលានដុល្លារ ដែលនឹងដល់ពេលត្រូវទូទាត់សងនៅប៉ុន្មានឆ្នាំខាងមុខ៕
ដោយ: តែម សុខុម