
សារព័ត៌មាន នីកេ អេស៊ា បានរាយការណ៍ថា ក្រុមហ៊ុនអាម៉េរិកជាច្រើនបានប្រកាន់យក និងរក្សាឥរិយាបទប្រកបដោយភាពប្រយ័ត្នប្រយែងបំផុតចំពោះទំនាក់ទំនងជាមួយចិន ស្របពេលប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកមួយនេះ កំពុងមានជម្លោះពាណិជ្ជកម្មជាមួយបងធំអាម៉េរិក។ ស្ថិតក្នុងស្ថានភាពនេះលោក ធីម ឃុក (Tim Cook) មេក្រុមហ៊ុន Apple ត្រូវបានគេដឹងថា ជាពាណិជ្ជករអាម៉េរិកតែមួយរូបគត់ ដែលហ៊ានអះអាងប្រាប់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មចិន លោក លី ឡិចឆេង (Li Lecheng) ថា ក្រុមហ៊ុនផលិតទូរសព្ទ iPhone នឹងបន្តវិនិយោគនៅក្នុងប្រទេសចិន ស្របពេលដែលផលិតកម្មរបស់ក្រុមហ៊ុនមួយចំនួនកំពុងរំកិលចេញចិន ទៅប្រទេសឥណ្ឌា។
ព័ត៌មាននេះត្រូវបានទម្លាយដោយប្រព័ន្ធឃោសនារបស់ទីក្រុងប៉េកាំង ដែលចេញផ្សាយថ្មីៗនេះ ប៉ុន្តែApple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ។ ពាក់ព័ន្ធនឹងបញ្ហានេះ ទីប្រឹក្សាកិច្ចការរដ្ឋាភិបាលនៅទីក្រុងសៀងហៃ ម្នាក់បាននិយាយថា ក្រុមហ៊ុនអាម៉េរិក មានការប្រុងប្រយ័ត្នណាស់ចំពោះការខឹងសម្បាររបស់សេតវិមាន ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សាររបស់ពួកគេនៅអាម៉េរិក ប៉ុន្តែជាមួយគ្នានេះ ពួកគេក៏កំពុងស្វែងរកផ្លូវ ដើម្បីបន្តជំរុញការវិនិយោគនៅក្នុងប្រទេសចិន សម្រាប់ទីផ្សារចិន ផងដែរ។ លោកបានបន្តថា ក្រុមហ៊ុនអាម៉េរិកមួយចំនួនកំពុងពិនិត្យលទ្ធភាពពង្រឹងផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសចិន ដើម្បីទីផ្សារចិន។ គួរបញ្ជាក់ថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ទីផ្សារលក់ទូរសព្ទរបស់ក្រុមហ៊ុន Apple នៅប្រទេសចិន បានកើនឡើងជិត១% ពោលគឺប្រមាណជាង១០លានគ្រឿង៕
ដោយៈ សរ សុជាតិ