វិស័យអចលនទ្រព្យ

តើមានកត្តាអ្វីខ្លះជំរុញឱ្យអ្នកជំនាញរំពឹងវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៤ នឹងល្អប្រសើរជាងឆ្នាំ២០២៣?


ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៣ ពុំទាន់បង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នោះទេ ពោលគឺហាក់នៅទ្រឹងបើធៀបនឹងឆ្នាំ២០២២។ តែយ៉ាងណាអ្នកជំនួញនិងអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមថា ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៤ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣ បើទោះបីបច្ចុប្បន្នវិស័យនេះបន្តប្រឈមនឹងវិបត្តិសកលផ្សេងៗក៏ដោយ។ តើមានឱកាស និងកត្តាជំរុញអ្វីខ្លះធ្វើឱ្យអ្នកជំនាញរំពឹងទីផ្សារអចលនទ្រព្យនៅឆ្នាំក្រោយមានស្ថានភាពល្អប្រសើរជាងឆ្នាំនេះ?
វិស័យអចលនទ្រព្យ
ដោយ

ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ CPL និងជាអ្នកជំនាញចាស់វស្សាមួយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានវាយតម្លៃថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា ជារួមក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះប្រមាណ៣៥% បើធៀបនឹងឆ្នាំ២០២២ ក្រោយវិស័យនេះបន្តញាំញីដោយវិបត្តិសកលផ្សេងៗ ពិសេសការជាប់គាំងក្នុងវិស័យអចលនទ្រព្យនៅចិនតែម្តង។ តែយ៉ាងណាការធ្លាក់ចុះចរន្តទិញលក់ជួលក្នុងវិស័យអចលនទ្រព្យនេះ មិនមែនកើតមានឡើងតែក្នុងប្រទេសកម្ពុជានោះទេ ពោលគឺផ្សេងៗផ្សេងៗក្នុងតំបន់ និងលើពិភពលោកក៏ជួបបញ្ហានេះដូចគ្នា។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះរំពឹងថា វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៤ ខាងមុខនឹងមានភាពល្អប្រសើរជាតិឆ្នាំ២០២៣ ក្រោយសង្ឃឹមស្ថានការណ៍មួយចំនួនមានភាពល្អប្រសើរ។

មិនខុសគ្នានោះទេ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានសុទិដ្ឋិនិយមថា ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជានឹងមានភាពល្អប្រើសើរឡើងវិញនៅឆ្នាំក្រោយ បើទោះបីជាវិបត្តិសកលនានាដូចជាសង្គ្រាមនៅអ៊ុយក្រែន សង្គ្រាមនៅហ្កាហ្សា ភាពតឹងភូមិសាស្ត្រនយោបាយសកល និងធ្លាក់ចុះទីផ្សារអចលនទ្រព្យនៅតាមប្រទេសធំៗ នៅតែជាកត្តាប្រឈមសម្រាប់វិស័យនេះក៏ដោយ។ ការរំពឹងបែបនេះ ក្រោយអ្នកជំនាញរូបនេះសង្ឃឹមការហូរចូលអ្នកវិនិយោគបរទេសមកកាន់តំបន់អាស៊ី វានឹងជួយពាំនាំសាច់ប្រាក់ចូលមកដល់តំបន់អាស៊ាន ដែលក្នុងនោះកម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ផងដែរ។

សម្រាប់លោក សន សៀប ទីផ្សារអចលនទ្រព្យកម្ពុជាបានវិវត្តន៍ឡើងចុះទៅតាមស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោក ពោលគឺប្រសិនបើសេដ្ឋកិច្ចសកលមានភាពល្អប្រសើរ នោះវិស័យអចលនទ្រព្យរបស់កម្ពុជាក៏នឹងមានភាពល្អប្រសើរទៅតាមនឹងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៤ នឹងកើនឡើងក្នុងសភាពយឺតៗប៉ុណ្ណោះ ប៉ុន្តែវានឹងក្លាយជាឱកាសល្អសម្រាប់ផ្ដល់ប្រាក់ចំណេញដល់អ្នកវិនិយោគលើផ្នែកអចលនទ្រព្យ។

សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៥,៨%នៅឆ្នាំ២០២៤ មានកំណើនតិចតួចបើធៀបនឹងកំណើននៅឆ្នាំ២០២៣ ដែលរំពឹងទទួលបាន៥,៥% ហើយសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងដល់៦,១%នៅឆ្នាំ២០២៥៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអាម៉េរិកអាចខាតបង់១៦០ពាន់លានដុល្លារ ខណៈអចលនទ្រព្យប្រឈមការដាំក្បាលចុះខ្លាំង

ព័ត៌មាន
វិស័យអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក កំពុងប្រឈមហានិភ័យដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨ ហើយអាចធ្វើឱ្យបណ្ដាធនាគារអាម៉េរិក…

រថយន្ត JETOUR បានចូលទីផ្សារកម្ពុជាជាផ្លូវការតាមរយៈតំណាងចែកចាយផ្តាច់មុខ KNN CAMBODIA

ព័ត៌មាន
ក្រុមហ៊ុន JETOUR AUTO បានផ្តល់សិទ្ធអោយក្រុមហ៊ុន KNN CAMBODIA លើការនំាចូលនិង ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក់ JETOUR តែមួយគត់នៅក្នុងព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ