អាមេរិក-ចិន

ហេតុអ្វីសមាជិកសភាអាមេរិក ស្នើឲ្យពិនិត្យកិច្ចព្រមព្រៀងក្នុងវិស័យដឹកជញ្ជូនផ្លូវដែកជាមួយក្រុមហ៊ុនចិនឡើងវិញ?


បន្ទាប់ពីការដាក់កំហិតការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ប្រទេសចិន មិនបានប៉ុន្មានថ្ងៃផង ថ្មីៗនេះ សមាជិកសភាអាមេរិក បានអំពាវនាវឱ្យមានការសើរើពិនិត្យទៅលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលធ្វើឡើងរវាងក្រុមហ៊ុនចិន និងអាមេរិកឡើងវិញ ដើម្បីបញ្ចៀសការគំរាមកំហែងផ្សេងៗមកលើសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
សភាអាមេរិក ស្នើឱ្យពិនិត្យកិច្ចព្រមព្រៀងក្នុងវិស័យដឹកជញ្ជូនផ្លូវដែកជាមួយក្រុមហ៊ុនចិនឡើងវិញ

សមាជិក​សភាអាមេរិក លោក Peter DeFazio ដែល​ជាប្រធាន​​គណៈកម្មាធិការ​ ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ កាលពីខែមុន​ បាន​ជំរុញ​ឱ្យមានការពង្រីក​ការពិនិត្យ​លើ​ការ​ទិញក្បាល​ទូររថភ្លើង​ពី​ក្រុមហ៊ុនចិន។

តាមរយៈសំណេរ​ក្នុងសំបុត្រមួយរបស់​សមាជិកសភា​​មកពីគណបក្ស​ប្រជាធិបតេយ្យ​រូបនេះ ដែល​បាន​បញ្ជូនទៅ​ប្រធាន​​រដ្ឋបាលដឹកជញ្ជូន​សហព័ន្ធ បង្ហាញ​ឱ្យដឹងថា មានមួយ​ក្នុង​ចំណោម​ការ​គំរាម​កំហែង​ដ៏ធំបំផុត​មកលើ​វិស័យ​ផលិត​គ្រឿងដឹកជញ្ជូន​របស់​អាមេរិក គឺ​ជាការ​កើនឡើង​នូវការវិនិយោគរវាងក្រុមហ៊ុនអាមេរិក ជាមួយនឹង​ក្រុមហ៊ុន-សហគ្រាស​រដ្ឋ​របស់​ប្រទេសចិន។

ទន្ទឹមនឹង​នេះ លោក DeFazio បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ចំពោះ​កិច្ចព្រមព្រៀង​​​ដែល​ធ្វើឡើង​រវាង​​ប្រតិបត្តិករ​ផ្លូវដែក​អាមេរិក ជាមួយ​ក្រុមហ៊ុនចិន China Railway Rolling Stock Corp (CRRC) ដើម្បីកំណត់​ថា តើកិច្ចព្រមព្រៀង​នេះ​ប៉ះពាល់​ដល់​ការផលិតរបស់​ក្រុមហ៊ុន​អាមេរិក​ឬអត់ ខណៈ​ដែល​ក្រុមហ៊ុនចិនមួយនេះ បានឈ្នះកុងត្រា​ជាច្រើន​នៅលើ​ទឹកដីអាមេរិក។

ស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ សមាជិកសភា​អាមេរិក២រូប គឺ​លោក Mike Gallagher និង​លោក John Graramendi ក៏បាន​អំពាវនាវ​ឱ្យ​ក្រសួងហិរញ្ញវត្ថុ​​អាមេរិក ដាក់បញ្ចូលក្រុមហ៊ុនចិន CRRC នេះ ក្នុងបញ្ជី​នៃការគំរាម​កំហែង​មកលើសេដ្ឋកិច្ច និង​សន្តិសុខជាតិ​អាមេរិក​ផងដែរ ដោយ​ចោទប្រកាន់ថា ក្រុមហ៊ុននេះ មានទំនាក់ទំនង​ជាមួយនឹង​យោធាចិន។ តំណាង​រាស្រ្ត​ទាំងពីររូប អះអាងថា ក្រុមហ៊ុនចិន CRRC បាន​គ្រប់​គ្រង​ផ្លូវដែក​សាកល​​ជាង ៨៣% ទៅហើយ។ ក្នុងនោះពួកគេលើកឡើង​​ពីការ​ទន្ទ្រានរបស់​ក្រុមហ៊ុនចិននេះ ​​ចូលទីផ្សារអូស្ត្រាលីកាលពី ១០ឆ្នាំមុន ដែល​ធ្វើឱ្យក្រុមហ៊ុន​​ក្នុងស្រុក​​នៃប្រទេសអូស្ត្រាលី​ ត្រូវក្ស័យធន​ទាំងអស់។

ក្រៅពីនេះ ក្រុម​សមាជិកសភាអាមេរិក ក៏មាន​ការបារម្ភ​​ដែរ​​​ចំពោះ​ក្រុមហ៊ុន​​រដ្ឋចិន​ដែល​បានទទួល​បាន​ដីកាន់តែច្រើន ក្នុងនោះ​ក៏មាន​ដីកសិដ្ឋាន​មួយកន្លែង​នៅជិត​មូលដ្ឋាន​កងទ័ពអាកាស​អាមេរិក​ក្នុងរដ្ឋ North Dakota ទៀតផង ដោយ​ពួកគេ​បានជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីងតោន ត្រូវស៊ើបអង្កេត​ប្រតិបត្តិការបែបនេះ ដែលបានធ្វើឡើង​​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ។

គួរ​រំលឹក​ថា កាលពីឆ្នាំ​២០១៨​ ក្នុងរដ្ឋបាល​លោក ដូណាល់ ត្រាំ គឺលោក​បាន​ចុះ​ហត្ថលេខា​លើក្រឹត្យ​មួយ​ដែល​ផ្តល់អំណាច​កាន់តែធំ​​ដល់​គណៈកម្មាធិការ​វិនិយោគបរទេស ដើម្បី​រឹតត្បិត​នូវ​ការផ្តល់​ទីតាំងដី​​ជិត​មូលដ្ឋាន​យោធា និង​ទីតាំង​​សំខាន់ៗផ្សេងៗទៀត។ ប៉ុន្តែការចេញក្រឹត្យ​នេះ ត្រូវបានជំទាស់ពីក្រុមគណបក្ស​ប្រជាធិបតេយ្យ ហើយ​ត្រូវបាន​ដកចេញវិញ​​ក្រោម​រដ្ឋបាល​លោក ចូ បៃឌិន។

ទោះយ៉ាងណា រដ្ឋបាល​លោក ចូ បៃឌិន ទើបតែ​បានចេញវិធានការ​គ្រប់គ្រង​​ការនាំចេញ ក្នុងនោះ​គឺផ្តោតលើការដាក់​កំហិតការនាំចេញ​គ្រឿងបរិក្ខារអាមេរិក​ទៅឱ្យក្រុមហ៊ុន​ផលិតឈីប​របស់ចិន ដើម្បីបង្អាក់ និងពន្យឺត​ដំណើរអភិវឌ្ឍ​បច្ចេកវិទ្យា​​របស់​មហាយក្ស​សេដ្ឋកិច្ចទី២​​ក្នុងពិភពលោក​មួយនេះ និងមិនឱ្យ​បច្ចេកវិទ្យា​ទំនើប​ទាំងនោះ​ធ្លាក់ចូលក្នុងដៃ​យោធាចិនបានឡើយ។ ក្នុងវិធានការ​នេះដែរ ក៏បានហាមឃាត់ពលរដ្ឋ និងក្រុមហ៊ុនអាមេរិក មិនឱ្យធ្វើការ​ជាមួយ​​ក្រុមហ៊ុន​​ឈីបចិនដាច់ខាត លុះត្រាតែមាន​ការយល់ព្រម​ជាក់លាក់​ណាមួយ​ពីរដ្ឋាភិបាល៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


វិនិយោគិនថ្មីជាង២ពាន់នាក់បានស្នើសុំបើកគណនីជួញដូរផ្សារភាគហ៊ុន ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ!

ព័ត៌មាន
ក្នុងរយៈពេល៣ថ្ងៃ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» បានទាក់ទាញវិនិយោគិនថ្មី ជាង២ពាន់នាក់ បានដាក់ពាក្យស្នើសុំដើម្បីបើកគណ…

ទស្សនរបស់ក្រុមអ្នកជំនាញជុំវិញការវិវត្តនៃផលិតភាពការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣

ព័ត៌មាន
ជុំវិញការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ត្រូវបានក្រុមអ្នកជំនាញយល់ឃើញថា បរិមាណនេះហាក់នៅមានកម្រិតនៅឡើយ ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ