អាមេរិក-រុស្ស៊ី

អ្នកគ្រប់គ្រងកំពូលនៅក្រុមហ៊ុនអាមេរិកមួយបានលក់បច្ចេកវិទ្យាទំនើបជាលក្ខណៈឯកជននៅក្នុងប្រទេសរុស្ស៊ី


ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក អិចស្ទ្រីម ណិតវើក (Extreme Networks) បាននិយាយកាលពីឆ្នាំមុនថា ខ្លួនបានផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ដើម្បីបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋអ៊ុយក្រែនដែល«រស់នៅក្រោមការវាយប្រហារ»។ ប៉ុន្តែសារព័ត៌មានរ៉យទ័របានរកឃើញថា ខណៈដែលក្រុមហ៊ុនអាមេរិកនេះកំពុងបន្ថយប្រតិបត្តិការរបស់ខ្លួននៅរុស្ស៊ីនោះ អ្នកគ្រប់គ្រងជាន់ខ្ពស់បំផុតរបស់ក្រុមហ៊ុននេះមិនបានបញ្ឈប់អាជីវកម្មនៅទីនោះទេ។
អ្នកគ្រប់គ្រងកំពូលនៅក្រុមហ៊ុនអាមេរិកមួយបានលក់បច្ចេកវិទ្យាទំនើបជាលក្ខណៈឯកជននៅក្នុងប្រទេសរុស្ស៊ី

លោក សឺហ្គេយ៍ ហ្គូសាកូវ (Sergey Gusakov) អ្នកគ្រប់គ្រងដ៏កំពូលម្នាក់របស់ក្រុមហ៊ុន អ៊ិចស្ទ្រីម ណិតវើក នៅប្រទេសរុស្ស៊ី បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយកាលពីខែមេសា ឆ្នាំ២០២២ ដើម្បីផ្គត់ផ្គង់ឧបករណ៍ព័ត៌មានវិទ្យា (IT) ឱ្យអតិថិជននៅរុស្ស៊ី។ ផលិតផលទាំងនោះផលិតដោយគូប្រជែងរបស់និយោជកគាត់។ នេះបើតាមបទសម្ភាសន៍ជាមួយមនុស្ស ២ នាក់ ដែលដឹងពីបញ្ហានេះ ព្រមទាំងយោងតាមកំណត់ត្រាសាជីវកម្មនិងពន្ធគយរុស្ស៊ី។

ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ដែលក្រុមហ៊ុន វ៉ិកធើ ធី (Vektor-T) របស់លោក ហ្គូសាកូវ បានលក់នៅប្រទេសរុស្ស៊ី ត្រូវបានរៀបចំដំឡើងនៅប្រទេសចិន និងប្រើអង្គបញ្ជានានា (Microprocessors) របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមមនុស្សដែលដឹងពីបញ្ហានេះ និងយោងតាមរូបថតដែលសារព័ត៌មានរ៉យទ័របានឃើញថ្មីៗនេះ។

ព័ត៌មានលេចធ្លាយគឺថា អង្គបញ្ជាទាំងនោះគឺផលិតដោយក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកដែលបានហាមឃាត់ការលក់ផលិតផលរបស់ពួកគេទៅឱ្យប្រទេសរុស្ស៊ី ដូចក្រុមហ៊ុន Extreme ដែរ ប៉ុន្តែផលិតផលទាំងនោះបានធ្វើដំណើរទៅរុស្ស៊ីតាមការបង្កប់ខ្លួននៅក្នុងឧបករណ៍របស់ចិនដែលជាការបង្ហាញយ៉ាងច្បាស់អំពីកម្សោយនៃទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

ការស៊ើបអង្កេតកាលពីចុងឆ្នាំមុនបានបង្ហាញរបៀបដែលបម្រាមនាំចេញដាក់ដោយស្ម័គចិត្តពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ និងការដាក់ទណ្ឌកម្មរបស់បស្ចិមលោកជាទូទៅលើរុស្ស៊ី មិនបានបញ្ឈប់កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចផ្សេងទៀត ដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនឱ្យហូរចូលទៅក្នុងប្រទេសរុស្ស៊ីតាមរយៈបណ្តាញអ្នកផ្គត់ផ្គង់ភាគីទី៣ឡើយ។ ទណ្ឌកម្មទាំងនោះត្រូវបានចាត់ បន្ទាប់ពីទីក្រុងមូស្គូបានបើកការវាយលុកពេញទំហឹងលើប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕




អត្ថបទបន្ទាប់


ហេតុអ្វីបានជាតម្លៃប្រាក់បាតថៃធ្លាក់ចុះទាប៧ខែជាប់ៗគ្នា?

ប្រាក់បាតថៃត្រូវបានគេរាយការណ៍ថា បានធ្លាក់ថ្លៃរយៈពេល៧ខែជាប់ៗគ្នា ខណៈដែលប្រាក់ដុល្លាសិង្ហបុរី និងប្រាក់រីងហ្គិតម៉ាឡេស៊ី ក៏បានធ្លាក់ថ្លៃផងដ…

ក្រុមនិស្សិតជាង១២០នាក់មកពីសាកលវិទ្យាល័យធំៗ៣ ធ្វើទស្សនកិច្ចសិក្សានៅអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស

ក្រុមនិស្សិតជាង១២០នាក់ មកពីសាកលវិទ្យាល័យធំៗចំនួន៣នៅកម្ពុជាដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ឈុន សេងហាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅអង្គភាពសារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ